ស្អែកនេះ! ចេញដីកាបង្គាប់ឲ្យអនុរក្សពន្ធនាគារព្រៃស នាំខ្លួនមេតុងទីន ចូលឆ្លើយបំភ្លឺដំណើររឿងពីបទឆបោក និងរំលោភលើទំនុកចិត្ត តាមពាក្យបណ្តឹងរបស់ជនរងគ្រោះម្នាក់ទៀត ហើយអាចនៅមានពាក្យបណ្តឹងជាបន្តបន្ទាប់ទៀត ព្រោះមេតុងទីនជាប់លុយគេ រាប់សិបម៉ឺនដុល្លារ
ស្អែកនេះ! ចេញដីកាបង្គាប់ឲ្យអនុរក្សពន្ធនាគារព្រៃស នាំខ្លួនមេតុងទីន ចូលឆ្លើយបំភ្លឺដំណើររឿងពីបទឆបោក និងរំលោភលើទំនុកចិត្ត តាមពាក្យបណ្តឹងរបស់ជនរងគ្រោះម្នាក់ទៀត ហើយអាចនៅមានពាក្យបណ្តឹងជាបន្តបន្ទាប់ទៀត ព្រោះមេតុងទីនជាប់លុយគេ រាប់សិបម៉ឺនដុល្លារ
ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នំា២០២៣ ស្អែកនេះ តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យអនុរក្សពន្ធនាគារព្រៃ ស នាំខ្លួនជនត្រូវចោទម្នាក់ ដែលជាមេតុងទីន មានឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៦ឆ្នាំ កំពុងជាប់ឃុំបណ្តោះអាសន្ន ក្នុងពន្ធនាគារ PJ ដើម្បីចូលឆ្លើយបំភ្លឺដំណើររឿងពីបទឆបោក និងរំលោភលើទំនុកចិត្ត តាមពាក្យបណ្តឹងរបស់ជនរងគ្រោះម្នាក់ទៀត ។
កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនមេតុងទីនម្នាក់ ដាក់ពន្ធនាគារព្រៃ.ស ជាបណ្តោះអាសន្ន បន្ទាប់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូង បានធ្វើការចោទប្រកាន់លើជនត្រូវចោទពីបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបរណ៍អាចជួញដូរបាន ពាក់ពន្ធពីបទ.ឆបោក និងចាយសែកស្អុយ ដែលមានទឹកប្រាក់រាប់សិបម៉ឺនដុល្លារអាមេរិក ។
សូមជម្រាបទៀតថា កាលពីរសៀលថ្ងៃទី២១ ខែមករា កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនមេតុងទីនម្នាក់ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ករណី(មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន) ពោលគឺ ឆបោក និងប្រើប្រាស់មូលប្បទានប័ត្រ គ្មានសាច់ប្រាក់ (សែកស្អុយ) ។
ជនសង្ស័យឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះលេខ៤០ស ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ការចាប់ខ្លួនមេតុងទីននេះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹង ជាការធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹងរបស់ឈ្មោះ ឈឹម ភារី ដែលមានមេធាវីការពារក្តីតំណាងដោយអាណត្តិ គឺលោកស្រី នួន មករា សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា សុំប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីន បានលេងជាមួយគ្នា មានក្បាលតុងទីនផ្តាច់ខ្សែ ១០០(៧) ៦០០(៦) ៥០០(៦) (ដូចមានក្នុងឧបសម្ភ័ន្ធភ្ជាប់) ហើយដើមបណ្តឹងជាកូនតុងទីនបានបង់ប្រាក់គ្រប់ចំនួន សរុប ៣២៧,១៦០ដុល្លារអាមេរិក ដល់ពេលត្រូវដេញតុងទីន កើបយកប្រាក់នោះមកវិញ ស្រាប់តែមេតុងទីនឈ្មោះ ឡុង រ៉ានី និងប្តី បានចេញមូលប្បទានប័ត្រមួយសន្លឹក ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលមានទឹកប្រាក់ចំនួន ២២៩,៦៦០ដុល្លារអាមេរិកឲ្យជំនួស និងសន្យាប្រគល់ប្រាក់សុទ្ធខាងក្រៅឲ្យគ្រប់ចំនួនបន្ថែមទៀត ។ ប៉ុន្តែដល់ថ្ងៃកំណត់ ត្រូវបើកប្រាក់នោះ ស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានប័ត្រនេះ មិនមានសាច់ប្រាក់ទេ ហើយមេតុងទីនបានប្លុកមូលប្បទាប័ត្រនេះ ដោយគ្មានហេតុផលអ្វីទាំងអស់ទៀតផង ។
ប្រភពព័ត៌មានឲ្យដឹងថា នៅមានកូនតុងទីនជាច្រើននាក់ទៀត ដែលរងគ្រោះដោយសារមេតុងទីនពីរនាក់ប្តីប្រពន្ធរូបនេះ វេចលុយរត់សរុបជាទឹកប្រាក់ប្រមាណជិត ២លានដុល្លារអាមេរិកឯណោះ ហើយកូនតុងទីន ដែលរងគ្រោះទាំងអស់នោះ បាននិងកំពង់រៀបចំឯកសារពាក់ពន្ធ ដើម្បីពឹងពាក់មេធាវីការពារផ្លូវច្បាប់ ប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីន បន្តបន្ទាប់ ។
ដូច្នោះក្នុងនាមជាជនរងគ្រោះ ស្នើសុំឲ្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មេត្តាចាត់ការលើមេតុងទីន និងប្តី ទៅតាមផ្លូវច្បាប់ ។ ការបង្គាប់ឲ្យនាំខ្លួនមេតុងទីនឈ្មោះ ឡុង រ៉ានី ចូលមកឆ្លើយបំភ្លឺចំពោះមុខតំណាងអយ្យការនេះ គឺតាមពាក្យបណ្តឹងទី២ ហើយអាចនៅមានពាក្យបណ្តឹងជាបន្តបន្ទាប់ទៀត ព្រោះមេតុងទីនជាប់លុយគេរាប់សិបម៉ឺនដុល្លារអាមេរិកឯណោះ ៕