Banner KNP Detail Top

បុរសម្នាក់ ចេញវីដេអូសុំទោសជាសាធារណៈ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ និងជេរប្រមាថសមត្ថកិច្ច

បុរសម្នាក់ ចេញវីដេអូសុំទោសជាសាធារណៈ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ និងជេរប្រមាថសមត្ថកិច្ច


(កំពង់ឆ្នាំង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានបង្កឡើងរវាងរថយន្ត និងម៉ូតូកង់៣ កាលពីវេលាម៉ោង ១៦៖៣០នាទីរសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅលើកំណត់ផ្លូវជាតិលេខ០៥ ចំណុចផ្លូវបំបែកជា៣ ចន្លោះគីឡូម៉ែត្រលេខ៦៥-៦៦ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីរថយន្តម៉ាក (ហ៉ីយ៉ាន់ដាយ) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3G-1726 បើកបរដោយឈ្មោះ ហ៊ន មករា អាយុ២៩ឆ្នាំ មានទីលំនៅក្នុងឃុំសែប ស្រុកកំពង់ត្រឡាច។ ចំណែកភាគីខាងជនរងគ្រោះឈ្មោះ សាន ហៀង ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិចេកចៅ ឃុំកំពង់ពោធិ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រងរបួសជង្គង់ខាងឆ្វេងធ្ងន់ បច្ចុប្បន្នសម្រាកនៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចធ្វើការវាស់វែងតាមបច្ចេកទេសនៅកន្លែងកើតហេតុរួចមក សមត្ថកិច្ចរកឃើញថា ភាគីរថយន្តជាអ្នកបង្កហេតុ ក្នុងនោះសមត្ថកិច្ចរកឃើញកំហុសមាន៣ចំណុចរបស់ភាគីខាងរថយន្ត រួមមាន៖
*ទី១៖ មិនគោរពផ្លាកសញ្ញា
*ទី២៖ មិនគោរពអាទិភាពផ្លូវត្រង់
*ទី៣៖ អ្នកបើកបរមិនមានបណ្ណបើកបរ។
បន្ទាប់ពីសមត្ថកិច្ចរកឃើញកំហុសដូចនេះ សមត្ថកិច្ចក៏បានសម្រេចឃាត់រថយន្ត និងអ្នកបើកបរដើម្បីឱ្យធ្វើការដោះស្រាយគ្នាជាមួយជនរងគ្រោះ ខណៈនោះតៃកុងរថយន្តក៏បានទទួលកំហុសដោយយល់ព្រមសងសំណង ទៅជនរងគ្រោះ តែគេសុំទូរស័ព្ទទំនាក់ទំនងជាមួយនឹងម្វាស់រថយន្តសិន ព្រោះរូបគេគ្រាន់តែជាអ្នកបើកបររថយន្តឱ្យគេតែប៉ុណ្ណោះ។
សមត្ថកិច្ចបានបន្តថា នៅពេលដែលតៃកុងរថយន្តទូរស័ព្ទទៅម្ចាស់រថយន្តពេលនោះ ម្ចាស់រថយន្តបានសុំជួបនិយាយជាមួយសមត្ថកិច្ចតាមទូរស័ព្ទ។ នៅពេលម្ចាស់រថយន្តបានជួបនិយាយជាមួយសមត្ថកិច្ចហើយ រូបគេមិនត្រឹមតែពុំបានទទួលកំហុសចំពោះរថយន្តរបស់ខ្លួន ដែលបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃខាងលើនេះប៉ុណ្ណោះទេ គេថែមទាំងបានស្ដីបន្ទោសប្រមាថមើលងាយ និងដៀលថ្មេសមកដល់មន្ត្រីសមត្ថកិច្ច នូវពាក្យអសុរោះជាច្រើនតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ ដែលសមត្ថកិច្ចមិនអាចទទួលយកបានចំពោះពាក្យ សំដីដ៏អសីលធម៌របស់បុគ្គលដែលជាម្ចាស់រថយន្តខាង លើនេះ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីរងការជេរប្រមាថមើលងាយដៀលថ្មេះពីសំណាក់បុគ្គលជាម្ចាស់រថយន្តបង្ក ហេតុខាងលើនេះមកលើសមត្ថកិច្ចរួចមក, លោក លី ណានាយការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក៏បានសុំការសម្របសម្រួលពីលោកស្នងការ និងតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីនាំយកតៃកុងរថយន្ត និងរថយន្តមក កាន់ការិយាល័យប៉ូលីស ចរាចរណ៍ជើងគោកខេត្ត ដើម្បីកោះហៅម្ចាស់រថយន្តខាងលើដែលមានឈ្មោះ ប៉ាង គឹមចាន់ អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មកធ្វើការសួរនាំពាក់ព័ន្ធ ការដែលបុគ្គលនេះបានប្រមាថមើលងាយមកលើសមត្ថកិច្ច និងពន្យល់អំពីច្បាប់ចរាចរណ៍ដល់បុគ្គលជាម្ចាស់រថយន្តដែលបានបង្កគ្រោះថ្នាក់ចរាចរ ណ៍ដល់ម៉ូតូកង់៣ ខាងលើនេះ។
បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរម្ចាស់រថយន្តពាក់ព័ន្ធនឹងការជេរប្រមាថមកលើសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងពន្យល់អំពីផ្លូវច្បាប់ផ្នែកចរាចរណ៍ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តរបស់រូបគេ គឺជាភាគីបង្ករួចមក ម្ចាស់រថយន្តខាងលើនេះ ក៏បានយល់ព្រមទទួលកំហុសគ្រប់បែបយ៉ាងដែលខ្លួនបានដៀលប្រមាថមកលើសមត្ថកិច្ចទាំងដែលរូបគេ ពុំបាននៅនឹងកន្លែងហេតុការណ៍នោះផ្ទាល់ និងបានធ្វើកិច្ចសន្យាសុំទោស ជាសាធារណៈដោយបញ្ឈប់ការប្រមាថមើលងាយមកលើសមត្ថកិច្ចជាបន្តទៀត និងសុំទោសនូវរាល់កំហុសឆ្គងគ្រប់បែបយ៉ាង និងបានយល់ព្រមសងសំណងទៅជនរងគ្រោះដើម្បីបញ្ចប់រឿង កាលពីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះផងដែរ។
ជាចុងក្រោយសមត្ថកិច្ចក៏បានធ្វើការពន្យល់ទៅម្ចាស់រថយន្ត និងក្រុមគ្រួសារ ក៏ដូចជាពលរដ្ឋដែលយល់ច្រឡំមកលើសមត្ថកិច្ចថា សមត្ថកិច្ចមានការលំអៀងក្នុងការវាស់វែង ចំពោះករណីកើតហេតុចរាចរណ៍ នៅលើផ្លូវសាធារណៈនានា ឬក៏ការធ្វើការផាកពិន័យផ្សេងៗចំពោះបទល្មើសចរាចរណ៍នានា នៅតាមគោលដៅកន្លងមក ព្រោះសមត្ថកិច្ចបានខិតខំប្រឹងប្រែងធ្វើការងារការពារ និងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃដោយយកអស់ ពីកម្លាំងកាយចិត្ត មិនមានគំនិតទុច្ចរិតបង្កើតភស្តុតាងពីស ឱ្យទៅជាខ្មៅ ឬខ្មៅ ឱ្យទៅជាស ឬបង្កើតកំហុសណាមួយដល់ប្រជាពលរដ្ឋនោះឡើយ គឺសមត្ថកិច្ចបានខិតខំបម្រើពលរដ្ឋដោយឈរលើភាពយុត្តិធម៌ និងសច្ចភាពជានិច្ចឥតប្រកាន់បក្សពួកអ្វីនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង