Banner KNP Detail Top

លោក ហ៊ុន ម៉ាណែត កោតសរសើរក្រុមការងារ ស.ស.យ.ក ដែលរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីលើកកម្ពស់កិត្តិនាមរបស់ជាតិ

លោក ហ៊ុន ម៉ាណែត កោតសរសើរក្រុមការងារ ស.ស.យ.ក ដែលរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីលើកកម្ពស់កិត្តិនាមរបស់ជាតិ

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក លើកកម្ពស់កិត្តិនាមរបស់ជាតិ។
តាមរយៈបណ្តាញសង្គមផ្លូវការ លោកបណ្ឌិតបានបញ្ជាក់យ៉ាងដូច្នេះថា «សូមកោតសរសើរ ចំពោះការខិតខំរៀបចំរបស់ក្រុមការងារ និងយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមរៀបចំយ៉ាងសកម្ម ចំពោះការរៀបចំបេះដូង ដើម្បីលើកកម្ពស់កិត្តិនាមរបស់ជាតិយើង»។
សូមជម្រាបថា បេះដូងដែលបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត គឺបានមកពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទីរួចមក ដើម្បីយកមករៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងត្រៀមបំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ហើយការប្រកាសលទ្ធផលនៃការរាប់បេះដូងនេះ ក៏បង្ហាញនូវវប្បធម៌អរូបិយ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។
យុទ្ធនាការ BeyondTheGames នឹងរៀបចំការបំបែកឯតទគ្គពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ជាផ្លូវការ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត៕

អត្ថបទដែលជាប់ទាក់ទង