សុំលុយម្ដាយមិនបាន កូនដុតផ្ទះឆេះម៉ត់
សុំលុយម្ដាយមិនបាន កូនដុតផ្ទះឆេះម៉ត់ នៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ករណីភ្លើងឆេះផ្ទះ១ខ្នង (ប្រភេផ្ទះប៉ិត២ខ្នង)ដំបូលប្រក់ក្បឿងជញ្ជាំងបាំងសង្កសី។ ទីតាំងកើតហេតុ នៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលម្ចាស់ផ្ទះឈ្មោះ ឃាង ផល្លី ភេទស្រី អាយុ៥៥ឆ្នាំ(ជាស្រ្តីមេម៉ាយ) ។
មូលហេតុបង្កឡើងដោយជនសង្ស័យឈ្មោះ ហួត លីហ័រ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ (ត្រូវជាកូនបង្កើត) សុំលុយពីម្ដាយចំនួន៥០,០០០រៀល ដើម្បីទិញខោអាវ ប៉ុន្តែម្ដាយមិនមានលុយអោយ ហើយឈ្មោះ ហួត លីហ័រ ក៏ខឹងនឹងម្ដាយហើយប្រាប់ម្ដាយថា បើមិនអោយលុយទេមិនបាច់នៅផ្ទះហ្នឹងទេ ដុតផ្ទះចោលឥលូវហើយ។ និយាយរួចឈ្មោះ ហួត លីហ័រ ក៏ឡើងជិះម៉ូតូរបស់ខ្លួនម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខទៅទិញសាំងចំនួនកន្លះលីត្រនិងដែកកេះចំនួន០១ រួចឈ្មោះ ហួត លីហ័រ ក៏ធ្វើសកម្មភាពដើរទៅក្នុងបន្ទប់ក្រោមផ្ទះរបស់ម្ដាយបង្កើត ហើយយកសាំងចាក់ទៅលើខោអាវនិងចាក់ទៅលើពូក នៅក្នុងបន្ទប់របស់ម្ដាយបង្កើតឈ្មោះ ឃាង ផល្លី រួចក៏កេះដែកកេះដុតផ្ទះឈើមានទំហំ ៨ម៉ែត្រ×៩ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងស័ង្កសី បណ្ដាលអោយឆេះខូចខាតអស់ទាំងស្រុងតែម្តង ។ ចំណែកសម្ភារ:ខូចខាតពុំទាន់ដឹងនោះទេដោយម្ចាស់ផ្ទះសន្លប់ និងបានបញ្ជូនចូលព្យាបាលនៅមន្ទីរពេទ្យជើងព្រៃ ពុំទាន់ដឹងខ្លួននោះទេ ហើយក្រុមការងារកំពុងរង់ចាំសាកសួរនូវទំហំការខូតខាតទ្រព្យសម្បត្តិរបស់គាត់។ ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ច បានខិតខំជួយពន្លត់ដែរ ប៉ុន្តែមិនអាចជួយសង្គ្រោះផ្ទះ និងទ្រព្យសម្បត្តិក្នុងផ្ទះបាន។
សមត្ថកិច្ចស្រាវជ្រាវស៊ើបអង្កេតនិងបានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ ហួត លីហ័រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសង្កែ ឃុំស្ដើងជ័រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មកកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពយកសាំងចាក់ទៅលើខោអាវ និងចាក់ទៅលើពូក នៅក្នុងបន្ទប់ រួចក៏កេះដែកកេះដុតផ្ទះឈើមានទំហំ ៨ម៉ែត្រ×៩ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងស័ង្កសី បណ្ដាលអោយឆេះខូចខាតទាំងស្រុងពិតប្រាកដមែន មូលហេតុ៖ ដោយសារសុំលុយម្ដាយមិនបាន ។
ជនសង្ស័យនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនតាមបញ្ជារបស់លោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។ សមត្ថកិច្ចក៏បានធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផល ( វិជ្ជមាន) ៕