នៅរសៀលថ្ងៃទី៣០នេះ! ព្រះអគ្គិជ័យកីឡា ត្រូវបានបន្តដង្ហែទៅដល់ទីរួមខេត្តពោធិ៍សាត់
នៅរសៀលថ្ងៃទី៣០នេះ! ព្រះអគ្គិជ័យកីឡា ត្រូវបានបន្តដង្ហែទៅដល់ទីរួមខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ ព្រះអគ្គិជ័យកីឡា (ភ្លើងគប់) សម្រាប់ព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានដង្ហែទៅដល់ទីរួមខេត្តពោធិ៍សាត់ហើយ ដែលទទួលដោយលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ព្រមទាំងមន្ត្រីរាជការសាលាខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងខេត្តជាច្រើនកុះករ។
ពិធីដង្ហែនេះដឹកនាំដោយលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។
សម្រាប់ពិធីប្រគល់-ទទួលភ្លើងគប់ជាផ្លូវការ ត្រូវបានធ្វើឡើងនៅលើបុរីវប្បធម៌កោះសំពៅមាស និងមានការបាញ់កាំជ្រួចអបអរសាទរ រួចបន្តដង្ហែទៅរក្សាទុកនៅវត្តពាលញែក ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុននឹងឈានទៅបន្តដង្ហែទៅកាន់ខេត្តបាត់ដំបង នាថ្ងៃស្អែក។
សូមជម្រាបថា ព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែចូលដល់ប្រទេសកម្ពុជាវិញ នាព្រឹកថ្ងៃទី២៧ ខែមេសា ដែលជាទីតាំងប្រកួតកីឡា SEA Games និង ASEAN Para Games ក្រោយពិធីដង្ហែទៅបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ និងទីម័រខាងកើត ក្នុងរយៈពេលជាង១ខែ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។
ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជាបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងផុសផុលជាបន្ដបន្ទាប់ក្នុងការដង្ហែទៅកាន់ប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងឡាវជាប្រទេសចុងក្រោយ៕