Banner KNP Detail Top

មន្ត្រីយោធាម្នាក់ បានដាក់ពាក្យប្ដឹងម្ចាស់ចម្ការមួយកន្លែង ចោទប្រកាន់ថា

មន្ត្រីយោធាម្នាក់ បានដាក់ពាក្យប្ដឹងម្ចាស់ចម្ការមួយកន្លែង ចោទប្រកាន់ថា ម្ចាស់ចម្ការនោះ ដាក់ថ្នាំបំពុលសម្លាប់គោរបស់គាត់ អស់ចំនួន១២ក្បាល

ខេត្តស្ទឹងត្រែង ៖ កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៤ មន្ត្រីយោធាម្នាក់ បានដាក់ពាក្យប្ដឹងម្ចាស់ចម្ការមួយកន្លែង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរស្វាយដោយចោទប្រកាន់ថា ម្ចាស់ចម្ការនោះដាក់ថ្នាំបំពុលសម្លាប់គោរបស់គាត់អស់ចំនួន១២ក្បាល ស្ថិតនៅភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ។
មន្ត្រីយោធារូបនោះ មានឈ្មោះ សុវណ្ណ សីហា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ។
របាយការណ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរស្វាយ រាយការណ៍ជូនទៅអធិការស្រុក មានខ្លឹមសារដូចខាងក្រោម ៖
កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៥ ឈ្មោះ ឃិន ផុន ដែលជាឪពុកឈ្មោះ សុវណ្ណ សីហា បានប្រលែងគោ ជារៀងរាល់ម៉ោង ១២ដល់ម៉ោង១៦និង៣០នាទី តែនាថ្ងៃខែឆ្នាំដដែល គាត់រកគោមិនឃើញ ក៏ត្រឡប់មកផ្ទះវិញ លុះដល់ថ្ងៃទី១៦ វេលាម៉ោង១៣ និង១០ នាទីរសៀល ឈ្មោះ ឃិន ផុន ដើររកម្ដងទៀត ក៏បានឃើញសត្វគោងាប់នៅចំណុចចម្ការ ឈ្មោះ រិទ្ធ ចំនួន១២ក្បាល ហើយក៏មានចានដែកដាក់ទឹកមួយ នៅនឹងកន្លែងកើតហេតុ។ សត្វគោដែលងាប់ទាំង១២ក្បាលនោះ គឺម្ចាស់យកបានតែ៤ភ្លៅទេ ក្រៅពីនោះ ចោលទាំងអស់ នៅនឹងដីកើតហេតុ ។
លោក ស៊ុត រិទ្ធ អាយុ៤២ឆ្នាំ ជាម្ចាស់ចម្ការ បានរៀបរាប់ថា ចម្ការរបស់លោក ពុំមានដាក់របងលួស ត្រឹមត្រូវនោះទេ គ្រាន់តែដាក់បង្គោលចោះៗ ។ គាត់បន្តថា កន្លងមក មានសត្វពពែ និងហ្វូងសត្វគោ ចូលចំការរបស់គាត់ ហើយដោយសារស្គាល់ម្ចាស់ ក៏បានប្រាប់ទៅម្ចាស់សត្វពពែ ក្រោយមកក៏ពុំឃើញមានសត្វពពែ ចូលមកទៀតដែរ។ ចំណែកហ្វូងសត្វគោ ទាំងនោះ គាត់ពុំបានស្គាល់ម្ចាស់ជានរណាឡើយ ហើយសត្វគោទាំងនោះ ធ្លាប់ចូលចម្ការរបស់គាត់ពីរបីលើក រួចមកហើយដែរ ហើយក៏ធ្លាប់ដេញចេញពីចម្ការផងដែរ តែនៅរសៀលថ្ងៃកើតហេតុ លោកបានលាយមេទឹកថ្នាំ ដូចសព្វដង ដើម្បីបាញ់ស្រោច ទៅលើកូនកៅស៊ូ និងដំណាំដំឡូង ហើយទឹកថ្នាំនោះលោកពុំ ដែលប្រើអស់នោះឡើយ ព្រោះដោយសារ ពេលត្រូវការបាញ់ថ្នាំ លោកគ្រាន់តែលាយទឹកបន្ថែម រួចយកទៅប្រើប្រាស់បន្តតែម្ដង។
ពាក់ព័ន្ធរឿងសត្វគោ ដែលចូលទៅក្នុងចម្ការ ហើយពុលទឹកថ្នាំស្លាប់នោះ លោកក៏ពុំបាននៅកន្លែងកើតហេតុនោះដែរ ប្រសិនជាឃើញសត្វគោទាំងនោះ ក៏លោកដេញចេញពីចម្ការរបស់លោកដែរ។
លោកបន្ថែមថា លោកមិនមានចេតនាណាមួយ ដើម្បីចង់ឱ្យសត្វគោទាំងនោះ ស្លាប់នោះទេ ហើយលោកទទួលស្គាល់ថា លោកពុំបានរាយការណ៍ជូនទៅប៉ុស្តិ៍ ឬអាជ្ញាធរនៅគ្រា ដែលមានសត្វគោចូលក្នុងចម្ការរបស់លោកដែរ។ ចំណែកម្ចាស់គោទៀត ក៏លោកពុំដែលស្គាល់ថា ជានរណាឡើយ ទើបតែស្គាល់នៅពេល ដែលប្រទះឃើញសត្វគោស្លាប់ នៅក្នុងដីចម្ការរបស់ខ្លួន តែប៉ុណ្ណោះ ។


ទាក់ទិន ករណីនេះ លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានឲ្យដឹងថា ករណីខាងលើលោកបានឲ្យមន្ត្រីជំនាញស្រាវជ្រាវហើយ ។
ករណីនេះ ភាគីទាំងពីរ គឺមានកំហុសទាំងសងខាង ទី១ ម្ចាស់សត្វចិញ្ចឹម គួរតែមានក្រោលត្រឹមត្រូវ ចៀសវាងប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃ ។ ទី២ ម្ចាស់ចម្ការ គួរណាពេលឃើញមានសត្វគោ ចូលដីចម្ការរបស់ខ្លួនគួរចាប់រក្សាទុក រាយការណ៍ជូនទៅប៉ុស្តិ៍ ឬអាជ្ញាធរ ឬទៅម្ចាស់សត្វគោនោះផងដែរ ។
ពាក់ព័ន្ធករណីនេះដែរ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរស្វាយ នាថ្ងៃទី១៧ ខែមេសានេះ បានចេញលិខិតអញ្ជើញឲ្យឈ្មោះ រិទ្ធ មកស្ដាប់ចម្លើយពីករណីគោស្លាប់១២ក្បាល កាលពីថ្ងៃទី១៦ ខែមេសា នៅចំណុចក្រោយផ្ទះរបស់ខ្លួន ។
បច្ចុប្បន្នគេនៅមិនទាន់ដឹងថា មន្ត្រីមានសមត្ថកិច្ច ស៊ើបអង្កេតវិនិច្ឆ័យ ក្នុងករណីនោះ ជាយ៉ាងណានោះឡើយ ខណៈម្ចាស់គោ ដែលជាមន្ត្រីយោធា ចិញ្ចឹមសត្វព្រលែងពាសវាលពាសកាលគ្មានសណ្ដាប់ធ្នាប់ ហើយចូលទៅដល់ក្នុងដីចម្ការរបស់គេ ពុលស្លាប់ដោយខ្លួនឯងហើយ ដាក់ពាក្យបណ្ដឹង ប្ដឹងទៅម្ចាស់ចម្ការគេថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង