Banner KNP Detail Top

បុរស២នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនខ្លួនទៅ

បុរស២នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនខ្លួនទៅអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញហើយ

ភ្នំពេញ : លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បុរស២នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធបទល្មើស ទី១ បទញុះញង់ និងទី២ ពីបទប្រមាថលើអង្គព្រះមហាក្សត្រ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងផងដែរថា មិនលើកលែងទោសជាដាច់ខាតដល់ពពួកក្រុមជ្រុលនិយមដែលបាន ប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្តារៈ និងបំផ្លាញកេរ្តិ៍ឈ្មោះនាយករដ្ឋមន្ត្រី ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានការបង្ហោះព័ត៌មានមិនពិត លើបណ្ដាញសង្គម ដែលជាចេតនាដ៏អាក្រក់ប្រមាថព្រះចេស្ដាព្រះមហាក្សត្រ និងកិត្តិយសរបស់នាយករដ្ឋមន្ត្រី ក្នុងពេលព្រះអង្គយាងជាព្រះរាជអធិបតីដ៏វិសេសវិសាល ប្រោសព្រះរាជប្រទានព្រះអគ្គិកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្ត ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនក្រុមប្រឆាំង២នាក់ ហ៊ុន កុសល និង យឹម ស៊ីណន កាលពីម្សិលមិញ ទាក់ទងនឹងការបង្ហោះសារប្រមាថលើព្រះចេស្ដា អង្គព្រះមហាក្សត្រ។ សម្ដេចតេជោ ថ្លែងបញ្ជាក់បន្ថែមទៀតថា សម្ដេច នឹងមិនលើកលែងទោសឱ្យជាដាច់ខាត ចំពោះជនណាដែលមូលបង្កាច់ខុសពីការពិត ដោយសង្កត់នូវការប្រមានធ្ងន់ៗថា «លើកនេះសំពងហើយ កុំថាសំពងលើសិទ្ធិបញ្ជេញមតិ តែសំពងលើជនដែលប្រមាថដល់ព្រះចេស្តា អង្គព្រះមហាក្សត្រ និងមួលបង្កាច់បំផ្លាញកេរ្តិ៍ឈ្មោះនាយករដ្ឋមន្ត្រី »។
ទន្ទឹមនោះ សម្តេចតេជោ ជំរុញដល់គ្រប់ទូរទស្សន៍ទាំងអស់ចាក់ផ្សាយឡើងវិញនូវ ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កាលពីថ្ងៃទី២១ ខែមីនា ម្សិលមិញ ដើម្បីឱ្យពលរដ្ឋបានឃើញពីការគោរពប្រណិបត្តិរបស់សម្ដេចតេជោ ចំពោះអង្គព្រះមហាក្សត្រ៕

អត្ថបទដែលជាប់ទាក់ទង