ឃាត់ខ្លួនមនុស្ស២នាក់ ក្រោយបង្ក្រាប
ឃាត់ខ្លួនមនុស្ស២នាក់ ក្រោយបង្ក្រាបឈើទ្រង់ទ្រាយធំមួយដែលលួចលាក់ដោយខុសច្បាប់ក្នុងទីតាំងទីលានប្រណាំងរថយន្តនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ត្រៀមបញ្ជូនមកតុលាការ
មណ្ឌលគិរី: កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចផ្នែកជំនាញរដ្ឋបាលព្រៃឈើបានឃាត់ខ្លួនមនុស្សពីរនាក់ ក្រោយបង្ក្រាបឈើទ្រង់ទ្រាយធំមួយដែលលួចលាក់ដោយខុសច្បាប់ក្នុងទីតាំងទីលានប្រណាំងរថយន្តនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ចំណែកលោក ទូច រស្មី ដែលជាម្ចាស់ទីតាំងខាងលើកនេះមន្ត្រីជំនាញមិនទាន់ចាត់វិធានការនៅឡើយទេ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៦-១៧ខែ កុម្ភៈ ឆ្នាំ២០២៣ កម្លាំងចម្រុះខេត្តដឹកនាំដោយលោកព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរីចុះពិនិត្យ ស្រាវជ្រាវ រកឃើញបទល្មើសប្រមូលផល អនុផលព្រៃឈើ ជិត ក្រុមហ៊ុន១២ Motor Park និងក្នុង បរិវេណក្រុមហ៊ុន១២ Motor Park ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះមន្ត្រីជំនាញបានរឹបអូករថយន្តតាកុងដែលជាមធ្យោបាយបង្កបទល្មើសចំនួនពីរគ្រឿង និងម៉ូតូមួយគ្រឿង។ ក្រៅពីនេះរកឃើញឈើអារចម្រុះ និងគល់ឈើ ចំនួនបីទីតាំង។ទីតាំងទី១.គល់ឈើជាច្រើនត្រូវបានគេកាត់យកដើមនៅក្នុងព្រៃនៅចំណុចនិយាមការលេខ ៧៤១៣៦៦- ១៣៩១៦០៦ នៅក្រៅបរិវេណក្រុមហ៊ុន១២ Motor Park ដោយឃើញមានស្មាមដានឡានប៉ាកុង ដឹកចូលគំនរទីតាំងស្តុកឈើចូលក្នុងរបងក្រុមហ៊ុន១២ motor park។ ទីតាំងទី២.មន្ត្រីជំនាញរកឃើញឈើអារប្រភេទលេខមួយចំនួន៣១២ សន្លឹក ស្មើនឹងជាង ១១ម៉ែត្រគូប (បានកែច្នៃជាតុ) ឈើអារប្រភេទលេខមួយចំនួន៤២សន្លឹក ស្មើនឹងជាង១ម៉ែត្រគូប (ឈើសន្និធិ) កៅអីតុក្កតាមុខកាត់០.៣០ម៉ែត្រ កំពស់០.៥០ម៉ែត្រ ចំនួន១៣០កំណាត់។ ឈើដែលបានរកឃើញទាំងអស់នេះ ក្រុមការងារពុំបានដកហូតនោះទេ។ ទីតាំង៣.រកឃើញឈើអារប្រភេទលេខមួយចំនួន៧៣៦សន្លឹក ស្មើនឹងជាង៧ម៉ែត្រគូប (ឈើសន្និធិ) និងបានយកទៅកែច្នៃធ្វើជារបងរួចចំនួន៤០០សន្លឹក ស្មើនឹង ៣ម៉ែត្រគូប នៅចំណុចនិយាមការលេខ ៧៤១៩២៣,១៣៩២៤៣៤ ។ ឈើដែលបានរកឃើញ ទាំងអស់នេះ ក្រុមការងារពុំបានដកហូតនោះទេ។
ក្រៅពីកឃើញឈើទាំងអស់នេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសចំនួនពីរនាក់ នៅចំណុចពីរទីតាំងផ្សេងគ្នាដែលមាននិយាមការលេខ ទីមួយនៅ ១៧៤១៩២៣,១៣៩២៤៣៤ ទីពីរនៅចំណុចនិយាមការលេខ៧៤១៩៩២,១៣៩២៥១៧ ។ដើម្បីកសាងសំណុំរឿងតាមនិតិវិធីនៃច្បាប់ព្រៃឈើ៕