ករណីមេតុងទីនម្នាក់ វេចលុយជិតកន្លះលានដុល្លារអាមេរិក ហើយរត់គេចខ្លួនបាត់ ធ្វើឲ្យកូនតុងទីន ប្រមាណជាង ៦០ នាក់ កំពុងទឹកភ្នែកជូតក្បាលជង្គង់
ករណីមេតុងទីនម្នាក់ វេចលុយជិតកន្លះលានដុល្លារអាមេរិក ហើយរត់គេចខ្លួនបាត់ ធ្វើឲ្យកូនតុងទីន ប្រមាណជាង ៦០ នាក់ កំពុងទឹកភ្នែកជូតក្បាលជង្គង់
ភ្នំពេញ ៖ កន្លងទៅថ្មីនេះ ករណីមេតុងទីនម្នាក់ វេចលុយជិតកន្លះលានដុល្លារអាមេរិក ហើយរត់គេចខ្លួនបាត់ ធ្វើឲ្យកូនតុងទីន ប្រមាណជាង ៦០ នាក់ កំពុងទឹកភ្នែកជូតក្បាលជង្គង់ ដែលអ្នកខ្លះអស់ ទាំងប្រាក់ខែ អ្នកខ្លះអស់ទាំងលុយខំរកស៊ីលក់ដូរបន្តិចបន្តួច យកមកលេងតុងទីន ដើម្បីសន្សំទុក និងចង់បានការប្រាក់ ។
តាមសំណេរអ្នកលេងបណ្តាញសង្គម ដែលបានបង្ហោះរូបមេតុង និងសរសេរថា «នេះជាមេតុងទីមួយរូបឈ្មោះ ហួយ វត្តនី ភេទស្រី អាយុ៣៦ឆ្នាំ ធ្វើមេតុងទីន នៅក្នុងស្ថាប័នមួយ ហើយបានឆបោកលុយកូនតុងទីន ពេញមួយស្ថាប័ននោះ អស់ប្រាក់រាប់សិបម៉ឺន ជិតកន្លះលានដុល្លារ បានវេចលុយកូនតុងទីនទាំងអស់នោះ ហើយរត់គេចបាត់ តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មកម្លេះ ដែលធ្វើឲ្យកូនតុងទីន ដេកឈឺចាប់ ម្នាក់ៗស្ទើរតែស្លាប់ ចំណែកមេបានវេចលុយកូនយកទៅសំងំសុខតែម្នាក់ឯង នេះជាស្រីដែលចង្រៃបំផុត ដែលមិនយល់ពីការឈឺចាប់របស់គេ ។ ឈ្មោះ អឿន ម៉ូនីការ ជាមេតុងទីនម្នាក់ ដែរគេចាប់បាន ចុះហេតុអីឈ្មោះ ហួយ វត្តនី គេចាប់មិនបាន ឬមួយមានគេ នៅពីក្រោយខ្នង តើម្នាក់នោះជាអ្នកណា ? បញ្ជាក់ ខ្ញុំមិនសំដៅទៅលើអ្នកណាទេ ចឹងបើអ្នកមិនពាក់ព័ន្ធកុំចេញមុខមកអី» ។
ប្រភពព័ត៌មានពីកូនតុងទីនម្នាក់ ក្នុងចំណោមអ្នកលេងតុងទីនជាង៦០នាក់ បានសម្តែងនូវការឈឺចាប់បំផុត ចំពោះល្បិចកល ឆបោករបស់មេតុងទីនឈ្មោះ ហួយ វត្តនី ដែលវេចលុយរត់ ហើយមិនត្រូវបានចាប់ខ្លួន នាំមកឲ្យទទួលខុសត្រូវ ចំពោះមុខច្បាប់ លើទង្វើដែលគេប្រព្រឹត្តទេ ។
មេតុងទីនឈ្មោះ ហួយ វត្តនី ជាមន្ត្រីបម្រើការងារនៅស្ថាប័នអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ មានអាសយដ្ឋាន ផ្ទះលេខF4 E០ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បុគ្គលឈ្មោះ ហួយ វត្តនី បានប្រមូលមន្ត្រីបម្រើការងារនៅអង្គភាពជាមួយគ្នា លេងតុងទីនចំនួន៥ខ្សែ ក្នុង១ខ្សែ មានទឹកប្រាក់ចំនួន ២០០ដុល្លារ ហើយមួយខែដេញម្តង ក្រោយពេលបើកប្រាក់ខែរាងៗខ្លួន ។
ដំបូងការលេងតុងទីននោះ គឹមានការជឿទុកចិត្តគ្នាណាស់ នៅពេលដល់ខែដេញតុងទីនម្តងៗ កូនបង់ឲ្យមេ ហើយមេ ក៏បានប្រគល់ប្រាក់ឲ្យទៅកូនណា ដែលដេញបានគ្រប់ចំនួនដែរ តែមួយរយៈចុងក្រោយនេះ មេមានកាន់ឈ្មោះខ្មោច រួចដេញបានប្រាក់ប្រមាណជិតកន្លះលានដុល្លារអាមេរិក រត់គេចខ្លួនបាត់ ។ ក្រោយពេលដឹងថា មេតុងទីន វេចលុយជិតកន្លះលានដុល្លាររត់គេចខ្លួនហើយ កូនតុងទីន បានដាក់ពាក្យបណ្តឹងចូលស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក និងរំលោភលើទំនុកចិត្ត ដើម្បីចាត់ការលើបុគ្គលរូបនោះតាមនីតិវិធី ៕