Banner KNP Detail Top

ជនសង្ស័យជាប្ដី និងអ្នករួមគំនិតម្នាក់ទៀត សម្លាប់ប្រពន្ធ រួចយកទៅញាត់ចូលក្នុងលូ យ៉ាងព្រៃផ្សៃ

ជនសង្ស័យជាប្ដី និងអ្នករួមគំនិតម្នាក់ទៀត សម្លាប់ប្រពន្ធ រួចយកទៅញាត់ចូលក្នុងលូ យ៉ាងព្រៃផ្សៃ

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យជាប្ដី និងអ្នករួមគំនិតម្នាក់ទៀតដែលបានសម្លាប់ប្រពន្ធ រួចយកទៅញាត់ចូលក្នុងលូយ៉ាងព្រៃផ្សៃ ត្រូវបានមន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីធ្វើសកម្មភាពវាយសម្លាប់ប្រពន្ធកាលពីយប់ថ្ងៃទី២២ ខែមីនា នៅភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ។
ករណីឃាតកម្ម ដែលបានសម្លាប់ប្រពន្ធកាលពីយប់ថ្ងៃទី២២ មីនា នៅព្រឹកថ្ងៃទី២៣ មីនា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោមការចង្អុលបង្ហាញពីលោកស្នងការ និងដឹកនាំដោយរូបលោកផ្ទាល់បានសហការជាមួយមន្ត្រីនគរបាលមូលដ្ឋានបានចាប់ឃាត់បុរសជាប្ដី និងអ្នករួមគំនិតម្នាក់ទៀត ។
ជនដៃដល់ដែលត្រូវជាប្តីមានឈ្មោះ វ៉ាន់ ភារៈ អាយុ៣៧ឆ្នាំ មានមុខរបរជាកម្មករសំណង់ និងមានទីលំនៅភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ។ ចំណែកអ្នករួមគំនិតម្នាក់ទៀត ឈ្មោះគឹម ខឿន អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ។
ដោយឡែក ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ មិត្ត ភា អាយុ៤៥ ឆ្នាំមានទីលំនៅខេត្តព្រៃវែង មានមុខរបរ ជាកម្មករោងចក្រ និងបានមករស់ជាមួយប្ដីភូមិ-ឃុំកន្លែងកើតហេតុ ។
នៅមុនពេលកើតហេតុ បុរសជាប្ដីនិងឈ្មោះគឹម ខឿន បានផឹកស៊ីនៅផ្ទះ ។ ពេលនោះ ប្រពន្ធបានលេងទូរស័ព្ទ និងឆាតចុះឆាតឡើង ធ្វើឱ្យបុរសជាប្ដីកើតភ្លើងប្រចណ្ឌខឹង ហើយក៏ទាញទូរសព្ទរបស់ប្រពន្ធបោកចោល ។ ប្រពន្ធក៏បាននិយាយថា ហេតុអីបានយកទូរស័ព្ទខ្ញុំបោក បើផឹកស៊ីក៏ផឹកស៊ីទៅ ។ ភ្លាមនោះ ប្តីបានចាប់ប្រពន្ធបោចសក់វាយ២ដៃចំមុខ និងកញ្ចឹង.ក ។ បន្ទាប់មក ក៏បានចាប់មួលបំបាក់.ក ប្រពន្ធសម្លាប់តែម្ដង ។
ប្តីធ្វើសកម្មភាពសម្លាប់ប្រពន្ធ បុរសឈ្មោះ គឹម ខឿន មិនបានរួមដៃជាមួយទេ ។ ប៉ុន្តែក្រោយពេលប្រពន្ធស្លាប់ បុរសជាប្ដីបានដឹកសពប្រពន្ឋតាមម៉ូតូ ដោយមានឈ្មោះ គឹម ខឿន ជាអ្នកជួយទប់សពពីក្រោយ ហើយបានយកទៅញាត់ចូលក្នុងលូ ដែលមានចម្ងាយ ប្រមាណកន្លះគីឡូម៉ែតពីផ្ទះកើតហេតុ ។
ជនដៃដល់ជាប្ដីបានសារភាពនូវកំហុស ដែលបានប្រព្រឹត្ត និងជនសង្ស័យឈ្មោះ គឹម ខឿន ក៏បានសារភាពថា ខ្លួនពិតជាបានជួយទប់សពជនរងគ្រោះ យកទៅទម្លាក់ចោលក្នុងលូពិតមែន ។ បានតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលបន្ថែមថា នៅក្នុងលូកន្លែងទម្លាក់សព ពុំមានទឹកទេប្រសិនបើមានទឹកជ្រៅ ក៏ពិបាកនឹងរកសពឃើញភ្លាមៗដែរ៕

អត្ថបទដែលជាប់ទាក់ទង