លោកជំទាវ ហ៊ុន ស៊ីណាត បានរិះគន់ចំៗ និងធ្ងន់ៗ
លោកជំទាវ ហ៊ុន ស៊ីណាត បានរិះគន់ចំៗ និងធ្ងន់ៗ
ភ្នំពេញ ៖ លោកជំទាវ ហ៊ុន ស៊ីណាត បានរិះគន់ចំៗ និងធ្ងន់ៗទៅលើលោក ឯម រៀម ដែលជាអ្នកឌីហ្សាញ និងច្នៃម៉ូដសម្លៀកបំពាក់ល្បីឈ្មោះមួយរូប ក្រោយលោកគ្រងសម្លៀកបំពាក់មួយដែលមានមតិខ្លះថា «មិនសមរម្យ» នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ ។
ខ្លឹមសារសំណេររបស់លោកជំទាវ ហ៊ុន ស៊ីណាត ដំបូងឡើយ លោកជំទាវសម្តែងនូវទស្សនៈលើនារីរូបស្រស់ ដែលបានដាក់រហ័សនាមឱ្យខ្លួនឯងថា «ចែអំបិលម្ទេស» ដោយលោកជំទាវមានប្រសាស៍ដាក់ទៅគ្មានទុកមុខឱ្យបែបនេះថា «មិនគួរនារីដែលស៊ីស្បែកជើង ស៊ីគ្រាប់បែក ស៊ីពោះវៀនកង់ ធ្វើវីដេអូបែបនោះទេ»។ លោកជំទាវបញ្ជាក់ថា «ខ្វះណាស់អីវប្បធម៌ខ្មែរដែលល្អផូរផង់ មិនព្រមយកមកបង្ហាញបរទេសទេ ចូលចិត្តតែចម្លងអាសិល្បៈបែបៗពួកលោកខាងលិចយកមកបំពុលសង្គមទៅវិញ»។
ងាកមកអ្នកច្នៃម៉ូដ លោក ឯម រៀម វិញ លោកជំទាវ ហ៊ុន ស៊ីណាត បានពន្លះខ្លាំងៗមិនសំចៃផងដែរថា «គាត់ហ្នឹងឃើញធ្វើបែបៗនេះយូរហើយ មិនដឹងថា គាត់ហ្នឹងមានខ្សែពួរខាងណា បានជាក្រសួងពាក់ព័ន្ធមិនហ៊ានក្អក ទុកឲ្យបំពុលសង្គមមិនចេះឈប់សោះ»។
មិនទុកយូរតទៅទៀត បន្ទាប់ពីបានឃើញលោកជំទាវ ហ៊ុន ស៊ីណាត បានមានប្រសាស៍ដូច្នេះរួចមក ក៏មានមហាជនមិនតិចនាក់នោះឡើយ បាននាំគ្នាចូលទៅធ្វើការបញ្ចេញមតិគាំទ្រនៅប្រសាសន៍របស់លោកជំទាវគ្រប់ៗគ្នា។ ហើយបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះបានពោលថា «គាំទ្រលោក ជំទាវ មីង មិនដឹងថា សិល្បៈគាត់ហ្នឹង ចង់បង្ហាញ និងផ្តល់ការអបរំ អ្វីខ្លះដល់សង្គមយើង»។ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផ្សេងទៀតបាននិយាយថា «កូនចៅឃើញហើយ មិនហ៊ានមើលទេអ្នកម៉ែ ដល់ចឹងពេក» «គាំទ្រណាស់ដែរ លោកជំទាវនិយាយពីគាត់ហ្នឹង ធ្វើខ្លួនម្ដងៗគួរឱ្យស្អប់ណាស់»។ ខ្លះទៀតបានលើកឡើងថា «សូមគាំទ្រប្រសាសន៍លោកជំទាវ សូមកុំអោយវប្បធម៌ដ៏ល្អផូរផង់ និងកិត្តិនាមល្អៗរបស់ប្រទេសកម្ពុជា ត្រូវល្អក់កករដោយបុគ្គលមានខួរក្បាលមិនប្រក្រតី ចម្លែកខុសគេនេះ»។ បងប្អូនខ្លះទៀតក៏បានបញ្ចេញមតិលើសាររបស់លោកជំទាវ ហ៊ុន ស៊ីណាត ដោយពោលថា «គាំទ្រ លោកជំទាវ បរទេសគេប្លែក តែគេប្លែកស្អាត ទាក់ទាញ តែគាត់នេះ ប្លែកចេញតែកេរ្តិ៍ខ្មាស់ គួរអោយខ្ពើម អាងអីប្រើពាក្យថា អ្នកច្នៃម៉ូតចង់ស្លៀកពាក់ចេញអីក៏បាន»។
អ្នកខ្លះទៀតបាននិយាយថា «មានតែលោកជំទាវ មីង បង្ក្រាបទេ នរណាៗក៏គេមិនពេញចិត្តដែរ មានតែក្រុមគេទេ ដែលពេញចិត្តនោះ លោកជំទាវមីង»។ បងប្អូនខ្លះទៀតក៏និយាយថា «គាត់ និងចែអំបិលម្ទេស ផ្គើនដូចគ្នា តែមិនដែលឃើញក្រសួងពាក់ព័ន្ធណាអើពើសោះ»។ «លោកម្តាយជាទីគោរព ពិតជាយុត្តិធម៌មែន លោកម្តាយឃើញល្អថាល្អ ឃើញខុសថាខុស កូនពិតជាមានមោទនៈភាព ចំពោះលោកម៉ែណាស់»។
ជុំវិញការលើកឡើងរបស់លោកជំទាវ ហ៊ុន ស៊ីណាត គិតត្រឹមរសៀលថ្ងៃទី១៩ ខែមីនានេះ នៅលើហ្វេសប៊ុកផេកផ្លូវការបស់លោក ឯម រៀម មិនទាន់ឃើញលោកមានការបកស្រាយយ៉ាងណានោះទេ។ តែក៏ឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត សម្តែងការមិនពេញចិត្តការច្នៃម៉ូដរបស់លោកផងដែរ ដោយពោលថា « ម៉ូតនេះ ទុកពាក់គ្នាឯងទៅ ខ្ជិលឆ្កួតតាម» និងថា «អ្នកច្នៃមានពីរបែប ៖ ច្នៃឲ្យចម្រើន និងច្នៃឲ្យចង្រៃ!»។
យ៉ាងណាមិញ ក៏មានអ្នកគាំទ្រ លោក ឯម រៀម ផងដែរ ដោយអ្នកគាំទ្របានចូលទៅបញ្ចេញមតិលើផេករបស់អ្នកច្នៃម៉ូដប្លែក លោក ឯម រៀម ថា «EM Riem ទៅនៅបារាំងវិញទៅម៉ែ ទៅកន្លែងដែលគេអោយតម្លៃ កន្លែងដែលគេស្គាល់ ពីចេតនានូវអ្វីដែលថា សិល្បៈច្នៃប្រឌិត មិនមែនតែ ដើម្បីមុខមាត់ខ្លួនឯង បែរលទ្ធផលនៃការខឹតខំប្រឹងប្រែង គឺទទួលបានគេយល់ច្រឡំថា ជាជនបំផ្លាញវប្បធម៌របស់ខ្លួនឯង»៕