ភ្ញាក់ផ្អើល! រឿងបាត់ ប្រាក់រង្វាន់លើកទឹកចិត្ត ជាង២០០លានរៀល នៅភ្នំពេញ
ភ្ញាក់ផ្អើល! រឿងបាត់ ប្រាក់រង្វាន់លើកទឹកចិត្ត ជាង២០០លានរៀល នៅភ្នំពេញ
ភ្នំពេញ ៖ ក្រោយមន្ត្រីក្រោមឱវាទដាក់ការសង្ស័យបែបនេះ លោកកង វង បានបដិសេធថា លោកពុំបានដឹងព័ត៌មាននឹងទេ ប្រាក់ទាំងនោះគឺលោកលន់ សុភ័ក្ត្រ ដែលជាអតីតស្មៀន គឺជាអ្នកទៅបើកពីធនាគារ និងចាត់ចែងទាំងអស់ ។ ប៉ុន្តែលោកលន់ សុភ័ក្ត្រ ដែលជាអតីតស្មៀនឯណោះវិញ ក៏បានបដិសេធផងដែរថា លោកអត់ដឹងដូចគ្នា និងបានប្រាប់ថា លោកគឺជាអ្នកទៅបើកប្រាក់រង្វាន់នោះមែន តែពេលបើកបានហើយបានប្រគល់ជូនលោកកង វង ដែលជាចៅសង្កាត់ជាអ្នកចាត់ចែងទាំងអស់ ព្រោះលោកមិនមែនជាមេទេ ។
ប្រាក់រង្វាន់លើកទឹកចិត្តជាង២០០លានរៀល ដែលជាប្រាក់អប្បហារបានមកពីផ្នែកពន្ធដារនិងសូរិយោដីនៅក្នុងឆ្នាំ២០១៩និងឆ្នាំ២០២០ សម្រាប់ឧបត្ថម្ភដល់មន្ត្រីនិងបុគ្គលិក សាលាសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបាត់ដោយគ្មានមូលហេតុ ហើយមន្ត្រីនិងបុគ្គលិកសង្កាត់ខាងលើ បានសង្ស័យថាលោកកង វង ចៅសង្កាត់ចោមចៅទី១ដែលជាអ្នកគ្រប់គ្រងនិងទទួលខុសត្រូវលើសាច់ប្រាក់ខាងលើ គឺជាអ្នកសង្ស័យថា បានកឹបកេងយកដាក់ហោប៉ៅមិនព្រមផ្ដល់ជូនមន្ត្រីក្រោមឱវាទរបស់ខ្លួន ។
មន្ត្រីសាលាសង្កាត់ចោមចៅទី១បានប្រាប់ឲ្យដឹងថា ប្រាក់រង្វាន់ជាង២០០លានរៀលដែលបាត់មិនដឹងមូលហេតុនោះ គឺប្រាក់អប្បហាររយៈពេល២ឆ្នាំ ដែលបានមកពីប្រមូលពន្ធលើផ្នែកពន្ធដារ និងផ្នែកសូរិយោដី ។ ក្នុងនោះ ទី១ -នៅក្នុងឆ្នាំ២០១៩ ប្រាក់រង្វាន់ដែលបានមកពីផ្នែកពន្ធដារហើយលោកចៅសង្កាត់ចុះហត្ថលេខាឲ្យស្មៀនទៅដកយកចេញពីធនាគារសម្រាប់ឧបត្ថម្ភជូនដល់មន្ត្រីនិងបុគ្គលិកសាលាសង្កាត់ចោមចៅទី១នោះ មានចំនួនសរុប១៦២,៧៥៨,០០០រៀល(មួយរយហុកសិបពីរលានប្រាំពីរសែនប្រាំម៉ឺនប្រាំបីពាន់រៀល)។ ប៉ុន្តែពុំបានចែកជូនដល់មន្ត្រីនិងបុគ្គលិកទាំងអស់នោះទេ គឺដកយកមកចែកត្រឹមតែចំនួន៧៨,៦៣៩,០០០រៀល(ចិតសិបប្រាំបីលានប្រាំមួយសែនបីម៉ឺនប្រាំបួនពាន់រៀលតែប៉ុណ្ណោះ ចំណែកប្រាក់ដែលនៅសល់ចំនួន៨៤,១១៩,០០០រៀល(ប៉ែតសិបបួនលានមួយសែនមួយម៉ឺនប្រាំបួនពាន់រៀល)ទៀតអត់ព្រមចែកជូនមន្ត្រីនិងបុគ្គលិកឡើយនិងបាត់គ្មានមូលហេតុ ដូចចោរលួសសេះ ។
