Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តចៅស្រី «ហ៊ុន ពេជ្រមុន្នីលីណា» រៀនសូត្រពីនយោបាយ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តចៅស្រី «ហ៊ុន ពេជ្រមុន្នីលីណា» រៀនសូត្រពីនយោបាយ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកទឹកចិត្តចៅស្រី កុមារី ហ៊ុន ពេជ្រមុន្នីលីណា ឱ្យបន្តរៀនសូត្រពីនយោបាយ។
ការលើកទឹកចិត្តរបស់សម្តេចតេជោ បានធ្វើរយៈការបញ្ចេញមតិ (Comment) លើសំណេរមួយតាមបណ្តាញសង្គមហ្វេសប៊ុក ដែលរំលេចពីការកត់សម្គាល់ ក៏ដូចជាចំណាប់អារម្មណ៍ទៅលើកាយវិការ និងឥរិយាបថរបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា ពេលអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បំពេញការងារនៅប្រទេសជប៉ុន។
តបនឹងការកត់សម្គាល់តាមរយៈសំណេរលើហ្វេសប៊ុកនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់ការសង្ស័យថា ចៅស្រីរបស់សម្តេចហាក់កំពុងចាប់អារម្មណ៍លើរឿងនយោបាយ។


សម្តេចតេជោ បានសរសេរបែបនេះ «ចៅហាក់កំពុងចាប់អារម្មណ៍លើរឿងនយោបាយ។ ក្នុងនាមជាជីតាខ្ញុំលើកទឹកចិត្តឲ្យចៅរៀនសូត្រពីនយោបាយព្រមជាមួយមុខវិជ្ជាផ្សេងទៀតដែលចៅចង់រៀន»។
សូមបញ្ជាក់ថា ក្នុងដំណើរបំពេញការងារនៅប្រទេសជប៉ុនពីថ្ងៃទី១៥ ដល់១៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននាំកូនរបស់សម្តេច គឺកុមារី ហ៊ុន ពេជ្រមុន្នីលីណា ទៅជាមួយផងដែរ។
កុមារី ហ៊ុន ពេជ្រមុន្នីលីណា មានអាយុ ១៣ឆ្នាំ ជាកូនទី២ក្នុងគ្រួសារ។ ពេជ្រមុន្នីលីណា ធ្លាប់ជាសិស្សទទួលបានចំណាត់ថ្នាក់កំពូលតារាងក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាលើបណ្តាញអនឡាញ។
ក្នុងដំណើរសម្តេចធិបតីទៅកាន់ប្រទេសជប៉ុននាពេលនេះ កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានអមដំណើរឪពុកម្តាយទៅប្រទេសជប៉ុនផងដែរ។
គេបានសង្កេតឃើញថា ក្នុងដំណើរអមដំណើរឪពុកម្តាយទៅកាន់ប្រទេសជប៉ុននាពេលនេះ ចាប់ពីឡើងយន្តហោះ រួមការចូលរួមកម្មវិធីសំណេះសំណាលរវាងសម្តេចធិបតី ជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន ហ៊ុន ពេជ្រមុន្នីលីណា ហាក់មានឥរិយាបថមួយសមសួនគួរឱ្យកត់សម្គាល់។
ត្រឹមអាយុ ១៣ឆ្នាំ តែគេហាក់យល់ដឹងពីឥរិយាបថជាមនុស្សធំ។ អារម្មណ៍ហាក់មិនញាប់ញ័រអ្វីនោះឡើយ ទាំងពេលឡើងយន្តហោះ ក៏ដូចជាពេលចូលរួមពិធីសំណេះសំណាល ទឹកមុខរបស់កុមារីរូបនេះរំលេចស្នាមញញឹម ប្រកបដោយភាពស្វាហាប់ ខណៈដែលឥរិយាបថទាំងដើរ សំពះ និងអង្គុយពោរពេញដោយសីលធម៌។
ពិតជាកម្រណាស់ ដែលក្មេងស្រីវ័យត្រឹម ១៣ឆ្នាំ មានឥរិយាបថបែបនេះ។ តាមកាយវិហារនេះ មានការលើកជាសំណួរថា តើកុមារីរូបនេះ កំពុងទទួលបានមរតកតំណពូជ ឬគេហៅថាហ្សេនោះ ជាអ្នកនយោបាយ ហ្សេនភាពជាអ្នកដឹកនាំផ្នែកនយោបាយ បន្តពីជីតា និងឪពុកឬយ៉ាង? ៕

អត្ថបទដែលជាប់ទាក់ទង