ធ្លាយរឿងកើតអំពើហិង្សាមួយ ដែលបង្កដោយក្រុមពលរដ្ឋនេសាទ ខុសច្បាប់ បានប្រព្រឹត្តលើមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍
ធ្លាយរឿងកើតអំពើហិង្សាមួយ ដែលបង្កដោយក្រុមពលរដ្ឋនេសាទ ខុសច្បាប់ បានប្រព្រឹត្តលើមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍
បន្ទាយមានជ័យៈ ធ្លាយរឿងកើតអំពើហិង្សាមួយ ដែលបង្កដោយក្រុមពលរដ្ឋនេសាទ ខុសច្បាប់ បានប្រព្រឹត្តលើមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ ។
រដូវប្រាំង ខើចទឹក នាខែមេសា ឆ្នាំ២០២៣ នេះ ក៏មិនខុសពីរាល់ឆ្នាំដែរ នៅអាងត្រពាំងថ្ម(តំបន់ការពារធម្មជាតិ ទេសចរណ៍ អាងត្រពាំងថ្ម) ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាននឹងកំពុងកើតឡើង នូវបទល្មើសច្រើនពេញបន្ទុក ។ មន្ត្រីជំនាញខ្លះ មិនព្រមបំភ្លឺឡើយ។ ប៉ុន្តែមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចជំនាញខ្លះ បាននិយាយថាករណីនេះ មិនអាចចាត់ការក្តៅគគុកបានទេ ព្រោះប្រជានេសាទល្មើស និងមន្ត្រី ក៏ដូចជា ប្រជាសហគមន៍ការពារ សុទ្ធតែជា ពលរដ្ឋយើងដូចគ្នា ។ ហេតុនេះ មានតែមន្ត្រីចម្រុះ បន្តខិតខំផ្សព្វផ្សាយ ឱ្យពលរដ្ឋ យល់ច្បាស់ ហើយចូលរួមទប់ស្កាត់បទល្មើស ជាជាងបង្ក្រាបបទល្មើស នាំឱ្យអ្នក ជាប់គុក និងអ្នកឈ្នះ អ្នកចាញ់ ។ នេះបើយោងតាមប្រភពព័ត៌មាន ពីក្រុមមន្ត្រីថ្នាក់ មូលដ្នាន និងមន្ត្រីឧទ្យានុរក្ស ។
កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ ប្រភពព័ត៌មានពីអាងត្រពាំងថ្ម បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ ចំនួនអ្នកនេសាទមច្ឆជាតិ ដែលមកពីភូមិឈូកអាង (នៅក្នុងអាង) ភូមិពង្រ និងឃុំសំបួរ ឃុំប៉ោយចារ និងមកពីភូមិនានា ក្នុងឃុំនានា នៃស្រុកភ្នំស្រុកស្រុកព្រះនេត្រព្រះ និងស្រុកស្វាយចេក ចំនួនរាប់រយពាន់នាក់ បាននឹងកំពុងសម្រុក នេសាទទាំងថ្ងៃ ទាំងយប់ នៅក្នុងផ្ទៃទឹកអាងដែលមានទឹក កាន់តែខើច ។ ចំនួននេះ ទោះនេសាទជាលក្ខណៈគ្រួសារ និងមិនប្រើប្រាស់ ឧបករណ៍ ល្មើសនេសាទ ក៏វាបានបង្កឱ្យខ្ទេចខ្ទី មច្ឆជាតិក្នុងអាងដែរ ពោលគឺ វាច្រើនលើសលុបពេក ។ ប៉ុន្តែលើសពីព្រួយបារម្ភជាខ្លាំងនោះ ការនេសាទ ពេលល្ងាច ទៅយប់ គឺតែងតែប្រើប្រាស់ឧបករណ៍ល្មើសនេសាទ មានប្រើអាំងវែរទ័រ (ឆក់) អួន មុង ស្បៃក្រឡាល្អិត ជាដើម។