ប្រភពនេះ បានរៀបរាប់ប្រាប់ឲ្យដឹងបន្ថែមទៀតថា ប្រាក់រង្វាន់លើកទឹកចិត្តពន្ធដារដដែលសម្រាប់ឆ្នាំ២០២០ ដកចេញពីធនាគារសរុបចំនួន១៥១,១៣៧,៨០០រៀល(មួយរយហាសិបមួយលានមួយសែនបីម៉ឺនប្រាំពីរពាន់ប្រាំបីរយរៀល) ។ប៉ុន្តែប្រាក់ដែលចែកជូនដល់មន្ត្រីនិងបុគ្គលិកអស់ត្រឹមតែចំនួន១១០,០៨៧,៨០០រៀល(មួយរយដប់លានសូន្យសែនប្រាំបីម៉ឺនប្រាំពីរពាន់ប្រាំបីរយរៀល)ប៉ុណ្ណោះ។ នៅសល់ប្រាក់ចំនួន៤៩,៤៥៨,០៥៤រៀល(សែសិបប្រាំបួនលានបួនសែនប្រាំម៉ឺនប្រាំបីពាន់សូន្យរយហាសិបបួនរៀល)ទៀតពុំព្រមផ្ដល់ជូនមន្ត្រីនិងបុគ្គលិកឡើយ។ ដូច្នេះ ប្រាក់រង្វាន់ដែលបាត់ឬសង្ស័យថា មានការកឹបកេងមិនព្រមចែកដល់មន្ត្រីនិងបុគ្គលិកទាំង២ឆ្នាំគឺនៅក្នុងឆ្នាំ២០១៩-២០២០មានចំនួនសរុបចំនួន១៣៣,៥៧៧,០៥៤រៀល(មួយរយសាមសិបីលានប្រាំសែនប្រាំពីរម៉ឺនសូន្យហាសិបបួនរៀល)។
ប្រភពមួយនេះបានបញ្ជាក់ប្រាប់បន្តទៀតថា ទី២, ប្រាក់រង្វាន់ដែលបានមកពីផ្នែកសូរិយោដីសម្រាប់ឆ្នាំ២០១៩ ដែលដកចេញពីធនាគារថាយកមកចែកជូនដល់មន្ត្រីនិងបុគ្គលិកសង្កាត់នោះសរុបចំនួន១៤៧,៥០៦,០០០រៀល(មួយរយសែសិបប្រាំពីរលានប្រាំសែនសូន្យម៉ឺនប្រាំមួយពាន់រៀល) ។ប៉ុន្តែយកមកធ្វើការបែងចែកជូនមន្ត្រីនិងបុគ្គលិកសង្កាត់ត្រឹមតែចំនួន៨៦,៧៥៦៥០០រៀល(ប៉ែតសិបប្រាំមួយលានប្រាំពីរសែនប្រាំម៉ឺនប្រាំមួយពាន់ប្រាំរយរៀល)ប៉ុណ្ណោះ។ប្រាក់នៅសល់ចំនួន៦០,៧៤៩,៥០០រៀល(ហុកសិបលានប្រាំពីរសែនបួនម៉ឺនប្រាំបួនពាន់ប្រាំរយរៀលទៀត)អត់ចែកអត់ចែកឡើយ ។
ប្រាក់រង្វាន់សូរិយោដីដដែលសម្រាប់ឆ្នាំ២០២០ ដកចេញពីធនាគារសរុបចំនួន៥២,៣៨៤,៩០០រៀល ហាសិបពីលានបីសែនប្រាំបីម៉ឺនបួនពាន់ប្រាំបួនរយរៀល ដល់ពេលចែកជូនដល់មន្ត្រីនិងបុគ្គលិកអស់ត្រឹមតែចំនួន៤០,៨១៤,៧០០រៀល(សែសិបលានប្រាំបីសែនមួយម៉ឺនបួនពាន់ប្រាំពីររយរៀលតែប៉ុណ្ណោះ ។ នៅសល់ចំនួន១១,៥៧០,២០០រៀល(ដប់មួយលានប្រាំសែនប្រាំពីរម៉ឺនសូន្យពាន់ពីរយរៀល)ទៀត អត់ព្រមចែកនោះឡើយ ហើយបាត់ដោយគ្មានមួលហេតុសោះ។សរុបលុយសូរិយោដីដែលបាត់ទាំងក្នុងឆ្នាំ២០១៩និង២០២០ ចំនួន៩៦,២៥៨,៦៦០រៀល(កៅសិបប្រាំមួយលានពីរសែនប្រាំម៉ឺនប្រាំបីពាន់ប្រាំមួយហុកសិបរៀល)។ដូច្នេះរយៈពេល២ឆ្នាំនោះសរុបប្រាក់រង្វាន់ទាំងផ្នែកពន្ធដារនិងសូរិយោដីដែលបាត់មានចំនួនដល់ទៅ២២៩,៨៣៥,៧១៤រៀល(ពីរយម្ភៃប្រាំបួនលានប្រាំបីសែនបីម៉ឺនប្រាំពាន់ប្រាំពីររយដប់បួនរៀល)ឯណោះ។
