Banner KNP Detail Top

ច្រានចោលព័ត៌មាន បង្កឱ្យមានការភាន់ច្រឡំរបស់វិទ្យុបរទេសមួយ បំភ្លៃទាំងស្រុងការងារដ៏សំខាន់ របស់ស្ថានទូតកម្ពុជានៅបរទេស

ច្រានចោលព័ត៌មាន បង្កឱ្យមានការភាន់ច្រឡំរបស់វិទ្យុបរទេសមួយ បំភ្លៃទាំងស្រុងការងារដ៏សំខាន់ របស់ស្ថានទូតកម្ពុជានៅបរទេស


(ភ្នំពេញ)៖ នេះបើតាមសេចក្តីថ្លែងការណ៍ព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការបរទេស ដែលមានចំណងជើងថា «អ្នករាយការណ៍ព័ត៌មានគួរធ្វើការ ដោយផ្អែកលើអង្គហេតុពិត និងស្ថិតិ មិនមែនផ្អែកលើពាក្យចចាមអារ៉ាម និងព័ត៌មានបំភាន់ទេ» ដែលបណ្តាញព័ត៌មាន ទទួលបាន។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការខកចិត្ត និងច្រានចោលអត្ថបទ ដែលបង្កឱ្យមានការភាន់ច្រឡំរបស់វិទ្យុបរទេសមួយផ្សាយជាខេមរភាសា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដែលផ្សាយផ្អែកទាំងស្រុងលើប្រភពព័ត៌មានមិនបានផ្ទៀងផ្ទាត់ ក្នុងគោលបំណងបំភ្លៃទាំងស្រុងនូវការងារដ៏សំខាន់របស់ស្ថានទូតកម្ពុជា នៅបរទេស។
អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងការណ៍ ២ចំណុច រួមមាន៖
* ទី១៖ ការផ្សព្វផ្សាយថា ស្ថានតំណាងកម្ពុជា ធ្វើការដោយមាននិន្នាការនយោបាយ និងមិនមានការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កម្មករ គឺធ្វើឡើងដោយគ្មានមូលដ្ឋាន មានភាពលម្អៀង និងមានការរើសអើង។ ការពិត គឺគ្រប់ស្ថានតំណាងកម្ពុជាទាំងអស់ខិតខំបំពេញការងារ ដោយមិនខ្លាចនឿយហត់ ក្នុងការជួយគាំពារ និងជួយឧបត្ថម្ភពលរដ្ឋកម្ពុជានៅក្រៅប្រទេស ដោយអនុលោមតាមច្បាប់ និងមិនគិតពីនិន្នាការនយោបាយទេ។
ក្នុងស្ថានភាពរីករាលដាលធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ-១៩ក្នុងឆ្នាំ២០២០ ស្ថានតំណាងកម្ពុជា នៅបរទេស បានសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរប្រមាណ ២.៩០០ នាក់ និងបានផ្តល់ដោយគ្មានការរើសអើង នូវជំនួយរដ្ឋបាលកុងស៊ុល និងសម្ភារៈជូនពលករនិងនិស្សិតខ្មែរសរុប ជាង ២៦.០០០ នាក់ នៅតាមប្រទេសផ្សេងៗជាច្រើន។

វិទ្យុខាងលើហាក់ភ្លេចនូវសេចក្តីរាយការណ៍ ក្នុងឆ្នាំ២០១៩របស់ខ្លួន ដែលថ្លែងថា ពលករខ្មែរម្នាក់បានទទួលឯកសារកុងស៊ុលពីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅវេលាម៉ោង ១០ យប់។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានសម្របសម្រួលជាមួយមន្ទីរពេទ្យនានា ធ្វើការលើកលែងអនុគ្រោះថ្លៃព្យាបាលជំងឺ ក្រោមហេតុផលមនុស្សធម៌ ជូនដល់អ្នកជំងឺខ្មែរ ដែលគ្មានលទ្ធភាពបង់ប្រាក់ បានចំនួន ២៣ ករណី។ នេះគ្រាន់តែជាឧទាហរណ៍មួយ ដែលបានជ្រើសរើសចេញពីស្ថានទូតកម្ពុជាមួយ ក្នុងចំណោមស្ថានតំណាងកម្ពុជានៅបរទេស ប៉ុណ្ណោះ។
* ទី២៖ ការចោទប្រកាន់ថាមន្ត្រីស្ថានទូតមួយចំនួន បានជំរិតទារប្រាក់ពីការផ្ដល់សេវាកុងស៊ុល គឺធ្វើឡើងដោយគ្មានមូលដ្ឋានប្រាកដ។ ការពិតគឺ តាមការណែនាំដ៏ម៉ឺងម៉ាត់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គ្រប់ស្ថានតំណាងកម្ពុជាទាំងអស់ បានលុបបំបាត់ការឆ្លៀតឱកាសផ្តល់សេវារបស់ភាគីទីបី លើកទឹកចិត្តដល់ពលករឱ្យដាក់សំណើដោយផ្ទាល់ និងពន្លឿនការផ្តល់សេវា។ ជាក់ស្ដែង ស្ថានទូតកម្ពុជានៅទីក្រុងបាងកក បានចេញឯកសារកុងស៊ុលនៅថ្ងៃដដែល បន្ទាប់ពីទទួលបានឯកសារសំណើ។
«ជាទីបញ្ចប់ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុខាងលើ គួរធ្វើការដោយផ្អែកលើអង្គហេតុពិត និងស្ថិតិគ្រប់គ្រាន់ មិនមែនផ្អែកលើពាក្យចចាមអារ៉ាម និងព័ត៌មានបំភាន់ទេ ប្រសិនបើមានបំណងអះអាងថា ខ្លួនធ្វើការប្រកបដោយវិជ្ជាជីវៈ»។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស៕

អត្ថបទដែលជាប់ទាក់ទង