Banner KNP Detail Top

បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានការអភិវឌ្ឍរីកចម្រើនរឹងមាំឥតឈប់ឈរ និងមាន

បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានការអភិវឌ្ឍរីកចម្រើនរឹងមាំឥតឈប់ឈរ និងមានមូលដ្ឋានពីស្មារតីសាមគ្គីភាព, ការតម្កល់ផលប្រយោជន៍ជាតិជាធំ


ភ្នំពេញ៖ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិត ចំនួនជិត ៣ ពាន់នាក់ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានការអភិវឌ្ឍរីកចម្រើនរឹងមាំឥតឈប់ឈរ និងមានមូលដ្ឋានពីស្មារតីសាមគ្គីភាព, ការតម្កល់ផលប្រយោជន៍ជាតិជាធំ និងមានគោលនយោបាយមុតស្រួច រួមជាមួយនឹងភាពបត់បែន សំដៅធ្វើយ៉ាងណារក្សាបាននូវបុព្វហេតុតែមួយគត់ និងមិនអាចងាករេពីមួយជំនាន់ទៅមួយជំនាន់ គឺការបម្រើប្រជាពលរដ្ឋ និងការអភិឌ្ឍជាតិ។ ជារួម យុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ពិតជាមានមោទកភាពចំពោះមហាគ្រួសារមួយនេះ ដោយមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយក៏បានប្តេជ្ញាចិត្តបន្តរួបរួមគ្នាបំពេញភារកិច្ចទោះជាក្នុងលក្ខណៈបុគ្គលក្តី ឬជាក្រុមក្តី ដើម្បីបម្រើជាតិ និងប្រជាជន។

បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសប្បាយរីករាយជាមួយនឹងសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិតទាំងអស់ ចំពោះការសម្រេចចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយនឹងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជា ដែលជាគ្រួសារដ៏ធំជាងគេ និងដែលសម្រេចបាននូវស្នាដៃ ព្រមទាំងគុណបំណាច់យ៉ាងធំធេងជាច្រើននៅក្នុងបុព្វហេតុបម្រើជាតិ និងការពារប្រជាជនដោយស្មោះត្រង់ និងដោយគ្មានរើសអើង។ ក្នុងរយៈកាលជាង ៤០ ឆ្នាំ កន្លងមកនេះ អ្នកស្នេហាជាតិជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃមហាគ្រួសារមួយនេះ បានចូលរួមនៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រ ជាអាទិ៍៖ ការរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះ-ឈ្នះ និងជោគជ័យដ៏ត្រចះត្រចង់ក្នុងការការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩។
បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា យុវជនតែងចង់បាននូវការចម្រើនរីកលូតលាស់ក្នុងបរិយាកាសនៃប្រទេសជាតិមួយប្រកបដោយលំនឹង និងស្ថិរភាពយូរអង្វែង ដូច្នេះការដាក់ចេញនូវគោលនយោបាយនីមួយៗរបស់គណបក្សនយោបាយ ដាច់ខាតត្រូវមានមូលដ្ឋានច្បាស់លាស់ រួមជាមួយនឹងការសិក្សាស្រាវជ្រាវព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយក៏ទាមទារជាចាំបាច់នូវបទពិសោធន៍ក្នុងការបំពេញការងារជាក់ស្តែងកាលពីអតីតកាល និងបន្តមកដល់បច្ចុប្បន្នកាល ដើម្បីជាទុនក្នុងការរៀបចំផែនការទៅអនាគត។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានគុណវុឌ្ឍិ សមត្ថភាព និងបទពិសោធន៍លើសលប់ក្នុងការផ្តល់នូវអនាគតប្រកបដោយលំនឹងស្ថិរភាពសម្រាប់យុវជនរបស់យើងទាំងជំនាន់បច្ចុប្បន្ន និងគ្រប់ជំនាន់តទៅមុខ៕

អត្ថបទដែលជាប់ទាក់ទង