Banner KNP Detail Top

ឈ្មួញវៀតណាម បានបន្តឆ្លងដែន ចូលមកប្រមូលទិញអាចម៍គោ អាចម៍ក្របី ហើយដឹកឆ្លងដែន

ឈ្មួញវៀតណាម បានបន្តឆ្លងដែន ចូលមកប្រមូលទិញអាចម៍គោ អាចម៍ក្របី ហើយដឹកឆ្លងដែន ទៅប្រទេសវៀរណាម តាមច្រករបៀងនានា

ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី២៥មករា២០២៤ នេះ ឈ្មួញវៀតណាម ចូលមកទិញអាចម៍គោ អាចម៍ក្របី ពីស្រុកយើង ខណៈដែលប្រជាកសិករខ្មែរយើង បានឆ្លងដែនទៅទិញជីពីប្រទេសវៀតណាម មកប្រើប្រាស់លើដំណាំស្រូវ និងបន្លែបង្កា។
ប្រជាពលរដ្ឋនៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្រ្ទា បានប្រាប់ថា មានឈ្មួញវៀតណាមជាច្រើន បានដើរប្រមូលទិញអាចម៍គោ អាចម៍ក្របី ដឹកទៅប្រទេសវៀតណាម។ អាចម៍គោ អាចម៍ក្របីស្ងួត ក្នុង ១ការ៉ុង លក់បាន ២,៥០០រៀល (១ការ៉ុង ស្មើនឹង ១៧គីឡូក្រាម ) ហើយក្នុង ១គ្រួសារ ចិញ្ចឹមគោ និងក្របីយ៉ាងតិច ៣០ក្បាល ទៅ ១០០ក្បាល ដើម្បីប្រមូលអាចម៍គោ និងអាចម៍ក្របី ហើយហាល ក្នុង ១ខែ គ្រួសារខ្លះ ប្រមូលបានចាប់ពី ៥០ការ៉ុង ទៅ ១០០ការ៉ុង គិតជាប្រាក់ លក់បាន ១២០,០០០រៀល ទៅ ២៥០,០០០រៀល។ គ្រួសារខ្លះ ប្រមូលបាន ១៥០ការ៉ុង លក់បាន ៣៧០,០០០រៀល។
ប្រជាកសិករ បានលើកឡើងថា បើគិតជាមធ្យម ក្នុងឃុំចន្ទ្រា យ៉ាងតិច ៣០០គ្រួសារ ដែលចិញ្ចឹមគោក្របី ហើយប្រជាពលរដ្ឋ ដែលរស់តាមបន្ទាត់ព្រំដែន ក្នុងស្រុកចន្ទ្រា គឺមានប្រមាណ ៨០ភាគរយហើយ ដែលប្រកបមុខរបរចិញ្ចឹមសត្វគោក្របី ដើម្បីយកអាចម៍គោក្របី លក់ឱ្យវៀតណាម។ ក្នុងស្រុកចន្ទ្រា គឺមាន ០៦ឃុំ មានឃុំចន្ទ្រា ឃុំច្រេស ឃុំគគីរ ឃុំមេសថ្ងក ឃុំសំរោង និងឃុំទួលស្តី ដូច្នេះបើរាប់អ្នកចិញ្ចឹមក្របី គឺមិនតិចជាង ១ពាន់គ្រួសារទេ។


ទាក់ទិនករណីនេះ លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានប្រាប់ថា នៅក្នុងស្រុកចន្ទ្រា មានប្រជាពលរដ្ឋចិញ្ចឹមសត្វគោក្របី សរុប ១៩១៣៤ក្បាល។ ក្នុងនោះ សត្វក្របី មាន៨៥៣២ក្បាល និងសត្វគោចំនួន ១០៦០២ក្បាល។ នេះបើគិតត្រឹមឆមាសទី១ ក្នុងឆ្នាំ២០២៣ ។


អាចម៍គោក្របី លក់ចេញទៅប្រទេសវៀតណាម ក្នុង ១ឆ្នាំៗ រាប់រយតោន ហើយពេលប្រជាកសិករ ធ្វើស្រែ និងដាំដំណាំ ត្រូវទៅទិញជីគីមី ពីប្រទេសវៀតណាម មកប្រើប្រាស់វិញ ក៏រាប់សិបតោនដែរ៕

អត្ថបទដែលជាប់ទាក់ទង