បុគ្គលិកសង្កាត់បានបញ្ជាក់ប្រាប់ទៀតថា ប្រាក់រង្វាន់នេះ មានជារៀងរាល់ខែ ហើយគ្មានមន្ត្រីឬបុគ្គលិកណាម្នាក់មានសិទ្ធិទៅដកចេញពីធនាគារបានឡើយបើពុំមានការចុះហត្ថលេខាពីលោកចៅសង្កាត់ទេនោះ។ ចំណែកការបើករាល់លើកគឺក្រោយពីលោកចៅសង្កាត់ចុះហត្ថលេខារួចស្មៀនសង្កាត់គឺជាអ្នកទៅបើកយកមក ប៉ុន្តែពុំមាននរណាបានដឹងថា ចាត់ចែងរបៀបយ៉ាងម៉េចទើបបានជាបាត់ប្រាក់ខ្ទង់រយលានរៀលបែបនេះ។ មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលដែលកំពុងបាត់ប្រាក់រង្វាន់បែរជាទទួលដំណឹងថា លោកកង វង ដែលជាចៅសង្កាត់មានលុយបើកហាងរកសុី ទិញដី ទិញផ្ទះថ្មីទៅវិញ ទើបធ្វើឲ្យមន្ត្រីនិងបុគ្គលិកសង្កាត់ទាំងអស់មានការសង្ស័យថាលោកចៅសង្កាត់កឹបកេងប្រាក់រង្វាន់ខាងលើ។
បុគ្គលិកសង្កាត់បានប្រាប់ទៀតថា ក្រោយបាត់លុយច្រើនបែបនេះមន្ត្រីនិងបុគ្គលិកទាំងអស់បានជជីកសួរដេញដោលរកលុយដែលបាត់ព្រោះលោកចៅសង្កាត់ជាអ្នកគ្រប់គ្រងនិងទទួលខុសត្រូវលើរឿងនោះប៉ុន្តែលោកចៅសង្កាត់ឆ្លើយដោយខ្លីថា«អត់ដឹងទេ»។បន្ទាប់មកមន្ត្រីនិងបុគ្គលិកបានសួរបន្តរឿងប្រាក់បើកហាងរកសុី ទិញដី និងផ្ទះ ជាបន្តទៀត ហើយលោកចៅសង្កាត់ប្រាប់ថា«លោកបានខ្ចីលុយពីធនាគារយកមកទិញទេ និងបង់ការប្រាក់ក្នុង១ខែចំនួន៥ពាន់ដុល្លារជារៀងរាល់ខែ»ពុំមានពាក់ព័ន្ធទៅនិងប្រាក់រង្វាន់នោះឡើយ។
បន្ទាប់ពីបែករឿងអាស្រូវបែបែបនេះលោកលន់ សុភ័ក្ត្រ ដែលស្មៀនសង្កាត់ត្រូវបានដកចេញពីតំណែងនិងដាក់ស្មៀនថ្មីម្នាក់ទៀតមកជំនួសរហូតដល់សព្វថ្ងៃ ហើយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយផ្អែកលើកំហុស៨យ៉ាងក្នុងនោះមានអំពើពុករលួយផង ។មន្ត្រីនិងបុគ្គលិកសង្កាត់ខាងលើបានប្ដឹងលោកកង វង ចូលទៅកាន់គណៈកម្មាធិការគណៈបក្សប្រជាជនខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំផ្លាស់ប្ដូរលោកចៅសង្កាត់រូបនោះចេញ ប៉ុន្តែស្ងាត់ឈឹងគ្មានដំណោះស្រាយឡើយ។
