ស្ពានហាលមុខប្រាសាទអង្គរវត្ត ត្រូវបានបើកដំណើរការបណ្តោះអាសន្ន
ស្ពានហាលមុខប្រាសាទអង្គរវត្ត ត្រូវបានបើកដំណើរការបណ្តោះអាសន្ន
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានជូនដំណឹងពីការបើកឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្តជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត នាឱកាសរៀបចំខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ចាប់ពីថ្ងៃទី១០-២៣ ខែមេសា ឆ្នាំ២០២៣។
លោក ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់ បន្ថែមថា «ការបើកឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្តជាបណ្តោះអាសន្ននេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើរចូលទស្សនាប្រាសាទឣង្គរវត្ត នាឱកាសរៀបចំខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក៏ដូចជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពោលគឺចាប់ពីថ្ងៃទី១០-២៣ ខែមេសា ឆ្នាំ២០២៣។
លោកអគ្គនាយករងបានបន្តថា តាមពិតទៅការជួសជុលស្ពានហាលមុខប្រាសាទអង្គរវត្តនេះគឺរួចរាល់ស្ទើរតែ១០០ភាគរយទៅហើយ គ្រាន់តែនៅកិច្ចការបន្តិចបន្តួចប៉ុណ្ណោះ។ លោកថា បន្ទាប់ពីបើកដំណើរការបណ្តោះអាសន្នចាប់ពីថ្ងៃទី១០-២៣ ខែមេសានោះទៅ ក្រុមការងារនឹងបង្ហើយកិច្ចការដែលសេសសល់ទាំងនោះឱ្យរួចរាល់ជាស្ថាពរ ហើយនឹងបើកដាក់ឱ្យប្រើប្រាស់ជាផ្លូវការតែម្ដង។
លោក ឡុង កុសល បានរំឭកថា ស្ពានហាលប្រាសាទអង្គរវត្តនេះគឺត្រូវបានផ្អាកការប្រើប្រាស់តាំងពីអំឡុងឆ្នាំ២០១៦មកម្ល៉េះ ដើម្បីដំណើរការជួសជុលលើកកម្ពស់គុណភាព និងសោភ័ណភាព ដោយអាជ្ញាធរជាតិអប្សរាបានរៀបចំឱ្យមានស្ពានបណ្ដែតទឹកជំនួសវិញ៕