Banner KNP Detail Top

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឱ្យក្រុមការងារនាំយករថយន្តដឹកទឹកស្អាត ចែកជូនប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឱ្យក្រុមការងារនាំយករថយន្តដឹកទឹកស្អាត ចែកជូនប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២៣ លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឱ្យក្រុមការងារនាំយករថយន្តដឹកទឹកស្អាត យកទៅចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងជួបនូវការខ្វះខាតទឹកប្រើប្រាស់យ៉ាងខ្លាំង ព្រោះតែប្រព័ន្ធទឹកហូរមិនដល់។
សកម្មភាពផ្គត់ផ្គង់ទឹកប្រើប្រាស់នេះ នឹងបន្តដឹកយកទៅចែកជូន រហូតដល់ពួកគាត់ អាចដោះស្រាយបានទឹកប្រើប្រាស់ឡើងវិញ ទើបឈប់ដឹកជូន។
សូមជម្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសុំការយោគយល់ និងអធ្យាស្រ័យពីអតិថិជន ដែលខ្លះខាតទឹកប្រើប្រាស់នៅរដូវប្រាំង និងអំពាវនាវដល់អតិថិជនទាំងអស់ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំ សំចៃទឹកស្អាត ដោយសារតម្រូវទឹកនៅឆ្នាំ២០២៣ បានកើនឡើងដល់ជិត ៩០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមាន ប្រមាណតែ៦៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកត់សម្គាល់ថា ខណ្ឌដែលមានបញ្ហាទឹកប្រើប្រាស់ ភាគច្រើនកើតឡើងនៅក្នុងសង្កាត់ជាយរាជធានីភ្នំពេញ ដែលមានជាអាទិ៍ សង្កាត់ស្វាយប៉ាក, ៦សង្កាត់នៃខណ្ឌសែនសុខ, សង្កាត់គោករការ, សង្កាត់ក្រាំងធ្នង់, សង្កាត់សម្រោងក្រោម, សង្កាត់ស្ទោ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់ពងទឹក, សង្កាត់កន្ទោក, សង្កាត់កំបូល,សង្កាត់ចោមចៅ១, សង្កាត់ចោមចៅ២, និងសង្កាត់ចោមចៅ៣, សង្កាត់កាកាប១, និងសង្កាត់កាកាប២, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ជើងឯក, សង្កាត់ស្ទឹងមានជ័យ១,សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យ៣, សង្កាត់ព្រែកកំពឹស, សង្កាត់ព្រែកហូរ, សង្កាត់ស្វាយរលំ, សង្កាត់ព្រែកថ្មី, សង្កាត់ក្បាលកោះ។
បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឆ្នាំ២០២៣នេះ តម្រូវការទឹកប្រើប្រាស់បានកើនឡើងជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រមាណតែ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ មានន័យថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅដើមខែឧសភា ការផ្គត់ផ្គង់ទឹកស្អាតនឹងមាន២០ម៉ែត្រគូបទៀត លុះដល់ដើមឆ្នាំ២០២៤ ការផ្គត់ផ្គង់ទឹកស្អាតនឹងមាន២០ម៉ឺនម៉ែត្រគូបទៀត ដូច្នោះការប្រើប្រាស់ទឹកលែងមានបញ្ហាទៀតហើយ៕

អត្ថបទដែលជាប់ទាក់ទង