Banner KNP Detail Top

ជនក្លែងបន្លំធ្វើជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ ក្នុងចំណោមបក្ខពួក២ នាក់ បញ្ជូនទៅតុលាការហើយ

ជនក្លែងបន្លំធ្វើជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ ក្នុងចំណោមបក្ខពួក២ នាក់ បញ្ជូនទៅតុលាការហើយ

ភ្នំពេញ ៖  កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៣ ជនក្លែងបន្លំធ្វើជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ក្នុងចំណោមបក្ខពួក២ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់បញ្ជូនទៅតុលាការ ពាក់ពន្ធករណី.ប្រើប្រាស់នូវឯក សណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា “ស្លៀកពាក់ឯកសណ្ឋានក្លែងបន្លំជាកងរាជអាវុធហត្ថ នឹងធ្វើសកម្មភាពឃាត់ខ្លួនប្រជាពលរដ្ឋ ដើម្បីរកប្រយោជន៍” ។ ជននោះឈ្មោះ ពេជ និវត្តន៍ ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សូមជម្រាបថា កាលពីចន្លោះម៉ោង១០ទៅម៉ោង១១យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានជនមិនស្គាល់អត្តសញ្ញាណ២ នាក់ម្នាក់ស្លៀកពាក់ឯកសណ្ឋានជាកងរាជអាវុធហត្ថ និងម្នាក់ស្លៀកខោអត់ពាក់អាវ ជិះម៉ូតូម៉ាកណៃហត ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា O.០០០០ ក្លែងបន្លំខ្លួនធ្វើជាសមត្ថកិច្ចកងរាជអាវុធហត្ថ បានធ្វើសកម្មភាពឃាត់ខ្លួនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ឆែកឆេរលើដងខ្លួនក្នុងគោលបំណងរកគ្រឿងញៀន ហើយបើសិនជាប្រពលរដ្ឋនោះ មានពាក់ព័ន្ធគ្រឿងញៀនមែន ប្រាកដណាស់ជនក្លែងបន្លំទាំង២នាក់ និងជម្រិតទារប្រាក់រួចគេចខ្លួនតែម្តងទៅ ។ ក្រោយកើតមានសកម្មភាពដូចរៀបរាប់ខាងលើនេះកម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌសែនសុខ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវតាមកាមេរ៉ាសុវត្តិភាពសាធារណៈ កំណត់បានមុខសញ្ញាទាំង២នាក់ដែលក្លែងបន្លំធ្វើជាមន្ត្រីកងរាជអាវុធនោះ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ កាលពីថ្ងៃទី៦ ខែឧសភា ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងជាច្រើនពាក់ព័ន្ធការក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ ហើយមិនតែប៉ុណ្ណោះជននោះថ្លើមធំពាសមេឃ ហ៊ានលើកស្លាកបើកទីស្នាក់មួយនៅផ្ទះរបស់ខ្លួន ដែលគ្មានច្បាប់ទំលាប់ដោយមានទម្រង់ជាអក្សរ និងឡូហ្គោប្រហាក់ប្រហែល កងរាជអាវុធហត្ថដែរ ប៉ុន្តែខុសត្រង់ថា “មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ”ផ្លូវ លំ ក្រុម៣ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌគោកឃ្លាង រាជធានីភ្នំពេញ” រាជធានីភ្នំពេញមិនទាន់បង្កើតខណ្ឌ គោកឃ្លាង ទេ សង្កាត់ភ្នំពេញថ្មីស្ថិតក្នុងខណ្ឌសែនសុខ ។

នៅពេលសួរថា បក្ខពួកម្នាក់ដែលធ្វើសកម្មភាពឃាត់ប្រជាពលរដ្ឋឆែកឆេរ អត់ពាក់អាវនោះឈ្មោះអី ជនសង្ស័យឆ្លើយថាគេឈ្មោះ កីកី ឥឡូវគេចខ្លួនបាត់ហើយ ។ សំណុំរឿងនេះតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ ៕

អត្ថបទដែលជាប់ទាក់ទង