Banner KNP Detail Top

លោក ហ៊ុន ម៉ាណែត រំលឹករឿងទូតអាមេរិក សួរពីកេរដំណែលរបស់សម្តេចតេជោ

លោក ហ៊ុន ម៉ាណែត រំលឹករឿងទូតអាមេរិក សួរពីកេរដំណែលរបស់សម្តេចតេជោ


(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដ៏មានប្រជាប្រិយភាពមកពីគណបក្សប្រជាជនកម្ពុជា បានបង្ហោះវីដេអូឃ្លីបថ្មីមួយ រំលឹកពីរឿងទូតអាមេរិក ធ្លាប់បានសួរលោកពីកេរដំណែលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកអំពីសំណួររបស់ទូតអាមេរិកយ៉ាងដូច្នេះ «ទូតអាមេរិក គាត់ជួបជាមួយខ្ញុំក្រោយពេលគាត់ចប់។ […] គាត់សួរថា ឯកឧត្តម ខ្ញុំសួរតិចមើល តើកេរដំណែលរបស់សម្តេចតេជោ នៅពេលគាត់កាន់អំណាចជាអ្វីគេ?»។
ឆ្លើយតបនឹងសំណួរនេះ លោកបណ្ឌិត បានចង្អុលបង្ហាញអំពីទិដ្ឋភាព នៃការអភិវឌ្ឍន៍ និងការរីកចម្រើននៅតំបន់កោះពេជ្រ និងតំបន់ជុំវិញ ដែលបានមើលឃើញពីអគារកម្ពស់ ១០ជាន់ ដែលទាំងលោកទូត និងរូបលោកបណ្ឌិត កំពុងជជែកគ្នានោះ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្រាប់ទៅលោកទូតអាមេរិកថា តំបន់កោះពេជ្រ និងតំបន់ជុំវិញនោះ ពីមុនមិនមានការអភិវឌ្ឍន៍អ្វីនោះទេ។ ប៉ុន្តែបច្ចុប្បន្នមានការអភិវឌ្ឍន៍ មានអគារទំនើប មានផ្សារទំនើបរបស់ជប៉ុនជាដើម។ ការអភិវឌ្ឍន៍ទាំងនេះ បានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ។
«ហ្នឹងហើយជាកេរដំណែលរបស់សម្តេចតេជោ គឺសុខសន្តិភាព និងការអភិវឌ្ឍន៍។ សុខសន្តិភាព សេចក្តីសុខ ការវិនិយោគ ការរីកចម្រើនរបស់ប្រជាពលរដ្ឋ ហ្នឹងហើយជាកេរដំណែលរបស់គាត់»។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ទៅកាន់ទូតអាមេរិក។
ជាមួយការរំលឹកអំពីការពន្យល់នូវកេរដំណែលរបស់សម្តេចតេជោ ទៅកាន់ទូតអាមេរិកហើយនោះ ក្នុងវីដេអូនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា កេរដំណែលរបស់តេជោ មិនបំផ្លាញចោលទេ។
លោកបានលើកឡើងទៀតថា ៤៣ឆ្នាំ ពីបាតដៃទទេ ឆ្ពោះមកការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ សម្តេចតេជោ មិនបំផ្លាញចោលនូវសមិទ្ធផលស្នាដៃរបស់ខ្លួននោះទេ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា សមិទ្ធផលទាំងនេះ សម្តេចតេជោ រួមជាមួយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ បានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ច ជួយកសាងទម្រាំបានប៉ុណ្ណេះ គឺមិនបំផ្លាញចោលទេ។ ជាពិសេស គឺសន្តិភាពតែម្តង៕

អត្ថបទដែលជាប់ទាក់ទង