សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍៥ចំណុច ជូនបណ្ដាអង្គភាព នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដើម្បីយកទៅអនុវត្ដ
សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍៥ចំណុច ជូនបណ្ដាអង្គភាព នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដើម្បីយកទៅអនុវត្ដ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។
ពិធីនេះ រៀបចំឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក យ៉ាងមហោឡារឹកបំផុង ដោយមានការបង្ហាញកម្លាំងកងទ័ព និងយុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានា ចំណុះឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវអនុសាសន៍ចំនួន៥ ចំណុច ជូនបណ្ដាអង្គភាព នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដូចខាងក្រោម ៖
ទី១៖ កងទ័ពកម្ពុជា ត្រូវតែជាកងទ័ពដ៏មានវិជ្ជាជីវៈខ្ពស់ ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិ, មាតុភូមិ និង ប្រជាជន និង យកអស់ស្មារតីគោរព ឲ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ, សារាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ, បទដ្ឋានគតិយុត្តនានា, ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ, និង ក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និង ប្រជាជន ។
ទី២៖ គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឲ្យបានស្ថិតស្ថេរ និង មានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំងឲ្យ
សមស្របនឹងតម្រូវការជំនាញ និង សូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ, បរិក្ខារយោធាគ្រប់បែបយ៉ាង, ព្រមទាំងស្បៀងអាហារជាដើម ឲ្យបានត្រឹមត្រូវ និង បានគង់វង្ស។
ទី៣៖ គ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងការហ្វឹកហ្វឺន ការរៀនសូត្រ និងការកសាងប្រភព ធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការការពារជាតិ ឲ្យមានប្រសិទ្ធភាពខ្ពស់, ជាពិសេស ពង្រឹងការបង្កើនជំនាញដល់យោធិន ឲ្យស្របទៅតាមភារកិច្ច និងតួនាទី រៀងៗខ្លួន។
ទី៤៖ សូមណែនាំអង្គភាពទាំងអស់ យកចិត្តទុកដាក់ត្រៀមកម្លាំង, មធ្យោបាយ, និងសម្ភារៈគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះភ័យជាយថាហេតុ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឲ្យបានល្អ ក្នុងស្មារតីបុរេសកម្ម ជាមួយនឹងអាជ្ញាធរដែនដី និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ទី៥៖ សូមលើកទឹកចិត្តដល់អង្គភាពទាំងអស់ ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និង ការចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពកងទ័ព និង ក្រុមគ្រួសារ ធានាផាសុកភាព, សុខុមាលភាព, និង ផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ, មេបញ្ជាការគ្រប់លំដាប់ថ្នាក់, នាយទាហាន, នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម ប្រកបដោយវីរភាពអង់អាចក្លាហានក្នុង ការបំពេញភារកិច្ច, ការពារបូរណភាពទឹកដី, ការថែរក្សាសុខសន្តិភាព, សុវត្ថិភាព និង សណ្តាប់ធ្នាប់បានល្អប្រសើរជូនប្រជាជន និងសង្គមជាតិយើង។
សូមជម្រាបថា ការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ហាការដ្ឋានកងទ័ពជើងគោក ក្នុងស្មារតីរំលឹកឡើងវិញ នូវវីរភាពដ៏ថ្លៃថ្លារបស់វីរជន និងវីរយុទ្ធនារីកងទ័ពជើងគោក ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងបន្តរួមចំណែកគោរព និងអនុវត្តនូវទស្សនៈវិស័យ កម្មវិធី នយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