បញ្ជូនជនជាតិចិន២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី
បញ្ជូនជនជាតិចិន២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើអំពើហិង្សា ដោយ ចាប់ជនជាតិចិនដូចគ្នា ចងដៃ ចងជើង និងយកស្កុតរុំមាត់រុំក្បាល បង្ខាំងទុក
ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បញ្ជូនជនជាតិចិន២នាក់ទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយមានស្ថានទម្ងន់ទោស ចាប់ជនជាតិចិនដូចគ្នាចងដៃចងជើង និងយកស្កុតរុំមាត់រុំក្បាលបង្ខាំងទុកក្នុងគោលបំណងទុច្ចរិត ។
ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ MA JIAN DONCO ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ WANCO YON FU ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ពួកគេស្នាក់នៅផ្ទះលេខ៤០ ផ្លូវលេខ១៦mថ្មី ភូមិតិកូបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សំណុំរឿងខាងលើនេះត្រូវបានស្ថិតនៅលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ។ អង្គហេតុនៃការចាប់ខ្លួនជនសង្ស័យទាំង២នាក់បញ្ជូនទៅតុលាការសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណជិត១០យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរស់នៅក្នុងបុរីឈូកវ៉ា២បានរាយការប្រាប់សមត្ថកិច្ចថា មានជនជាតិចិន២នាក់ ស្នាក់នៅផ្ទះខាងលើនេះ បានធ្វើសកម្មភាពប្រើប្រាស់អំពើហិង្សាលើបុរសជនជាតិចិនម្នាក់ដោយយកខ្សែចងដៃចងជើង និងយកស្កុតរុំមាត់ រុំក្បាល ដោយធ្វើទារុណកម្មសម្លាប់បំបិទមាត់ហើយនិងប៉ុនប៉ងដឹកជនរងគ្រោះយកទៅប្លុងចោលនៅកន្លែងណាមួយ ។ បន្ទាប់ពីមានសេចក្តីរាយការពីប្រជាពលរដ្ឋភ្លាមសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការ និងលោកវរសេនីយ៍ទោ ជា សុវណ្ណ អធិការរង ទទួលផ្នែកព្រហ្មទណ្ឌ ព្រមទាំងកម្លាំងជំនាញ
ឃាត់ខ្លនជនសង្ស័យទាំង២នាក់និងបានរំដោះជនរងគ្រោះផងដែរ ដែលដៃនិងជើងកំពុងជាប់ចំណង ក្បាលរុំជិតដោយស្តុតស្ទើរតែមិនរស់ជីវិត ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចំណែកជនរងគ្រោះបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ សមត្តកិច្ចក៏បានធ្វើការដកហូតវត្ថុតាងមានរថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿង,ម៉ូតូ១គ្រឿង,ទូរស័ព្ទ២ គ្រឿង,ស្កុតនិងស្បោងខ្មៅមួយចំនួនទៀត ដែលជាមធ្យោបាយរបស់ជនសង្ស័យធ្វើសកម្មភាព ។ ក្រោយឃាត់ខ្លួនសង្ស័យក្នុងបទល្មើសជាក់ស្តែងនោះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនពួកគេទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ ៕