Banner KNP Detail Top

លោកបណ្ឌិត ហ៊ុន ម៉ាណែត ទាមទារឱ្យសារព័ត៌មាន The Cambodia Dialy បង្ហាញភស្តុតាងពាក់ព័ន្ធការផ្សាយចោទប្រកាន់ថា លោកជាមេឈ្មួញរកស៉ីឈើខុសច្បាប់

លោកបណ្ឌិត ហ៊ុន ម៉ាណែត ទាមទារឱ្យសារព័ត៌មាន The Cambodia Dialy បង្ហាញភស្តុតាងពាក់ព័ន្ធការផ្សាយចោទប្រកាន់ថា លោកជាមេឈ្មួញរកស៉ីឈើខុសច្បាប់

(ភ្នំពេញ)៖ ប្រតិកម្មរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់បក្សប្រជាជនកម្ពុជា ដ៏មានប្រជាប្រិយភាពកើតមាន បន្ទាប់ពីសារព័ត៌មាន ខេមបូឌា ដេលី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ បានអត្ថបទមួយមានចំណងជើង «សារព័ត៌មានអន្តរជាតិលាតត្រដាងពីបណ្ដាញរកស៊ីឈើខុសច្បាប់របស់លោក ហ៊ុន ម៉ាណែត»។ ក្នុងអត្ថបទនេះ សារព័ត៌មាន ខេមបូឌា ដេលី បានដកស្រង់ការផ្សាយរបស់សារព័ត៌មានអន្តរជាតិ Mongabay មានមូលដ្ឋាននៅអង់គ្លេស សរសេរដោយអតីតអ្នកសារព័ត៌មាននៅវីអូឌី។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងការហួសចិត្តជាខ្លាំងចំពោះការផ្សាយចោទប្រកាន់ថាលោកជាមេឈ្មួញរកស៊ីឈើខុសច្បាប់ ពីសំណាក់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Dialy)។ លោកបណ្ឌិត ទាមទារឱ្យសារព័ត៌មាន មានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ រកភស្តុតាងមកបង្ហាញ និងជាអំណះអំណាងសម្រាប់ការផ្សាយមួយនេះ។
ក្នុងការផ្សាយនោះ Mongabay បានលាតត្រដាង និងបង្ហាញឈ្មោះបុគ្គលមួយចំនួនពាក់ព័ន្ធសកម្មកាប់ព្រៃឈើក្នុងស្រុកសៀមប៉ាង និងស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លោកបានឱ្យក្រុមការងារស្រាវជ្រាវ និងអានព័ត៌មាន Mongabay នេះឡើងវិញ តែមិនមានកន្លែងណា ដែលព័ត៌មាននេះបញ្ជាក់ថា ក្រុមឈ្មួញកាប់ឈើជាប់ពាក់ព័ន្ធនឹងរូបលោកនោះឡើយ។ ប៉ុន្តែសារព័ត៌មាន ខេមបូឌា ដេលី បែរជាបំផ្លើស និងបញ្ចេញបញ្ចូលបន្ថែមចោទប្រកាន់ប្រកាន់ថា រូបលោកជាមេឈ្មួញរកស៊ីឈើនេះទៅវិញ។
លោក ហ៊ុន ម៉ាណែត បានទាមទារឱ្យសារព័ត៌មាន ខេមបូឌា ដេលី បង្ហាញភស្តុតាង ឬដកស្រង់ខ្លឹមសារពី Mongabay មកបញ្ជាក់ឱ្យច្បាស់ថា តើកន្លែងណាដែលសារព័ត៌មាន Mongabay ផ្សាយថា លោកជាមេបណ្តាញ ជាមេឈ្មួញរកស៊ីទាំងអស់នេះ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «វាជាការហួសព្រំដែនហើយ ខ្ញុំមិនអាចទទួលយកបានទេ»។ លោកបន្តថា «ខ្ញុំសួរ ខេមបូឌា ដេលី តើមានភស្តុតាងកន្លែងណា ដែលលោកឯងថា សារព័ត៌មាន Mongabay បង្ហាញខ្ញុំមកនៅក្នុងអត្ថបទហ្នឹង។ ស្គ្រីនសតឱ្យខ្ញុំមក តើនៅទំព័រទីប៉ុន្មាន ដែលសារព័ត៌មានហ្នឹងថា ហ៊ុន ម៉ាណែត ជាមេខ្លោងនៃបណ្តាញកាប់ឈើខុសច្បាប់នៅកម្ពុជា?»។
លោកបណ្ឌិត ក៏បានស្នើឱ្យសារព័ត៌មាន Mongabay ក៏ដូចជាម្ចាស់អត្ថបទដើម ទាមទារទៅ ខេមបូឌា ដេលី បំភ្លឺលើរឿងនេះផងដែរ ព្រោះសារព័ត៌មាននេះ កំពុងយកអត្ថបទទៅផ្សាយបំភ្លៃ ដើម្បីចំណេញផ្នែកនយោបាយ៕

អត្ថបទដែលជាប់ទាក់ទង