ជនសង្ស័យម្នាក់ ប្រជាពលរដ្ឋចាប់បាន បន្ទាប់ពីធ្វើសកម្មភាពបម្រុងលួចទ្រព្យសម្បត្តិ
ជនសង្ស័យម្នាក់ ប្រជាពលរដ្ឋចាប់បាន បន្ទាប់ពីធ្វើសកម្មភាពបម្រុងលួចទ្រព្យសម្បត្តិ ពីអ្នកលក់ផ្លែដូង
ភ្នំពេញ ៖ កាលពី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចមហាវិថីព្រះមុនីវង្ស ក្បែរស្តុបពេទ្យចិន ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បុរសជាអ្នកលក់ផ្លែដូង បានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែចេញពីលក់ផ្លែដូង មកសម្រាកនៅក្រោមដើមឈើក្បែរអគារមួយកន្លែង ចំណុចមហាវិថីព្រះមុនីវង្ស កែងផ្លូវ២៧៨។ លុះសម្រាន្តលក់ដល់ម៉ោង៣ទៀបភ្លឺ គាត់ក៏បានភ្ញាក់ពីគេង រួចទៅបត់ជើងតូច ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ មានកាបូបស្ពាយ (កាតាប) កំពុងអង្គុយលើកៅអីជ័រក្បែរបុរសរងគ្រោះដែលជាអ្នកដូងដូចគ្នា។
បុរសចំណាស់អ្នកលក់ផ្លែដូង ប្រាប់ឱ្យដឹងបន្តថា ពេលនោះគាត់ក៏បានស្រែកសួរ ព្រោះមិនដែលស្គាល់ជនសង្ស័យទាំង២នាក់នោះទេ។ ខណៈពេលគាត់ស្រែកសួរនោះ ក៏ធ្វើឱ្យជនរងគ្រោះភ្ញាក់ឡើង រួចឆែកមើលទ្រព្យសម្បត្តិ ស្រាប់តែបាត់អស់រលីងតែម្ដង។ ភ្លាមៗនោះ ពួកគាត់ក៏នាំគ្នាដេញតាមចាប់ជនសង្ស័យទាំង២នាក់។ បន្ទាប់មកប្រជាពលរដ្ឋឃើញហេតុការណ៍ដូច្នេះ ក៏នាំគ្នាជួយដេញតាមចាប់ខ្លួនបានម្នាក់ និងធ្វើការឆែកឆេរមើលកាបូបស្ពាយនោះ ស្រាប់តែឃើញមានកម្ទេចកញ្ចប់បារី និងកូនថង់តូចមួយ ដោយសង្ស័យថា «ជាគ្រឿងញៀន» ក៏នាំគ្នាឃាត់សួរនាំ ទើបជនសង្ស័យឆ្លើយថា «ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតមែន ព្រមទាំងបានលួ.ចកៅអីជ័រគេ លុះដើរមកដល់ចំណុចកើតហេតុ ក៏អង្គុយចុះ ស្រាប់តែត្រូវពូលក់ផ្លែដូងដឹងមុន ទើបនាំគ្នារត់តែម្ដងទៅ»។ ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ប្រជាពលរដ្ឋនាំគ្នាទាក់ទងទៅសមត្ថកិច្ចព្រមទាំងសំណូមពរឱ្យសមត្ថកិច្ចមានចំណាត់ការទៅលើក្រុមជនសង្ស័យដែលប្រើប្រាស់គ្រឿ.ងញៀ.ន និងតែងតែបន្លំលួ.ចទ្រព្យសម្បត្តិគេផង ព្រោះករណីនេះ មិនមែនជាលើកទី១នោះទេ ដែលពួកគាត់ត្រូវបានគេលួ.ចទ្រព្យនោះ៕