Banner KNP Detail Top

ដំណើរទស្សនកិច្ចនៅប្រទេសចិន សម្តេចតេជោ ហ៊ុន សែន និងកូនប្រុស ជួបប្រធានាធិបតីចិន

ដំណើរទស្សនកិច្ចនៅប្រទេសចិន សម្តេចតេជោ ហ៊ុន សែន និងកូនប្រុស ជួបប្រធានាធិបតីចិន


(ប៉េកាំង, ចិន)៖ ក្នុងដំណើរទស្សនកិច្ចថ្ងៃទីពីរនៅប្រទេសចិន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។
វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីចិន។ ក្នុងជំនួបនោះ កូនប្រុសរបស់សម្តេចតេជោ គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ក៏ទទួលបានការស្វាគមន៍ពីលោកប្រធានាធិបតីចិនផងដែរ។
បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានអមសម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនោះប្រធានាធិបតីចិន បានស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន ដែលជា «មិត្តចាស់» និង ជាភ្ញៀវបរទេសទី ១ បន្ទាប់ពីចូលឆ្នាំថ្មីចិនបានផុតទៅ និងបានវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា-ចិន ។
លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីបំណងក្នុងការបង្កើតប៉ូលសេដ្ឋកិច្ចទី ៤ ទៅលើប៉ូលសេដ្ឋកិច្ចទាំង៣ ដែលមានស្រាប់ គឺជាប៉ូលសេដ្ឋកិច្ចត្រី និង អង្ករ ដែលគ្របលើខេត្តនៅនីរតីទិសនៅកម្ពុជា ។
បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារហើយនោះ លោកប្រធានាធិបតីចិន ក៏បានរៀបចំអាហារមិត្តភាពកម្រិតខ្ពស់ជូនសម្តេចតេជោ និងគណៈប្រតិភូផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន។ ក្រៅពីជំនួបជាមួយប្រធានាធិបតីចិនហើយនោះ សម្តេចតេជោ ក៏មានជំនួបជាមួយប្រធានសភា និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាងផងដែរ។
បន្ទាប់ពីជំនួប សម្តេចតេជោ និងលោក លី ខឺឈាង អញ្ជើញជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន។ ឯកសារចំនួនប្រមាណ១២ ត្រូវបានរំពឹងថា នឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ។ ព័ត៌មានលំអិតនៃជំនួបរវាងសម្តេចតេជោ និងលោក ស៊ី ជីនពីង នឹងផ្សាយជូននាពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង