បុរសម្នាក់ ត្រូវបានម៉ូតូមួយគ្រឿង បុកបណ្ដាលអោយស្លាប់ រួចក៏សែងសពទៅម្ខាង បន្ទាប់មកក៏ជិះម៉ូតូរត់គេចខ្លួនបាត់
បុរសម្នាក់ ត្រូវបានម៉ូតូមួយគ្រឿង បុកបណ្ដាលអោយស្លាប់ រួចក៏សែងសពទៅម្ខាង បន្ទាប់មកក៏ជិះម៉ូតូរត់គេចខ្លួនបាត់
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ កែងផ្លូវលេខ៣១៧ ត្រង់ចំណុចស្តុបឥន្ទ្រទេវី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បុរសម្នាក់ត្រូវបានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបុកបណ្ដាលអោយស្លាប់ រួចក៏សែងសពទៅម្ខាង បន្ទាប់មកក៏ជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។
មុនពេលកើតហេតុមានបុរសម្នាក់ដើរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង លុះដើរទៅដល់ចំណុចភ្លើងស្តុបក៏បានដើរឆ្លងផ្លូវស្រាប់តែមានម៉ូតូ១គ្រឿងមិនស្គាល់ម៉ាកបើកបរតាមបណ្តោយផ្លូវលេខ៣១៧ ក្នុងទិសដៅពីកើតមកលិច ជ្រុលមកបុកបុរសថ្មើរជើងម្នាក់នោះទាំងកំរោល បណ្តាលឱ្យបុរសរងគ្រោះខាងលើសន្លប់ទាំងសភាពបែកក្បាល រួចក៏បានសែងសពទៅដាក់នៅមុខយានដ្ឋានមួយកន្លែង បន្ទាប់មកក៏ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលទៅ។ បន្ទាប់ពីបុកហើយជិះម៉ូតូរត់រួចមក មានប្រជាពលរដ្ឋនាំគ្នាទៅមើលបុរសរងគ្រោះ ទើបដឹងថាបែកក្បាលស្លាប់ ក៏បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកកាន់ទីតាំងកើតហេតុភ្លាមៗ ព្រមទាំងបានធ្វើការព័ទ្ធខ្សែប្រតិបត្តិការណ៍ ដើម្បីធ្វើកោសល្យវិច័យលើសពជនរងគ្រោះផងដែរ។
សមត្ថកិច្ចជំនាញ បានធ្វើការទាក់ទងរកក្រុមគ្រួសារសព ដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ព្រមទាំងធ្វើការស្រាវជ្រាវដើម្បីស្វែងរកម៉ូតូនិងជនបង្កនោះមកអនុវត្តតាមនីតិវិធីច្បាប់ ៕