Banner KNP Detail Top

បំបែកសំណុំរឿងឃាតកម្ម បាញ់សម្លាប់យុវជនម្នាក់ ស្រាវជ្រាវតាមឃាត់ខ្លួនចំនួន៩នាក់ ជាបន្តបន្ទាប់

បំបែកសំណុំរឿងឃាតកម្ម បាញ់សម្លាប់យុវជនម្នាក់ ស្រាវជ្រាវតាមឃាត់ខ្លួនចំនួន៩នាក់ ជាបន្តបន្ទាប់


ខេត្តបាត់ដំបង ៖ នៅ ថ្ងៃទី១០ ដល់១១មេសា ឆ្នំា២០២៣នេះ សំណុំរឿងឃាតកម្មបាញ់សម្លាប់យុវជនម្នាក់នៅស្រុកថ្មគោល កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៏មុន ត្រូវបានកម្លាំងស្នងការខេត្ត និងកម្លាំងកងរាជអាវុធហត្ថ ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនចំនួន៩នាក់ជាបន្តបន្ទាប់ រាប់ចាប់ពីជនដៃដល់(មេខ្លោង) និងបក្សពួក។

នៅសំណុំរឿងបាញ់សម្លាប់មនុស្សដូចបាញ់សត្វនេះ កាលពីថ្ងៃទី ១០ មេសា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការស្រាវជ្រាវ តាមឃាត់ខ្លួនបក្សពួកជនដៃដល់បានចំនួន០៣នាក់ នៅស្រុកបវេល ហើយពេលនេះមន្ត្រីជំនាញកំពុងសួរនាំនិងចាត់ការតាមនីតិវិធី។ ដោយឡែកខាងកម្លាំងស្នងការខេត្តវិញ នៅក្នុងសំណុំរឿងនេះ ចាប់តាំងពីព្រឹករហូតដល់ម៉ោងជាង២រសៀលថ្ងៃទី ១១ មេសា មន្ត្រីជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ជាមួយមន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និង កម្លាំងអធិការស្រុកថ្មគោល បានរួមដៃគ្នា ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន០៦នាក់ទៀតជាបន្តបន្ទាប់ ខណៈពួកគេកំពុងប្រមូលផ្ដុំគ្នាសម្ងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់មួយកន្លែង នៅភូមិអង់ សង្កាត់អូរចា ក្រុងបាត់ដំបង។
កម្លាំងការិយាល័យជំនាញ តាមឃាត់ខ្លួនបានចំនួន០៦នាក់ ក្នុងនោះ មានជនដៃដល់ម្នាក់ផង ដែលជាមេខ្លោង ។ លោកបានបញ្ជាក់ថា នេះគ្រាន់តែរបាយការណ៏បឋមប៉ុណ្ណោះ ព្រោះពេលនេះមន្ត្រីជំនាញកំពុងសួរនាំ និង កំពុងបន្តតិវិធីនៅឡើយ។ លោកនិយាយថា ជនដៃដល់(មេខ្លោង) ឈ្មោះ សល់ ហើយថែមទាំងដកហូតបានអាវុធខ្លីម៉ាកឡុក០១ដើមផង។ ពេលនេះមន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធី។
កាលពី រសៀលថ្ងៃទី ៩ មេសា នៅលើផ្លូវលំមួយកន្លែង ក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល មានករណីបាញ់ប្រហារមួយ ដែលបង្កឡើងដោយខ្មាន់កាំភ្លើងខ្លីមួយក្រុម បានបាញ់ប្រហារចំនួន០២គ្រាប់ ទៅលើយុវជនម្នាក់ឈ្មោះ រឿង ប៉ូឡូ អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។ ជនរងគ្រោះរងរបួសធ្ងន់ តែបានស្លាប់ពេលក្រុមគ្រួសារបញ្ជូនដល់មន្ទីរពេទ្យ ។ ក្រោយកើតហេតុ ក្រុមជនសង្ស័យត្រូវបាន កម្លាំងសមត្ថកិច្ចកំណត់អត្តសញ្ញាណ រហូតដល់ពេលនេះ ទាំងកម្លាំងកងរាជអាវុធហត្ថ និង កម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៩នាក់ហើយ រាប់ទាំងជនដៃដល់ ៕

អត្ថបទដែលជាប់ទាក់ទង