ទាក់ទងទៅនឹងការចោទប្រកាន់នេះ លោកកង វង ចៅសង្កាត់ចោមចៅទី១បានបដិសេធន៍ថាលោកអត់បានដឹងព័ត៌មាននិងទេ ស្មៀនទៅបើកលុយបានចំនួនប៉ុន្មាន លោកស៊ីញ៉េប៉ុណ្ណឹងខ្វះ ឬបាត់កន្លែងណាលោកអត់ដឹងទេចំណុចនិង ចាំមើលឆែកមើលបន្តទៀតសិន ។ ព្រោះរតនាគារជាតិរឿងប្រាក់រង្វាន់អីនិងស្មៀននិងមន្ត្រីហិរញ្ញវត្ថុនៅសង្កាត់និងគេជាអ្នកទៅបើកយកមកហើយគេជាអ្នកធ្វើតារាងបែងចែកភាគរយចំពោះអ្នកធ្វើការនៅក្នុងសង្កាត់និង ។កន្លងមកនៅក្នុងឆ្នាំ២០១៩-២០២០ឲ្យតែបានលុយមកលោកឲ្យស្មៀនដាក់លើតុបែងចែកទៅតាមតួនាទីភារកិច្ចហើយ។
លោកចៅសង្កាត់បាននិយាយទៀតថា ជាធម្មតាលោកពិតជាអ្នកសុីញ៉េឲ្យស្មៀនជាអ្នកទៅបើកប្រាក់យកមកបែងចែក ហើយសង្កាត់យើងក៏បានប្រជុំអនុម័តបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រីអត់ដែលខ្វះខាតទេ ។ ចំណែករឿងនឹងដូចជាបាននិយាយគ្នាបញ្ចប់រឿងរួចហើយកាលពីជំនាន់ស្មៀនចាស់នោះ(លោកលន់ សុភ័ក្ត្រ)ដែលបង្កបញ្ហាពាក់ព័ន្ធនិងការដកលុយកាក់ហើយជំនាន់នោះលោកឈឺផងអីផង ហើយស្មៀនដកលុយមកបង្វិលមកអីលោកពុំបានចាប់អារម្មណ៍ដែរចំណុចនិង ។
ពាក់ព័ន្ធនិងប្រាក់រង្វាន់វិញលោកចង់បានតែលុយច្រើនទេ ដើម្បីយកលុយមកជួយអ្នកស្រុកអ្នកភូមិទិញអង្ករទិញអីជូនពួកគាត់អ្នកអត់អ្នកឃ្លាន បើបានលុយកាន់តែច្រើនក៏លោកកាន់តែសប្បាយចិត្តដែរ។ ព្រោះយើមិនអាចយកលុយអ៊ីចឹងៗមកដាក់ហោប៉ៅរបស់ខ្លួនមកទិញនេះទិញនោះបានទេ តើយើងលាក់បាំងគេជិតឬ? បើយើងយកលុយអ៊ីចឹងៗទៅចាយនោះដូចអត់មានអីចំណេញសម្រាប់យើងជាមន្ត្រីបម្រើប្រជាពលរដ្ឋទេ។
ដោយឡែក លោកលន់ សុភ័ក្ត្រ អតីតស្មៀនក៏បានដិសេធន៍ថាអត់ដឹងដែរលោកបាននិយាយថា កន្លងក្រុមប្រឹក្សាបានសួរតួលេខចំនួនទឹកប្រាក់ដែលបើកបាន ហើយលោកក៏បានកូពីឯកសារជូនរួចរាល់អស់ហើយ។គាត់បញ្ជាក់ថា គាត់អត់បានអីផងបែរជាជាប់ពាក់ព័ន្ធបែបនេះទៅវិញ ហើយក្រោយពេលបើកលុយបានរាល់លើក លោកបានយកទៅប្រគល់ជូនលោកចៅសង្កាត់ចាត់ចែងទាំងអស់ ព្រោះលោកចៅសង្កាត់ជាមេ ឯលោកជាកូនចៅប៉ុណ្ណោះ។
អតីតស្មៀនរូបនោះបាននិយាយទៀតថា រាល់ពេលបែងចែកដល់មន្ត្រីនិងបុគ្គលិកម្ដងៗទាល់តែមានបញ្ជាពីលោកចៅសង្កាត់ទើបលោកអនុវត្ត ពុំមែនធ្វើដោយគ្មានបញ្ជាឬការឯកភាពពីលោកចៅសង្កាត់ឡើយ ។ប៉ុន្តែពិបាកដែរនៅពេលប្រគល់ប្រាក់ជូនលោកចៅសង្កាត់ចាត់ចែងម្ដងៗ លោកពុំបានធ្វើលិខិតប្រគល់ទទួលឬឲ្យលោកចៅសង្កាត់សុីញ៉េរទទួលឡើយ ចំណុចនេះហើយដែលពាក់ព័ន្ធនិងពិបាកដោះស្រាយនោះ៕