Banner KNP Detail Top

លោក ហ៊ុយ វណ្ណៈ ៖ អ្នកតាព្រះចៅនៅវត្តភ្នំ មិនមែនជាអ្នកតាចិនទេ

លោក ហ៊ុយ វណ្ណៈ ៖ អ្នកតាព្រះចៅនៅវត្តភ្នំ មិនមែនជាអ្នកតាចិនទេ ខណៈពលរដ្ឋខ្មែរមួយចំនួនបែងចែកមិនទាន់ដាច់ ឬនៅមានភាពស្រពេចស្រពិល

ភ្នំពេញ៖ ដកស្រងសំណេរពីគណនីហ្វេសប៊ុក លោក ហ៊ុយ វណ្ណៈ ប្រធានសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងថា អ្នកតាព្រះចៅ នៅវត្តភ្នំ មិនមែនជា អ្នកតាចិន ទេ! ខ្ញុំសូមចែករំលែកការពិតមួយឡើងវិញ ហើយបើនៅខ្វះចន្លោះ ក៏សូមជួយបំភ្លឺបន្ថែម ៖
១-• តើ «អ្នកតាព្រះចៅ» ជានរណា? ការពិត អ្នកតាព្រះចៅ គឺជារូបព្រះវិស្ណុ ធ្វើពីថ្ម ដែល «លោកយាយពេញ» ឬដូនពេញ រើសបានពីក្នុងគល់គគី នៅដំណាក់កាលកកើតទីក្រុងភ្នំពេញ ហើយក៏ប្រសិទ្ធនាមហៅថា «លោកតាព្រះចៅ ឬ អ្នកតាព្រះចៅ»។
២-• តាមឯកសារស្រាវជ្រាវ ក្នុងសម័យអាណានិគមបារាំង អាស្រមរបស់ អ្នកតាព្រះចៅ គឺធ្វើពីឥដ្ឋ ហើយក៏មានរចនាបថជាខ្មែរដែរ ដោយមានទ្វាបាលឈរអមសងខាង។ ចំណេរបន្តមក ដោយសារមានជនជាតិចិន មានជំនឿលើ អ្នកតាព្រះចៅ គេក៏ធ្វើអាស្រមថ្មីស្រោបពីលើ។ ជាបន្តបន្ទាប់ មនុស្សជំនាន់ក្រោយខ្លះ ក៏យល់ច្រឡំថា អ្នកតាព្រះចៅ ជា អ្នកតាចិន។ នៅពេលមានពិធីកាត់ឆុង ឬចូលឆ្នាំចិន មនុស្សម្នានាំគ្នាឡើងទៅសុំពរជ័យពី អ្នកតាព្រះចៅ ហើយក៏មានអ្នកផងខ្លះបានទៅសែនព្រេន ដោយគប់ពង មាន់ទា សែនសាច់ជ្រូកឆៅ ទៅតាមគេប្រាប់ និងតាមជំនឿថាជា «ការកាត់គ្រោះទៅតាម គ្រូហុងស៊ុយ»។


៣-• ការរំលឹកនេះ មិនមែនបន្ទច់បង្អាក់ជំនឿទេ ប៉ុន្តែយើងត្រូវស្គាល់ការពិតឱ្យបានច្បាស់។
ទន្ទឹមនិងនេះ លោក ហ៊ុយ វណ្ណៈបានបន្ថែមថា «អ្នកតាព្រះចៅ» នៅវត្តភ្នំ ដូនពេញ គឺជាព្រលឹងដូនតាខ្មែរយើងសុទ្ធសាធ ៕

អត្ថបទដែលជាប់ទាក់ទង