Banner KNP Detail Top

លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយសារកត្តាសុខសន្តិភាព, ទើបកម្ពុជា អាចងើបឈរយ៉ាងរឹងមាំឡើងវិញ

លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយសារកត្តាសុខសន្តិភាព, ទើបកម្ពុជា អាចងើបឈរយ៉ាងរឹងមាំឡើងវិញ

 

ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព, ទើបកម្ពុជាអាចងើបឈរយ៉ាងរឹងមាំឡើងវិញ ដូចពេលបច្ចុប្បន្ននេះ ព្រមទាំងអាច រៀបចំព្រឹត្តិការណ៍ធំៗ ក្នុងវិស័យសិល្បៈ និងកីឡាទាំងថ្នាក់ជាតិនិងអន្តរជាតិ ជាពិសេសព្រឹតិ្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាដើម។ ក្នុងន័យនេះ សន្តិភាពគឺជាបរិស្ថានគ្របដណ្តប់ដ៏ចាំបាច់សម្រាប់សិល្បៈ និងកីឡា ដោយអាចនិយាយបានថា ទាំងសិល្បៈ និងកីឡា គឺរស់ក្នុងសន្តិភាព។
ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងជួរសិល្បៈ និងកីទ្បា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៣។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសិល្បករ សិល្បការិនី កីទ្បាករ និងកីទ្បាការិនីទាំងអស់ដែលបានចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យសិល្បៈ និងកីទ្បានៅកម្ពុជា ក្នុងនាមជា ប្រតិបត្តិករផ្ទាល់រហូតមានការរីកចម្រើន រីកលូតលាស់ពេញផ្ទៃប្រទេស និងស្មើមុខ ស្មើមាត់ លើឆាកអន្តរជាតិ។ លើសពីនេះ ក៏សូមកោតសរសើរចំពោះការរួបរួមគ្នា ដោយប្រើប្រាស់ភាសា និងចង្វាក់នៃបេះដូងតែមួយ ក្នុងនាមជាសមាជិកបក្ស តាមរយៈការខិតខំប្រឹងប្រែងបង្ហាញទេពកោសល្យ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីចូលរួមចំណែកជំរុញ បុព្វហេតុដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា និងលើកកម្ពស់កិត្យានុភាពជាតិ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវការគោរព ចំពោះគំរូវីរភាពរបស់ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអនុប្រធាន និងថ្នាក់ដឹកនាំ បក្សគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមាជិក–សមាជិកាបក្សទាំងអស់ ដែលបានចូលរួម ចំណែកដោយផ្ទាល់ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងគណបក្ស ក្នុងគ្រប់ដំណាក់កាល ប្រកបដោយភាពអង់អាចក្លាហាន និងតស៊ូលះបង់ខ្ពស់ ដែលការណ៍នេះ ពិតជាបានផ្តល់នូវជីវិត ឱកាស និងក្តីសង្ឃឹម សម្រាប់ជាយុវជនជំនាន់ក្រោយ ទាំង ក្នុងពេលបច្ចុប្បន្ន និងគ្រប់ជំនាន់ទៅមុខ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ ក្នុងរយៈកាលជាង ៤០ ឆ្នាំ កន្លងមក នេះ, វិស័យសិល្បៈ និងកីទ្បានៅកម្ពុជា មានការវិវឌ្ឍប្រែប្រួលខ្លាំង អាស្រ័យដោយ កត្តាអនុគ្រោះ ចំនួន ៣ គឺ៖ ទី១. ការដឹកនាំដែលមានគោលនយោបាយត្រឹមត្រូវ, ទី២. ភាពអំណោយផល នៃសុខសន្តិភាពពេញផ្ទៃប្រទេស និងសិទ្ធិសេរីភាពរបស់ ប្រជាពលរដ្ឋក្នុងគ្រប់ផ្នែកគ្រប់វិស័យ និងទី៣. ការផ្តល់ឱកាស និងគាំទ្រលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋគ្រប់រូប អាចបង្ហាញសមត្ថភាព និងបង្កើនសមត្ថភាពរបស់ខ្លួន ទៅតាមទេពកោសល្យរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង