រឿងឈ្មួញទិញស្រូវ ជំពាក់មិនឲ្យលុយ សន្យាថា ស្អែកសង ចុងក្រោយ ឈ្មួញ ២នាក់ប្តីប្រពន្ធ អះអាងថា
រឿងឈ្មួញទិញស្រូវ ជំពាក់មិនឲ្យលុយ សន្យាថា ស្អែកសង ចុងក្រោយ ឈ្មួញ ២នាក់ប្តីប្រពន្ធ អះអាងថា មិនមានលុយសងទេ គាត់ចាញ់បោកឈ្មួញជនជាតិវៀតណាមដែរ ចង់យកគាត់ទៅណា ក៏យកទៅចុះ
បាត់ដំបងៈ កសិករចំនួន ២៣ គ្រួសារ ក្នុងស្រុកថ្មគោល ប្រមូលលក់ ស្រូវ ឲ្យឈ្មួញ ដោយឈ្មួញសន្យាថា ស្អែកឲ្យលុយ តែរងចាំជិត ៣ ខែ ទើបដឹងថា ចាញ់បោកឈ្មួញ ។
ប្រជាកសិករ ចំនួន ២៣ គ្រួសារ រស់នៅក្នុងភូមិនិគមក្នុង និងនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅចុងសប្តាហ៍កន្លងមកនេះ បានប្រមូលផ្តុំគ្នា ដើម្បីរកដំណោះស្រាយ និងសុំការអន្តរាគមន៍ ពីថ្នាក់ដឹកនាំពិសេស សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី រឿងឈ្មួញទិញស្រូវ ជំពាក់មិនឲ្យលុយ សន្យាថា ស្អែកសង ហើយទាក់ទងលែងបាន រហូតពលរដ្ឋ ជាកសិករ ទៅប្តឹងនគរបាលប៉ុស្តិ៍ យកលេសដោះសារ អូសបន្លាយពេលរហូត ៣ខែ ចុងក្រោយ ឈ្មួញ ២នាក់ប្តីប្រពន្ធ អះអាងថា មិនមានលុយសងទេ គាត់ចាញ់បោកឈ្មួញជនជាតិវៀតណាមដែរ ចង់យកគាត់ទៅណា ក៏យកទៅចុះ។
កសិករឈ្មោះ អឿន សុវ៉ាន់ ជាជនរងគ្រោះក្នុងចំណោមជាច្រើនបានបញ្ជាក់ប្រាប់ឲ្យដឹង ថា កសិករពួកលោក ប៉ុន្មានឆ្នាំជាប់ៗគ្នានេះ ធ្វើស្រូវ ខូចមិនបានផលឡើយ ទើបឆ្នាំនេះ ស្រូវផ្តល់ទិន្នផលខ្ពស់បន្តិច ក៏ប្រមូលផល លក់ តែបែរជាត្រូវក្រុមឈ្មួញ បោកប្រាស់ មិនឲ្យលុយទៅវិញ ទាំងពួកគាត់ កំពុងមានបញ្ហាខ្វះខាតជីវភាព ជំពាក់លុយធនាគារ ជំពាក់លុយចិន ថ្លៃជី ថ្លៃប្រេង និងជំពាក់ថ្លៃភ្ជួររាស់ ច្រូតកាត់ជាដើម… ។
ជនរងគ្រោះខាងលើ បានបន្ថែមថា កាលពីអំឡុងដើមខែមករា ឆ្នាំ២០២៣ ថ្មីៗនេះ បងប្អូនប្រជាកសិករទាំងអស់ បានប្រមូលស្រូវលក់ឲ្យឈ្មួញដូចរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះ ក្រោយក្រុមឈ្មួញ ថ្លឹងស្រូវទិញរួចហើយ បានប្រាប់ថា ថ្ងៃនេះ គាត់ប្រមូលទិញស្រូវ ច្រើនអស់លុយហើយ ដូចនេះសុំជំពាក់សិន ចាំថ្ងៃស្អែកចាំឲ្យលុយ រហូតដល់បច្ចុប្បន្ន រយ:ពេលជិត ៣ខែហើយ។
ប្រភពពីជនរងគ្រោះម្នាក់ផ្សេងទៀត បានប្រាប់ឲ្យដឹងដែរថា ឈ្មួញដែលឆបោកមិនឲ្យ លុយពួកគាត់ ឈ្មោះ សាយ សង្ហា ជាប្តី និងឈ្មោះ កែវ អាមួយ ជាប្រពន្ធ រស់នៅក្នុង ភូមិសំរោងពេន ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានទិញស្រូវ បោកមិនឲ្យលុយពួកគាត់ សរុប ២៣ គ្រួសារ ដោយក្នុងនោះ ក្នុងមួយគ្រួសារអស់ស្រូវ ចន្លោះពី ៤ ទៅ ៧ តោន សរុបស្រូវទាំង ២៣ គ្រួសារ មានចំនួនជាង ៩៣ តោន ស្មើនឹងទឹកប្រាក់ ចំនួន ២៥.០០០ ដុល្លារអាមេរិក។
ទុកជាន់លើទុក ក្រោយការបង់ខាតប្រាក់ដើមទុននេះ ពួកគាត់បានសម្រេចនាំគ្នា ឡើងប្តឹងទៅដល់តុលាការ ខេត្តបន្ទាយមានជ័យ តែមន្ត្រីរដ្ឋបាលតុលាការ បានសុំយក លុយ ចំនួន ១.០០០ ដុល្លារ ដើម្បីបំពេញបែបបទអនុវត្តក្តី តែពួកគាត់មិនមានលុយ ឲ្យឡើយ។ ប្រជាកសិករគ្រប់គ្នាទាំង ២៣ គ្រួសារ បានទទួចសុំឲ្យថ្នាក់ដឹកនាំ ខេត្តបាត់ដំបង ពិសេសសម្តេចនាយករដ្ឋមន្ត្រី អន្តរាគមន៍ជួយដល់កូនចៅក្រីក្រ ដែលជួបការលំបាកផង ព្រោះរស់ចិញ្ចឹមជីវិតបាន អាស្រ័យដោយការបង្កបង្កើនផលស្រូវ តែមួយមុខគត់៕