ដោយទ្រាំទ្រនឹងការហក់ឡើង នៃបទល្មើសនេសាទ (ឆក់) ក្នុងតំបន់នោះ មិនបាន ទើបនៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣កន្លងមក ក្រុមឧទ្យានុរក្ស ដឹកនាំដោយ លោក អនុប្រធានមន្ទីរបរិស្ថានម្នាក់ ឧទ្យានុរក្ស សមាជិកសហគមន៍ តំបន់ការពារ ធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម (នៃមន្ទីរបរិស្ថានខេត្ត) សហគមន៍នេសាទ បានចុះទៅល្បាត ។ លុះដល់ម្តុំម៉ោង ៨ យប់ដដែល ក៏ផ្ទុះអំពើហិង្សាមួយ កើតឡើង ក្នុងតំបន់ការពារ ។ ក្នុងនោះ ក្រុមល្បាត ដូចខាងលើ បានជិះទូក និងដើរកាត់វាលភក់ ទៅល្បាតបទល្មើសក្នុងតំបន់ ។ ស្ទើរតែទៅទាន់ក្រុមប្រព្រឹត្តបទល្មើសទៅហើយ តែដោយចាប់ការណ៍បានតាមទូរស័ព្ទ និងតាមវិទ្យុទាក់ទងរបស់ក្រុមល្បាត ក្រុមប្រជានេសាទល្មើស ជាច្រើននាក់ បានរត់គេចខ្លូន ។
ក្នុងឱកាសនោះ ក្រុមការងារល្បាត រឹបអូសបាននូវវត្ថុតាងល្មើសមួយចំនួន ដូចជា អាយកូម (វិទ្យុទាក់ទង) ទូរស័ព្ទ ឧបករណ៍ឆក់កាំភ្លើងខ្យល់ ដងដោល ចង្វារទូក ..។
ប៉ុន្តែមួយសន្ទុះក្រោយមក ដោយទំនងជាអ្នកពីក្រោយខ្នង បញ្ជាថា កុំឱ្យក្រុមល្បាត មានភស្តុតាង ទើបក្រុមប្រជានេសាទល្មើសច្បាប់ទាំងនោះ មានគ្នា ៦–៧ នាក់ បាន ជិះទូក ១គ្រឿង វិលមកវិញ យ៉ាងប្រញាប់ ហើយស្រែកសន្ធាប់បិទខ្ទប់ក្រុមល្បាត។
ដំណាលគ្នានោះ ពួកប្រជានេសាទល្មើសច្បាប់ ក៏ប្រើដំបង ដងដោល… វាយសង្គ្រប់ មកលើមន្ត្រីឧទ្យានុរក្ស សមាជិកសហគមន៍សហគមន៍នេសាទ ដែលជិះទូក ១ដែរ ដែលមានគ្នា ៥–៦ នាក់ គឺក្នុងបំណងដណ្តើមវត្ថុតាងល្មើស ដូចខាងលើ និងបាឡូ១ ដែលក្នុងនោះ មានឯកសារ និងលុយ ៦ លានរៀល ។ នៅពេលនោះ ក៏មានការវាយ តបតទៅវិញ ហើយទីបំផុត ក្រុមប្រជានេសាទ យកបាឡូនោះបាន ហើយចេញទៅ។
ឯវត្ថុតាងផ្សេងទៀត ត្រូវក្រុមល្បាតបានបញ្ជូនចេញផុត តាមទូក១គ្រឿងផ្សេងទៀត ។
ក្នុងអំពើហិង្សានោះ បង្កឱ្យឧទ្យានុរក្ស (មន្ត្រីបរិស្ថាន) ម្នាក់ ឈ្មោះ ថៃ សុខន ភេទប្រុស អាយុខ្ទង់ ៣៦ ឆ្នាំ រងរបួសស្រាល និងសមាជិកសហគមន៍ម្នាក់ ឈ្មោះ ស្មិញ ខ្មៅ ភេទប្រុស អាយុខ្ទង់ជិត ៦០ ឆ្នាំ បានរងរបួសធ្ងន់ ត្រង់ក្បាល ដៃ និងដងខ្លួន ។ចំណែកខាងប្រជានេសាទល្មើសច្បាប់ ក៏មានអ្នករងរបួស ផងដែរ ។
