ប្រជាពលរដ្ឋខ្វះខាតចំនួន ៦៧៣គ្រួសារ នៅស្រុកកោះញែក ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ប្រជាពលរដ្ឋខ្វះខាតចំនួន ៦៧៣គ្រួសារ នៅស្រុកកោះញែក ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
មណ្ឌលគិរី៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ត្រូវបានចែកជូនដល់ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ អ្នកកើត ឬផ្ទុកមេរោគអេដស៍ចំនួន ៦៧៣គ្រួសារ ដែលប្រព្រឹត្តទៅស្ថិតនៅភូមិអូរយេះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ក្នុងពិធីចែកអំណោយមនុស្សធម៌ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការអញ្ជើញជាអធិបតីភាពពីសំណាក់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា ឯកឧត្តមឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានកិត្តិយសសាខា ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ព្រមទាំងមានវត្តមាន លោក លោកស្រី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សមាជិក សមាជិកា យុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាសាខាខេត្តមណ្ឌលគិរី និងអាជ្ញាធរដែនដីជាច្រើនរូប។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សម្ដេចតែងតែមានក្ដីនឹករលឹក និងការអាណិតអាសូរជានិច្ច ចំពោះបងបងប្អូនគ្រប់ទិសទី ពិសេស ប្រជាពលរដ្ឋដែលជួបការលំបាក។ លោកជំទាវ ក៏បានណែនាំដល់ប្រធានគណៈកម្មាធិការសាខា និងមន្រ្តីក្រោមឳវាទ ត្រូវយកចិត្តទុកដាក់គិតគូបំផុតចំពោះប្រជាពលរដ្ឋដែលមានការលំបាក ហើយត្រូវចុះឱ្យដល់មូលដ្ឋាន ដើម្បីដឹងពីការលំបាក ក្នុងការរស់នៅរបស់ពួកគាត់ជាក់ស្តែង ជាពិសេស គឺជនចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនពិការ គ្រួសារទីទល់ក្រ និងគ្រួសាររងគ្រោះដោយប្រការផ្សេងៗ។ លោកជំទាវ បញ្ជាក់ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណាមានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា។
លោកជំទាវ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសំអាតអនាម័យបរិស្ថានជុំវិញផ្ទះឳ្យបានស្អាត និងរស់នៅស្អាត ជាពិសេស ត្រូវចេះថែទាំសុខភាពឲ្យបានល្អ នឹងត្រូវខិតខំដាំដុះដំណាំរួមផ្សំ និងចេះចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីឳ្យជីវភាពគ្រួសារមានភាពល្អប្រសើរឡើង។ ម្យ៉ាងទៀត ក៏សូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ “៣ការពារ ៣កុំ” និងការណែនាំនានារបស់ក្រសួងសុខាភិបាល និងសូមទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមវេន និងកាលកំណត់ឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្វះខាតចំនួន ៦៧៣គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដោយក្នុងមួយគ្រួសារៗទទួលបាន៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ៕