Banner KNP Detail Top

ជនសង្ស័យម្នាក់ ប៉ុនប៉ងធ្វើមនុស្សឃាត លើដៃគូជំនួញរួមគ្នា តែមិនបានសម្រេច

ជនសង្ស័យម្នាក់ ប៉ុនប៉ងធ្វើមនុស្សឃាត លើដៃគូជំនួញរួមគ្នា តែមិនបានសម្រេច

ប៉ោយប៉ែត ៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យម្នាក់ប៉ុនប៉ងធ្វើមនុស្សឃាត លើដៃគូជំនួញរួមគ្នា តែមិនបានសម្រេច ត្រូវបាន កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន ។
ជនរងគ្រោះឈ្មោះ ស្រ៊ុន សៀវហេង អាយុ២៨ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង នៅក្រុងប៉ោយប៉ែត បានឱ្យដឹងថា ស្ថិតនៅទីតាំងមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត កាលពីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ គួត ថាវី ដែលជាដៃគូរកស៊ីជាមួយគ្នា បន្ទាប់ពីជុំគ្នាសម្តែងនូវភាពស្និតស្នាល មិនបានប៉ុន្មានផង ស្រាប់តែជនសង្ស័យ ធ្វើសកម្មភាពប៉ុនប៉ងស្លាប់ ខណៈដែលខ្លួនដើរចូលបន្ទប់ទឹក សា្រប់តែជននេះចូលមកដែរហើយខ្ទាស់គន្លឹសទ្វាបន្ទប់ទឹក វាយផ្ដួលយ៉ាងកម្រោលមកលើខ្លួន រហូតដួលដល់ការ៉ូហើយ ក៏នៅតែវាយផ្នែកក្បាល និងយកដៃរឹត ក ជាប់រហូតដល់ខ្លួនសន្លប់លែងដឹងអី ហើយពេលដឹងខ្លួន នៅមន្ទីរពេទ្យ ដៃជាប់សឺរ៉ូប និងដាក់អុកស៊ីសែន ក្នុងស្ថានភាពរបួសពេញក្បាល ។


ប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា បើមិនមានខ្លួននៅទីនោះទេ ប្តីរបស់ខ្លួននឹងស្លាប់ដោយសារជនបង្ក បានរឹត ក ជាប់មិនព្រមលែង តែដោយសារបានគេមកជួយ ធាក់ទ្វាបន្ទប់ទឹកចូលទៅសង្គ្រោះទាន់ពេលវេលា ។ បន្ទាប់ពីត្រូវគេមកជួយ ជនបង្កមិនបានទៅណា បែរជាវាយមុខខ្លួនឯងឱ្យឈាមច្រមុះ ហើយទើបដើរទៅបាត់ ។ លុះព្រឹកឡើងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនបង្កតែម្តង ។
ជនរងគ្រោះ បានបញ្ជាក់ថា ជនបង្កនេះ ជាដៃគូរកស៊ីជាមួយគ្នា និងតែងប្រើល្បិចកិច្ចកល់ គ្រប់យ៉ាងដើម្បីកេងប្រវ័ញ្ចលុយក្រុមហ៊ុន និងធ្លាប់បានគម្រាមថា “បើមានឯង អត់អញ” ។
ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកជនបង្កត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង