សម្ងំជក់ថ្នាំញៀន សមត្ថកិច្ចបង្ក្រាប រត់រួចម្នាក់ឃាត់ខ្លួនបាន២នាក់ ដកហូតថ្នាំញៀនបាន៧កញ្ចប់

សម្ងំជក់ថ្នាំញៀន សមត្ថកិច្ចបង្ក្រាប រត់រួចម្នាក់ឃាត់ខ្លួនបាន២នាក់ ដកហូតថ្នាំញៀនបាន៧កញ្ចប់

ភ្នំពេញ ៖ នៅ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមអ្នករើសអេតចាយ ជនអនាថា ចូលទៅលួចបោះតង់ធ្វើទីជម្រក ធ្វើជាកន្លែងជក់ថ្នាំញៀន ក្នុងបរិវេណសាលាបឋមសិក្សាជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់អារម្មណ៍សិស្សានុសិស្សកំពុងសិក្សារៀនសូត្រ ហើយត្រូវបានមាតាបិតាសិស្សសំណូមពរដល់អាជ្ញាធរ សមត្ថកិច្ច ឱ្យជួយមានវិធានការ ។

ដើម្បីឆ្លើយតបទៅតាមសំណូមពររបស់មាតាបិតាសិស្ស កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ កម្លាំងអាជ្ញាធរសង្កាត់ សមត្ថកិច្ច ចុះត្រួតពិនិត្យរៀបចំសណ្តាប់ធ្លាប់ ចំណុចខាងលើ ប្រទះជួបជនសង្ស័យកំពុងជក់ថ្នាំញៀន ធ្វើការឃាត់ខ្លួនមនុស្ស២នាក់ រត់គេចខ្លួនបាត់ម្នាក់ ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ក្រុមជនអនាថា ក្រុមអ្នករើសអេតចាយ ដែលលួចចូលទៅបោះតង់ ទីជម្រក ធ្វើជាកន្លែងសង្ងំជក់ថ្នាំញៀន ធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍ សិស្សានុសិស្សកំពុងសិក្សា ក្មេងសិស្សាភ័យខ្លាច ប៉ះពាល់សណ្តាប់ធ្នាប់ ហើយបន្ទាប់ពីមាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ ឱ្យជួយរៀបចំសណ្តាប់ធ្នាប់ ទើបនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ កម្លាំងសង្កាត់ នគរបាលប៉ុស្តិ៍ ចុះទៅរៀបចំសណ្តាប់ធ្នាក់ ដីវាលខាងក្រោយអគារសិក្សា បង្ក្រាបជនសង្ស័យជាក់ស្តែងកំពុងជក់ថ្នាំញៀន ឃាត់បាន២នាក់ប្តីប្រពន្ធ រត់គេចខ្លួនបាត់ម្នាក់ រកឃើញថ្នាំញៀនចំនួន៧កញ្ចប់ ក្នុងនោះ១កញ្ចប់ធំ ថង់វេចខ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួន ។
ទីជម្រក តង់ ដែលក្រុមទាំងនោះបោះ ត្រូវបានកម្លាំងអាជ្ញាធររុះរើដុតបំផ្លាញចោល ចំណែក២នាក់ប្តីប្រពន្ធ ត្រូវបានប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីអនុវត្តបន្តតាមនីតិវិធី ។ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ កិច្ចសន្យានៅប៉ុស្តិ៍ ចំណែកបុរសជាប្តី ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានបញ្ជូនខ្លួនបន្តទៅផ្នែកជំនាញខណ្ឌ ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង