តុលាការផ្តន្ទាទោសក្រុមឧក្រិដ្ឋជនខ្មែរ វៀតណាម និងថៃ៨នាក់ ម្នាក់ៗដាក់ពន្ធនាគារពី១២ ទៅ៣០ឆ្នាំ, ជនជាប់ចោទ៣នាក់ទៀតត្រូវបានដោះលែង ករណីជួញដូរគ្រឿងញៀនជិត៤៥គីឡូ
តុលាការផ្តន្ទាទោសក្រុមឧក្រិដ្ឋជនខ្មែរ វៀតណាម និងថៃ៨នាក់ ម្នាក់ៗដាក់ពន្ធនាគារពី១២ ទៅ៣០ឆ្នាំ, ជនជាប់ចោទ៣នាក់ទៀតត្រូវបានដោះលែង ករណីជួញដូរគ្រឿងញៀនជិត៤៥គីឡូ
(ភ្នំពេញ)៖ ប្រធានក្រមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញលោក ហុក ពៅ បានសម្រេចផ្តន្ទាទោសជនជាប់ចោទខ្មែរ វៀតណាម និងថៃចំនួន៨នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗពី ១២ ទៅ ៣០ឆ្នាំ ចំណែកឯ ជាប់ចោទ៣នាក់ទៀត ត្រូវបានតុលាការសម្រេចទម្លាក់ចោលបទចោទប្រកាន់ និងបង្គាប់ឱ្យដោះលែងពីពន្ធនាគារ ដោយសារតែពុំមានពិរុទ្ធភាពដូចការចោទប្រកាន់ពីបទ «រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» តាមបញ្ញត្តិមាត្រា៤០ ច្បាប់ស្ដីពីការត្រួតពិនិត្យ គ្រឿងញៀន។
សាលក្រមនេះ ត្រូវបានតុលាការលើកយកមកប្រកាសកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លើសំណុំរឿងឧក្រិដ្ឋគ្រឿងញៀន របស់ជនជាប់ចោទជនជាតិវៀតណាម ថៃ ខ្មែរ ចំនួន១១នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជិត ៤៥គីឡូក្រាម ប្រព្រឹត្តនៅទីតាំង៥ផ្សេងៗគ្នា នៅក្នុងរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២។
សូមបញ្ជាក់ថា ការបង្ក្រាប និងចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀននេះ សមត្ថកិច្ចបានធ្វើឡើងនៅ៥ទីតាំងរួមមាន៖
*ទី១៖ ចំណុចសួនច្បារមាត់ទន្លេមុខវាំង ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
*ទី២៖ នៅចំណុចខុនដូឃ្វីន បន្ទប់ជួលលេខ ៦០២ ជាន់ទី៦ ផ្លូវលេខ៣០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
*ទី៣៖ នៅចំណុចមុខសណ្ឋាគារហាក់ ហួត២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
*ទី៤៖ នៅចំណុចផ្ទះ៨០៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
*ទី៥៖ នៅចំណុចខ្ទមចំការ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅក្នុងចំណោមជនឃាប់ចោទទាំង១១នាក់ មានឈ្មោះ សុខ ទឹង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប់គុកកំណត់១២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤០លានរៀល, ឈ្មោះ សុខ គន្ធា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប់គុក១២ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៤០លានរៀល, ឈ្មោះ ហេង សុគុណ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ត្រូវរួចផុតពីចោទប្រកាន់, ឈ្មោះ យឿន សារ៉ុម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប់គុក១២ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន៤០លានរៀល, ឈ្មោះ ម៉ុត សុផុន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប់គុក២៥ឆ្នាំ និងពិន័យជាប្រាក់ ចំនួន៦០លានរៀល, ឈ្មោះ WEERAPHAT HUN-GRATHANAPONGSORN ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិថៃ ត្រូវជាប់គុក៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨០លានរៀល, ឈ្មោះ សេង ឡាទី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប់គុក២៥ឆ្នាំ និងពិន័យជាប្រាក់ ៦០លានរៀល, ឈ្មោះ សិត វិសាល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ ត្រូវរួចផុតពីចោទប្រកាន់, ឈ្មោះ ឆេង ឡាយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ត្រូវរួចពីបទចោទប្រកាន់, ឈ្មោះ SONGWAT BAU-SRI ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ថៃ ត្រូវជាប់គុក៣០ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ៨០លានរៀល និងឈ្មោះ LAM HONG PHUNG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ត្រូវជាប់គុក ១២ឆ្នាំ និងពិន័យជាប្រាក់ ចំនួន៤០លានរៀល៕