បញ្ជូនជនសង្ស័យ ៤នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ករណីបាញ់ជនរងគ្រោះ បណ្តាលឱ្
បញ្ជូនជនសង្ស័យ ៤នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ករណីបាញ់ជនរងគ្រោះ បណ្តាលឱ្យរបួសនៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធខ្លី) ប្រព្រឹត្តកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ នៅចំណុចរោងចក្រឌីស ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការឃាត់ខ្លួននេះធ្វើឡើងនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ដោយយោងតាមពាក្យបណ្តឹងឈ្មោះ ហ៊ូ ណុច ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់៖
១. ឈ្មោះ អឿន លីផេង (ប៉ក់) អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២. ឈ្មោះ ស៊ីន លាភ អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៣. ឈ្មោះ ស៊ុន សុខុម (ចិត្រ) អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន មណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៤. ឈ្មោះ ឡុត សារី (រិទ្ធ) អាយុ៣៨ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា នៅវេលាកើតហេតុជនសង្ស័យចំនួន៣នាក់ បាននាំគ្នាជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ 1Y-1198 នាំគ្នាជិះដល់ចំណុចកើតហេតុខាងលើជនស្ស័យឈ្មោះ ស៊ុន សុខុម បានចុះពីលើម៉ូតូទិញបាយ ចំណែកបក្ខពួកបានជិះម៉ូតូបន្ត ពេលជិះហួសរោងចក្រឌីសប្រហែល២០ម៉ែត្រ បានជួបជាមួយជនរងគ្រោះឈ្មោះ អេង ស៊ីនឡាយ អាយុ២០ឆ្នាំ ហើយមានជម្លោះគ្នាក្នុងពេលបើកបរតាមផ្លូវ ហើយជនរងគ្រោះពុំដឹងរឿងក៏បើកម៉ូតូតាមផ្លូវធម្មតា បន្ទាប់មកជនសង្ស័យឈ្មោះ អឿន លីផេង និងឈ្មោះ ស៊ុន លាភ បានជិះម៉ូតូតាមជនរងគ្រោះ និងបានប្រើកាំភ្លើងបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួស និងដួលម៉ូតូតែម្តង ក្រោយធ្វើកសកម្មភាពជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួន។
ក្រោពីឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាង កាំភ្លើងខ្លីម៉ាក M1911AI U.S.ARMY ចំនួន១ដើម គ្រាប់កាំភ្លើង9mm ចំនួន១៧គ្រាប់ គ្រាប់កាំភ្លើងខ្ជិបចំនួន៣២គ្រាប់ និងសំបកគ្រាប់ចំនួន៤គ្រាប់ ដកហូតពីឈ្មោះ ឡុត សារី នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី។
បន្ទាប់ពីឃាត់ខ្លួននិងសួរចម្លើយ ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្ត ប្រើកាំភ្លើងបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាពជនសង្ស័យទាំងនាក់ រួមទាំងមានវត្ថុតាងផងនោះទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រទី១៤ ខែមេសា ឆ្នាំ២០២៣ អនុវត្តតាមនីតិវិធី៕