សូមបញ្ជាក់ដែរថា នៅដំណាលគ្នា មានរឿងនោះ ក្រុមល្បាតបានទាក់ទងទៅសុំ អន្តរាគមន៍ពីលោក ជូ បុត្រ អភិបាលស្រុក លោកអធិការរង ទទួលព្រហ្មទ័ណ្ឌ, លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកដែរ ដើម្បីសុំកម្លាំង មកអន្តរាគមន៍ ។ប៉ុន្តែអស់លោកស្រុក មិនព្រមបញ្ជូនកម្លាំងមកទេទេ ដោយបន្ទោស ថា ក្រុមល្បាត ចុះល្បាតមិនបានរាយការណ៍ និងមិនសហការនឹងអាជ្ញាធរ សមត្ថកិច្ចដែនដី ។
ក្រុមល្បាត បានទាក់ទងសុំអន្តរាគមន៍ទៅលោក យឹម លី ប្រធានមន្ទីរបរិស្ថាន ខេត្ត ហើយលោកក៏ទាក់ទងសុំអន្តរាគមន៍ ពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ។ ទាល់តែលោក ព្រះរាជអាជ្ញា បញ្ជាទៅទើបលោកអភិបាលស្រុក លោកអធិការ បញ្ជូនកម្លាំងនគរបាលស្រុក និងអាជ្ញាធរស្រុក ព្រមបញ្ជូនកម្លាំង ទៅជួយក្រុមល្បាត ។
ប្រភពព័ត៌មាន បានបញ្ជាក់ថា លុះថ្ងៃបន្តបន្ទាប់ ជនរងគ្រោះ របួសធ្ងន់ ត្រូវបញ្ជូនទៅ មន្ទីរពេទ្យ ក្នុងខេត្តបន្ទាយមានជ័យ រួចតទៅបាត់ដំបង និងឥឡូវថា ទៅដល់ភ្នំពេញ ។
ឧបទ្ទវហេតុនេះ អ្នកសារព័ត៌មានបានទាក់ទងទៅឧទ្យានុរក្ស (មន្ត្រីបរិស្ថាន) រងរបួសស្រាល លោក ថៃ សុខន ប៉ុន្តែលោកមិនហ៊ានបំភ្លឺរឿងនេះទេ។
ចំណែកសមាជិកសហគមន៍ការពារ លោក ស្មិញ ខ្មៅ និងក្រុមគ្រួសារ អ្នកយកព័ត៌មាន ហៅទូរស័ព្ទចូល តែបានឆ្លើយត្រឹមថា ឱ្យសួរទៅឧទ្យានុរក្ស និងប្រធានមន្ទីរ បរិស្ថាន ជាអាណាព្យាបាលវិញ។
បន្ទាប់មក អ្នកយកព័ត៌មាន ក៏បានទាក់ទងសួរលោក អនុប្រធានមន្ទីរបរិស្ថានម្នាក់ ដែលដឹកនាំចុះល្បាត ពេលនោះដែរ តែលោកមិនផ្តល់ព័ត៌មាន ដោយបង្វែរឱ្យសួរទៅ លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត ទើបមានសិទ្ធិ ។
ចំណែកលោកយឹម លី ពេលអ្នកយកព័ត៌មាន ទាក់ទងហៅទូរស័ព្ទចូលជាច្រើនលើក នៅថ្ងៃទី ២៨–៣០ ខែមេសា តែទូរស័ព្ទគ្មានអ្នកទទួល។
កាលពីថ្ងៃទី២៩ ខែមេសា ទោះយ៉ាងណា លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក បានប្រាប់ថា ពិតជាមានបទល្មើសនេសាទ នៅតំបន់អាងហើយ មានអំពើហិង្សា ដូចខាងលើមែន ។ ប៉ុន្តែលោកប្រធានមន្ទីរបរិស្ថាន រដ្ឋបាលស្រុក នគរបាលស្រុក និងតំបន់ការពារអាងត្រពាំងថ្ម បានព្យាយាមសុំយោបល់ លោកព្រះរាជាអាជ្ញា ដើម្បីសម្របសម្រួល បញ្ចប់រឿង នៅមូលដ្ឋាន មិនចង់បញ្ជូន ទៅតុលាការទេ ព្រោះភាគីសងខាង សុទ្ធតែជាពលរដ្ឋ នៅស្រុកភូមិដូចគ្នា។
