ក្មេងទំនើងចំនួន៤នាក់ ព្រួតគ្នាដេញវាយព្រះសង្ឃ រហូតរត់ធ្លាក់ទឹកស្ទឹង
ក្មេងទំនើងចំនួន៤នាក់ ព្រួតគ្នាដេញវាយព្រះសង្ឃ រហូតរត់ធ្លាក់ទឹកស្ទឹង
ខេត្តកណ្តាល ៖ ជនទំនើងទាំង៤នាក់នេះ មាន ៖ ១-ឈ្មោះ សម្បត្តិ វិនសុង ភេទប្រុស អាយុ១៤ឆ្នាំ, ២-ឈ្មោះ សម្បត្តិ វិនស៊ឹង ភេទប្រុស អាយុ១៩ឆ្នាំ ទាំង២នាក់ជាបងប្អូនបង្កើតនឹងគ្នា និងជាជនជាតិខ្មែរ រស់នៅភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ ។ ៣-ឈ្មោះ ង្វៀន យ៉ាំងលឹង ភេទប្រុស អាយុ១៧ឆ្នាំ និង៤-ឈ្មោះ ង្វៀន យ៉ាំងយូ ភេទប្រុស អាយុ២០ឆ្នាំ ទាំង២នាក់ជាជនជាតិវៀតណាម មានទីលំនៅក្នុងភូមិព្រែកទន្លា ឃុំព្រែកជ្រៃដែរ។
ចំណែកសាមណេរដែលរងគ្រោះមានចំនួន៤អង្គ គង់នៅវត្តខេមររាជការាម ហៅវត្តបាក់ណាម ជាប់ព្រំដែនវៀតណាម ស្ថិតក្នុងភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ។
កន្លងមកក្រុមជនទំនើងទាំងនេះ តែងតែនាំគ្នាលេងទាត់បាល់នៅក្នុងវត្តយ៉ាងពពាក់ពពូន និងធ្វើការអុកឡុកជារឿយៗ ហើយព្រះសង្ឃក៏ធ្លាប់បានហៅមកណែនាំជាញឹកញាប់ផងដែរ ប៉ុន្តែពួកគេមិនត្រឹមតែមិនស្តាប់នោះទេ ថែមទាំងឌឺដងឱ្យព្រះសង្ឃវិញទៀតផង ។ កាលពីខែមករាកន្លងទៅ ជនឈ្មោះ សម្បត្តិ វិនសុង និងឈ្មោះ ង្វៀន យ៉ាំងលឹង បានយកផាវមកដុតលេងនៅក្នុងវត្ត បណ្តាលឱ្យខូចខាតដងទង់ជាតិ១ដើម ទើបគណៈកម្មការវត្តប្តឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួនពួកគេអប់រំ ។
ដោយសារតែមានគំនុំពីករណីនេះ ស្រាប់តែកាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ជនទាំង២នេះបានជិះម៉ូតូយកកូនកាំបិ.តមកគំរាមព្រះសង្ឃ និងស្រែកថា «នឹងនាំគ្នាវាយព្រះសង្ឃអង្គណាដែលចេះដឹងរឿងពួកគេ»។ លុះនៅវេលាម៉ោងប្រមាណ៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ពួកគេទាំង៤នាក់ បានជិះម៉ូតូ២គ្រឿងចូលទៅក្នុងវត្ត រួចយកកាំបិ.តផ្គាក់ដេញកា.ប់សាមណេរចំនួន៤អង្គ ដែលកំពុងគង់នៅក្នុងរោងខ្យូសមុខវត្តរហូតធ្វើឱ្យសាមណេរភ័យលោតចូលទឹកស្ទឹងទាំងព្រលឹងចុងសក់ ។ ក្រុមជនស្ទាវទាំងនេះបាននាំគ្នារត់គេចខ្លួនបាត់អស់តែម្តង ហើយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចស្រាវជ្រាវ រហូតឃាត់ខ្លួនបានទាំង៤នាក់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ៕