Banner KNP Detail Top

សម្រេចឃុំខ្លួនជនសង្ស័យ ២នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

សម្រេចឃុំខ្លួនជនសង្ស័យ ២នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធគ្រឿងញៀនជិត១តោន

ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទ ជាជនជាតិវៀតណាម២នាក់ ជាបណ្តោះអាសន្ននៅពន្ធនាគារ រាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ ជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ មាត្រា៤៥ និង មាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទ សម្អាតប្រាក់ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទា ទោសតាមបញ្ញត្តិ មាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។


សូមបញ្ចាក់ថានៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រោយពីទទួលបានកិច្ចសហការពីសមត្ថកិច្ចវៀតណាម អំពីការលួចលាក់ធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ឆ្លងកាត់កម្ពុជាទៅប្រទេសវៀតណាម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៦៖៤០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅ គោលដៅទី១៖ ចំណុចខុនដូរហ្សង់អេលីហ្សេ បន្ទប់លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងគោលដៅទី២៖ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួន ជនល្មើស២នាក់៖ ឈ្មោះ NGUYEN HOAN DINH ភេទប្រុស ជនជាតិវៀតណាម អាយុ៤៥ឆ្នាំ និងឈ្មោះ DUONG TIEN ភេទប្រុស ជនជាតិវៀតណាម អាយុ១៧ឆ្នាំ។ គ្រឿងញៀនដែលចាប់យកបានរួមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩៤ ៨១២ ក្រាម (ជិត៦០០គីឡូក្រាម), អ៉ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៨ ៩១៩.០១ ក្រាម (ជិត៥០គីឡូក្រាម), កេតាមីន (KETAMINE) ទម្ងន់ ៧ ៩៩០.០៤ក្រាម (ជិត៨គីឡូក្រាម), កញ្ជា (MARIJUANA) ទម្ងន់ ១៧,០០០ ក្រាម (១៧គីឡូក្រាម), សារធាតុមិនច្បាស់ទម្ងន់ ៨៧៦ក្រាម។
ជនត្រូវចោទទាំងពីរនាក់នេះត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារហើយ៕

អត្ថបទដែលជាប់ទាក់ទង