ប្រទះឃើញស្ត្រីម្នាក់ ស្លាប់ហើមអណ្ដែតនៅក្នុងទឹកបៀ គេសង្ស័យថា
ប្រទះឃើញស្ត្រីម្នាក់ ស្លាប់ហើមអណ្ដែតនៅក្នុងទឹកបៀ គេសង្ស័យថា ប្រហែលជាគាត់ស្រវឹងស្រាដើរមិនប្រយត្ន័រអិលជើងធ្លាក់ចូលក្នុងទឹកបៀ បណ្តាលឱ្យលង់ទឹកស្លាប់
ខេត្តស្វាយរៀង: កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៣ នៅក្នុងភូមិចុងអូរ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
ស្ត្រីដែលស្លាប់មានឈ្មោះហង់ សាន អាយុ៧៨ឆ្នាំ ជនជាតិខ្មែររស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសហការជាមួយលោកវេជ្ជបណ្ឌិតចាន់ ធា ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែករមាសហែក និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ត្រាចដើម្បីធ្វើការស្រាវជ្រាវនិងពិនិត្យសាកសព។
ស្រាវជ្រាវនិងពិនិត្យសាកសព សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មិនមានករណីផ្សេងពីនេះនោះទេ ហើយនៅលើខ្លួនសាកសពក៏ពុំមានស្លាកស្នាមអ្វីដែរ។ តាមការបំភ្លឺពីឈ្មោះហង់ សឿន ភេទស្រី អាយុ៤៤ឆ្នាំ ជាកូនបង្កើតរបស់សពរស់នៅផ្ទះជាមួយគ្នា និងឈ្មោះសេក ស្រីនាត ភេទស្រី អាយុ៣៣ឆ្នាំត្រូវជាកូន បានឱ្យដឹងថា កាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច ម្ដាយរបស់ខ្លួនបានហូបស្រាស្រវឹងហើយដើរចេញបាត់ពីផ្ទះរហូតដល់ពេលយប់ពុំឃើញត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារបានតាមរកតែរកមិនឃើញ។ លុះព្រឹកឡើងបាននាំគ្នាបន្តតាមរកទៀត រហូតដល់ម៉ោង៤រសៀលទើបរកឃើញស្លាប់អណ្ដែតទឹកបៀបាត់ទៅហើយ។
សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់សពជូនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