ម្យ៉ាងកាលៈទេសៈនេះ មិនអំណោយផលឡើយ ។
ផ្ទុយទៅវិញ ខណៈនេះ សហគមន៍ នៃតំបន់ការពារធម្មជាតិ ទេសចរណ៍អាងត្រពាំង ថ្មស្រុកភ្នំស្រុក រកថវិកាបាន ៧០០ ដុល្លារអាម៉េរិកផ្ញើជូនលោក ស្មិញ ខ្មៅ ដើម្បីបង់ថ្លៃសង្គ្រោះ ព្យាបាល។ ឯសមាគមសម្ព័ន្ធសត្វព្រៃ (WCS) ក៏ថា នឹងជួយថវិកាថ្លៃព្យាបាលដែរ តែចាំមើលខាងពេទ្យ ចេញវិក្កយបត្រ គេនឹងជួយថវិកា ព្យាបាលខ្លះដែរ ដល់ក្រុមល្បាតដែលរងរបួស ។
លោក ជូ បុត្រ បានបន្តថា ចំណែកសំណុំរឿងព្រហ្មទណ្ឌនេះ អាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ស្រុក បាននឹងកំពុងទាក់ទងភាគី ទាំងជនរងគ្រោះ និងជនបង្ក ដើម្បីឱ្យបញ្ចប់ រឿង កុំឱ្យវែងឆ្ងាយ។ ព្រោះថា បំណងរបស់អាជ្ញាធរស្រុក អធិការដ្ឋាននគរបាលស្រុក និងមន្ទីរបរិស្ថាន ចង់បន្តចុះផ្សព្វផ្សាយ អប់រំពលរដ្ឋ ឱ្យយល់ដឹង និងស្ម័គ្រចិត្តចូលរួម ទប់ស្កាត់បទល្មើសនេសាទ បទល្មើសបរបាញ់បទល្មើសនានាក្នុងតំបន់ ជាជាង បង្ក្រាប ចាប់ចង បញ្ជូនទៅកាត់ទោសដាក់គុកច្រវ៉ាក់ ។ ដ្បិតបងប្អូនជាពលរដ្ឋ ក្នុងភូមិស្រុកដូចគ្នា ។
ទោះយ៉ាងណា ប្រភពស្និទ្ធនឹងជនរងគ្រោះ បានព្រមានថា បើករណីល្មើស និងបង្ករ របួសស្នាម ជាក់ស្តែងធ្ងន់ធ្ងរបែបនេះពីសំណាក់ជនល្មើស តំបន់ឧទ្យាន លើឧទ្យានុក្ស លើសមាជិកសហគមន៍ បែបនេះហើយ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ស្រុក និងមូលដ្ឋាន មិនចាត់ការតាមច្បាប់ទេ ពួកគេក៏លែងមានមនសិការស្រឡាញ់ ធនធានធម្មជាតិ លែងមានទឹកចិត្ត បម្រើការនេះទៀតដែរ។
ពួកគេក៏ស្នើសុំអន្តរាគមន៍ រកយុត្តិធម៌ពីលោក អភិបាលខេត្ត ពីលោករដ្ឋមន្ត្រី ក្រសួងបរិស្ថាន ពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងពីថ្នាក់លើពាក់ព័ន្ធ ដោយទទូច ផងដែរ ។
ចុងក្រោយ ត្រឹមល្ងាចថ្ងៃទី៣០ ខែមេសា នេះ មានព័ត៌មានធ្លាយមកថា លោកអធិការ អធិការរងទទួលព្រហ្មទ័ណ្ឌស្រុកភ្នំស្រុក បានគម្រាមទៅមន្ត្រីបរិស្ថាន ឧទ្យានុរក្ស និងសហគមន៍ការពារថា ពួកគេនឹងប្តឹងបកលើក្រុមល្បាតនេះ ថា មិនជូនព័ត៌មាន និងមិនសហការ លើការងារតំបន់ ។ នោះបើសិនជាក្រុមល្បាត និងដោយឡែក ជនរងគ្រោះ ប្តឹងផ្តល់រឿងហិង្សានេះទៅថ្នាក់លើ ៕