Banner KNP Detail Top

រថយន្តចំនួន ១៣ គ្រឿង ក្នុងចំណោម ១៦ គ្រឿង សមត្ថកិច្ចចរាចរណ៍ ឃាត់ រកឃើញថា មានការកែច្នៃខុសលក្ខណៈបច្ចេកទេស

រថយន្តចំនួន ១៣ គ្រឿង ក្នុងចំណោម ១៦ គ្រឿង សមត្ថកិច្ចចរាចរណ៍ ឃាត់ រកឃើញថា មានការកែច្នៃខុសលក្ខណៈបច្ចេកទេស

ភ្នំពេញ៖ លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរ និងជាប្រធានគណៈកម្មការត្រួតពិនិត្យ បច្ចេកទេស របស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានលើកឡើងថា តាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមការងាររបស់លោកស្រី សហការ ជាមួយកំលាំងអង្គភាពជំនាញចរាចរណ៍ បានចុះធ្វើសកម្មភាពជាប្រចាំ និងត្រួតពិនិត្យ ទៅលើយានយន្ត ដែលបំពាក់ឧបករណ៍ខុសលក្ខណៈបច្ចេកទេស មានការបំពាក់ភ្លើង ឡាស៊ែ, ដាក់ ស៊ីម៉ាំងប្រេនបំពងសំឡេង បង្កការរំខានដល់អ្នកដទៃ បាត់សណ្តាប់ធ្នាប់ ក្នុងទីក្រុង និងអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកដំណើរដទៃទៀត ផងដែរ។
រថយន្តចំនួន ១៣ គ្រឿង ក្នុងចំណោម ១៦ គ្រឿង ដែលសមត្ថកិច្ចចរាចរណ៍ ឃាត់បាន កាលពីយប់ ថ្ងៃទី១៦ មីនា កន្លងទៅថ្មីៗនេះ ត្រូវបានរកឃើញថា មានការកែច្នៃខុសលក្ខណៈ បច្ចេកទេស ដូចជាបន្ថែមភ្លើងហ្វា, ដាក់បំពង់ស៊ីម៉ាំងបំពងសម្លេងឲ្យឮខ្លាំង បង្ក សំលេងរំខានដល់អ្នកដទៃ ធ្វើឱ្យបាត់ សណ្តាប់ធ្នាប់ បង្កភាពអនាធិបតេយ្យ ក្នុងទីក្រុង។
មុននឹងចង់កែឆ្នៃបច្ចេកទេសយានយន្តរបស់ខ្លួន ម្ចាស់យានយន្តនោះ ត្រូវសុំទៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធានាថា ការកែច្នៃនោះ ស្របតាមស្តង់ដាបច្ចេទេស បើកបរមិនគ្រោះថ្នាក់ ប៉ះពាល់ដល់អ្នកដទៃ និងបាត់សណ្តាប់ធ្នាប់ក្នុងទីក្រុង។ កន្លងមក ក៏ធ្លាប់មានក្រុមយុវជនខ្លះ ដាក់ថែមទាំង បាស់ចាក់ចំរៀងផ្អើលគេ។
មន្ត្រីនគរបាលចរាចរណ៍ បានបញ្ជាក់ថា កំលាំងយើង នឹងបន្តត្រួតពិនិត្យយានយន្ត កែច្នៃ ខុសបច្ចេកទេស ជាប្រចាំ ដោយសហការជាមួយ ក្រុមត្រួតពិនិត្យបច្ចេកទេស និងអាជ្ញាធរខណ្ឌ ក្នុងការទប់ស្កាត់ នូវអំពើបែបទំនើងតាមដងផ្លូវ ដើម្បីឱ្យទីក្រុងរបស់ យើង រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។ ចំពោះ រថយន្តទាំង ១៣ គ្រឿង ដែលក្រុមបច្ចេកទេស ពិនិត្យឃើញថា មានការកែច្នៃ ខុសលក្ខណៈបច្ចេទេស នឹងត្រូវហៅម្ចាស់រថយន្ត មកធ្វើកិច្ចសន្យា ដកឧបករណ៍កែច្នៃនោះចេញ ឬពិនិត្យលើ កំហុសរបស់ម្ចាស់រថយន្ត កំរិតណា ដើម្បីធ្វើការផាកពិន័យ តាមជាក់ស្តែង។
លោកស្រី បុប្ផា ផានី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ក្នុងរាជធានីភ្នំពេញ សូមចូលរួមគោរពច្បាប់ចរាចរណ៍ នឹងមិនត្រូវបំពាក់ឧបករណ៍ បំពងសំឡេង បំពាក់ភ្លើងហ្វា ឬការតុបតែងខុសបច្ចេកទេស ដែលធ្វើឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងទីក្រុង ហើយសមត្ថកិច្ច នឹងមិនលើកលែង ចំពោះអំពើបែបទំនើង លើដងផ្លូវនេះឡើយ៕

អត្ថបទដែលជាប់ទាក់ទង