Banner KNP Detail Top

សង្វៀនបញ្ជាល់មាន់ដុះស្លែបង្កប់ ក្នុងកាស៊ីណូ សុខ គីមម៉េង

សង្វៀនបញ្ជាល់មាន់ដុះស្លែបង្កប់ ក្នុងកាស៊ីណូ សុខ គីមម៉េង បើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពេញបន្ទុក ?

កំពត ៖ ប្រភពពីប្រជាពលរដ្ឋនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្ននេះម្ចាស់កាស៊ីណូសុខ គីមម៉េង នៅច្រកតន់ហន់ បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ និងល្បែងផ្សេងៗទៀតយ៉ាងពេញបន្ទុក ដោយគ្មានញញើតអ្វីទាំងអស់ ព្រោះគេអាងមានខ្នងបង្អែករឹងមាំ។
មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចនគរបាលឃុំព្រែកក្រឹស ក៏ដូចជាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចនគរបាលឃុំព្រែកក្រឹស ក៏ដូចជាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចនគរបាល ស្រុកកំពង់ត្រាច មិនហ៊ានប៉ះពាល់បុគ្គលឈ្មោះ សុខ ចាយ ដែលបើកល្បែងបញ្ជល់មាន់ បៀ អាប៉ោង យូគី នៅក្នុងកាស៊ីណូ សុខ គីមម៉េង នោះទេ។
សូម្បីតែលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត មិនគូរបណ្ដែតបណ្ដោយឲ្យម្ចាស់កាស៊ីណូ សុខ គីមម៉េង នៅច្រកតន់ហន់ធ្វើអ្វីៗតាមអំពើចិត្តដែរ។
បេីតាមការអះអាងពីអ្នកធ្លាប់ចូលទៅដល់សង្វៀនបញ្ជល់មាន់ និងវង់បៀ អាប៉ោង យូគី ក្នុងកាស៊ីណូ សុខ គីមម៉េង បានឲ្យដឹងថា អ្នកចូលលេងល្បែងក្នុងកាស៊ីណូ នេះសុទ្ធតែជាពលរដ្ឋខ្មែរ គឺគ្មានជនបរទេសនោះទេ ដោយក្នុងមួយថ្ងៃៗមេល្បែងស៊ីសងឈ្មោះ សុខ ចាយ ប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។
ជាក់ស្តែងពលរដ្ឋខ្មែរមកពីគ្រប់ទិសទី សម្រុកចូលលេងល្បែងក្នុងកាស៊ីណូ សុខ គីមម៉េង យ៉ាងគគ្រឹកគគ្រេង ហើយមានអ្នកចាញ់ឈានទៅដល់ប្រចាំទ្រព្យសម្បត្តិ ផ្សេងៗទៀតផង ចំឡែកអ្នកឈ្នះស្រែកទ្រហឹងអឹងកងមិនខ្វល់ពីអ្វីទាំងអស់។
ប្រភពខ្លះបានបង្ហើបឲ្យដឹងថា មានមន្ត្រីធំៗនិងសមត្ថកិច្ចក្នុងខេត្តកំពត ទទួលផលប្រយោជន៍ពីម្ចាស់កាស៊ីណូ សុខ គីមម៉េង ទើបអ្វីៗអាចប្រព្រឹត្តទៅយ៉ាងរលូន។


ប្រជាពលរដ្ឋបានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ភាពមិនប្រក្រតីក្នុងកាស៊ីណូ សុខ គីមម៉េង ជាបន្ទាន់ ដើម្បីកុំឲ្យម្ចាស់កាស៊ីណូនេះ បំពានច្បាប់តាមអំពើចិត្តទៀត។
ប្រជាពលរដ្ឋ ក្នុងភូមិព្រែកក្រឹស ស្រុកកំពង់ត្រាច សំណូមពរដល់ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ចាត់មន្ត្រីក្រោមឱវាទចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដើម្បីពង្រឹងសន្តិសុខសង្គម ឲ្យស្របតាមនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង7ចំណចំណុចជូនពលរដ្ឋក្នុងមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង