បុរសម្នាក់ ព្រោះតែតូចចិត្ដប្រពន្ធលែង បានផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយក៏យកដុំថ្ម ចាំគប់កញ្ចក់រថយន្តអ្នកដំណើរតាមផ្លូវ ក៏ត្រូវនគរបាលចាប់ខ្លួន
បុរសម្នាក់ ព្រោះតែតូចចិត្ដប្រពន្ធលែង បានផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយក៏យកដុំថ្ម ចាំគប់កញ្ចក់រថយន្តអ្នកដំណើរតាមផ្លូវ ក៏ត្រូវនគរបាលចាប់ខ្លួន
ខេត្តសៀមរាប ៖ បុរសនេះឈ្មោះ ព្រហ្ម សុភាព ហៅ សាលី អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិឈូក ឃុំសំរោង ស្រុកសំរោង ខេត្តឧត្តរមានជ័យ បច្ចុប្បន្ននៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ។ បុរសនេះ ត្រូវបានចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា គឺគប់កញ្ចក់រថយន្តគេ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ យប់ នៅផ្លូវជាតិលេខ៦ ក្នុងភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ។
បុរសម្នាក់ព្រោះតែតូចចិត្ដប្រពន្ធលែង បានផឹកស្រាស្រវឹងរាល់ថ្ងៃរហូតវង្វេងស្មារតី ហើយក៏យកដុំថ្មចាំគប់កញ្ចក់រថយន្តអ្នកដំណើរតាមផ្លូវ ក៏ត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ។ នេះបើតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្ត ទទួលផែនការងារព្រហ្មទណ្ឌ ។
បើយោងតាមការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ប្រើគណនីឈ្មោះ Pin Phearum បានបង្ហោះពាក់ព័ន្ធនឹងមនុស្សគប់កញ្ចក់រថយន្តរបស់គាត់ នៅចំណុចភូមិ ឃុំ នេះ ។ តាមគណនីហ្វេសប៊ុកនោះ បានសរសេររៀបរាប់ថា ធ្លាប់តែឃើញតាមព័ត៌មានចុះផ្សាយ ពេលនេះជួបផ្ទាល់ នៅចំណុចភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប វេលាម៉ោង៩យប់ ។
ករណីគប់កញ្ចក់រថយន្តនេះ គឺក្នុងគោលបំណងដើម្បីប្លន់ ឬប៉ងមនុស្សឃា.តដោយចេតនា ព្រោះគប់សំដៅអ្នកបើកបរតែម្តង ធ្វើឱ្យភ្ញៀវភ័យញាប់ញ័រពេញក្នុងរថយន្ត ។
ដោយសារអ្នកគប់នៅមុខហាងលក់ទូរស័ព្ទ ខេ អេស អិន ហើយហាងនោះមានកាមេរ៉ាសុវត្ថិភាពនៅមុខហាង សមត្ថកិច្ចក៏សុំម្ចាស់ហាងលក់ទូរស័ព្ទឆែកមើលកាមេរ៉ា ក៏ឃើញភិនភាគអ្នកគប់ពាក់អាវដៃវែងពណ៌លឿង ស្លៀកខោខូវប៊យ ។ បន្ទាប់មក កម្លាំងនគរបាលស្រុកប្រាសាទបាគង បានសុំគោលការណ៍ពីថ្នាក់លើចុះបង្ក្រាប ព្រោះបានបង្កអសន្តិសុខប៉ះពាល់ដល់វិស័យទេសចរណ៍ជាតិ និងប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាជន និងភ្ញៀវជាតិ-អន្តរជាតិ ដែលមកកម្សាន្តនៅខេត្តសៀមរាបផងដែរ ។
ក្រោយពីទទួលបានព័ត៌មាននេះ ក៏បានទាក់ទងផ្ទាល់ជាមួយម្ចាស់គណនីខាងលើ ដើម្បីសុំការបំភ្លឺពីគាត់ផ្ទាល់មាត់ ប៉ុន្តែគាត់កំពុងជូនអ្នកជំងឺទៅព្យាបាលនៅប្រទេសថៃ ។ ចំណែកកម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយនគរបាលប៉ុស្ដិ៍រលួស បានចុះស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញា និងនាំឈ្មោះ ព្រហ្ម សុភាព នៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង មកសាកសួរ ។
ជនសង្ស័យនេះឆ្លើយថា ខ្លួនពិតជាបានយកដុំថ្មគប់រថយន្ត ពណ៌ស ពុំស្គាល់ម៉ាក ពុំស្គាល់ម្ចាស់រថយន្ត នៅផ្លូវជាតិលេខ៦ ក្នុងភូមិរលួសខាងលិច ។ តាមការស្រាវជ្រាវឲ្យដឹងទៀតថា ជននេះមានជំងឺផ្លូវចិត្ត និងលេបថ្នាំរាល់ថ្ងៃតាមការណែនាំរបស់គ្រូពេទ្យ និងផឹកស្រាជាប្រចាំផងដែរ ។ មានការកត់សម្គាល់ទៀតថា ជននេះធ្លាប់ដួលម៉ូតូប៉ះពាល់ក្បាលខ្លាំង និងខូចចិត្តរឿងប្រពន្ធមានប្តីថ្មីថែមទៀត ។
បើតាមម្តាយឈ្មោះ ឈយ សារ៉ូ អាយុ៦០ឆ្នាំ បាននិយាយដែរថា នៅឆ្នាំ២០១៩ កូនគាត់ឈ្មោះ ព្រហ្ម សុភាព បានដួលម៉ូតូដោយខ្លួនឯងប៉ះពាល់ក្បាលខ្លាំង ។ លុះនៅអំឡុងឆ្នាំ២០២០ បានដួលម៉ូតូម្តងទៀត ។ នៅឆ្នាំ២០២១ បងស្រីបានស្លា.ប់ ពេលធ្វើបុណ្យខួប១០០ថ្ងៃរួច ប្រពន្ធក៏បានរត់តាមបុរសម្នាក់ឈ្មោះ ប៉ាន់ សំណាង ជាបងថ្លៃទៅបាត់ទៀត ។ ចាប់ពីពេលនោះមក កូនប្រុសនេះក៏ចាប់ផ្តើមផឹកស្រាជាប្រចាំ និងដើរដាច់បាយដាច់ទឹក ។
ស្ត្រីជាម្តាយរៀបរាប់ទៀតថា ដោយឃើញកូនមានស្មារតីវង្វេងខុសពីធម្មតា គាត់បាននាំកូនទៅព្យាបាលពេទ្យផ្លូវចិត្ត ហើយពេទ្យប្រាប់ថា គេពុលស្រាប៉ះពាល់សរសៃប្រសាទ ដោយសារផឹកស្រាច្រើន ហើយពេទ្យក៏ឱ្យថ្នាំលេបបានតែ២ខែ កូនក៏ឈប់លេបរហូតមក ៕