Banner KNP Detail Top

ជម្លោះដណ្តើមគ្នា ទន្ទ្រានកាន់កាប់ដីព្រៃរនៀមដូនសំ ស្រុកម៉ាឡៃ បណ្តាលឱ្យ

ជម្លោះដណ្តើមគ្នា ទន្ទ្រានកាន់កាប់ដីព្រៃរនៀមដូនសំ ស្រុកម៉ាឡៃ បណ្តាលឱ្យមនុស្សរបួសធ្ងន់ និងស្រាលជាង២០នាក់ ខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ)៖ កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ ជម្លោះគ្នាដើម្បីកាន់កាប់ទន្ទ្រានដីព្រៃរនៀមដូនសំ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យភាគីទាំងសងខាងរងរបួសធ្ងន់ និងស្រាលជាង២០នាក់ ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា អ្នករបួសធ្ងន់ចំនួន ០៣នាក់ រួមមាន៖
ទី១៖ ឈ្មោះ អ៉ីម ប៉ាត់
ទី២៖ ឈ្មោះ អ៉ីម នឿត
ទី៣៖ ឈ្មោះ អ៉ីម ភឿត
ក្នុងចំណោមទាំង០៣នាក់នេះ ក៏មានម្នាក់ជាអ្នកបង្កអំពើហិង្សាប្រើអាវុធខុសច្បាប់ គំរាមកំហែងទៅលើប្រជាពលរដ្ឋម្ខាងទៀត រហូតដល់សមត្ថកិច្ចឃាត់ខ្លួន និងចាត់វិធានការតាមច្បាប់ ប៉ុន្តែបុគ្គលរូបនេះត្រូវបានដោះលែងមកវិញ ហើយបានបង្កអំពើហិង្សាទៀតផងដែរ។
យោងតាមប្រជាពលរដ្ឋមួយក្រុម ដែលបានទន្ទ្រានដីព្រៃ បានអះអាងថា ពួកគាត់បានមកទន្ទ្រានកាន់កាប់ដីព្រៃចំណុចខាងលើនេះអស់រយៈពេល៥ ទៅ៦ឆ្នាំមកហើយ ដោយបានធ្វើស្រែកចំការ។ តែនៅពេលដែលដីបានស្រឡះហើយស្រាប់តែ មានប្រជាពលរដ្ឋមួយក្រុមទៀតបានចុះមកទន្ទ្រានកាន់កាប់វិញ រួចលក់ឱ្យទៅប្រជាពលរដ្ឋដែលមកពីឆ្ងាយ ក្នុងតម្លៃក្នុង១ឡូត៍លក់មួយលានរៀល។
ជុំវិញការចោទប្រកាន់របស់ភាគីម្ខាងដែលថាលោក ឈឹម មន្នី ប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ មានការជាប់ពាក់ព័ន្ធនោះ ត្រូវបានលោកបានអះអាងប្រាប់អ្នកសារព័ត៌មានថា លោកពុំមានអ្វីជាប់ពាក់ព័ន្ធទៅលើការកាប់ទន្ទ្រានដីព្រៃ បរិស្ថានខាងលើដូចការចោទប្រកាន់របស់ភាគីម្ខាងទៀតនោះទេ តែលោកគ្រាន់តែដឹងថា មានភាគីមួយក្រុមមាន២ផ្នែក ដែលមួយផ្នែកនោះបានដាក់សំណើទៅរាជរដ្ឋាភិបាលហើយតែរដ្ឋាភិបាលក៏មិនទាន់ថាសម្រេចយ៉ាងណានោះទេ។ ចំណែកមួយផ្នែកទៀតនៅក្រុមជាមួយគ្នានោះ ទាមទារដីយកទៅលក់ឱ្យអ្នកគួកជេរដីក្រុមហ៊ុន។
ចំណែកលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានឱ្យដឹងថា ចំពោះករណីអំពើហិង្សារបស់ប្រជាពលរដ្ឋ នៅចំណុចវាលរាំវង់នោះ ខាងជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងរួចរាល់អស់ហើយ ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាត់ការតាមផ្លូវច្បាប់។
ជុំវិញបញ្ហានេះ មជ្ឈដ្ឋាននានាបានលើកឡើងថា អាជ្ញាធរស្រុកម៉ាឡៃ គួរតែមានវិធានការទប់ស្កាត់ទៅលើការកាប់ទន្ទ្រានដីព្រៃបរិស្ថានដោយខុសច្បាប់របស់ប្រជាពលរដ្ឋទាំងពីរភាគីនេះ ដើម្បីការពារទ្រព្យសម្បត្តិ របស់រដ្ឋមិនគួរណាបណ្ដែតបណ្ដោយឱ្យមេខ្យល់ដឹកនាំប្រជាពលរដ្ឋទៅទន្ទ្រានដីរដ្ឋ និងបង្កជម្លោះកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរបែបនេះទេ៕

អត្ថបទដែលជាប់ទាក់ទង