Banner KNP Detail Top

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព « ថ្ងៃ៧មករា ជាថ្ងៃសង្គ្រោះខ្មែរគ្រប់និន្នាការនយោបាយពីរណ្តៅមរណៈ»

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព « ថ្ងៃ៧មករា ជាថ្ងៃសង្គ្រោះខ្មែរគ្រប់និន្នាការនយោបាយពីរណ្តៅមរណៈ»

នៅរសៀលថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមករា
ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមជាមួយឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់, ឯកឧត្តម ឈួន វិន ប្រធានក្រុមការងារតំបន់១ ជាមួយនឹងក្រុមការងារទាំងអស់បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា នាទីក្រុងកង់បេរ៉ា នៃប្រទេសអូស្ត្រាលី ដែលពិធីនេះ រៀបចំឡើងដោយបងប្អូនជនរួមជាតិខ្មែរយើង រស់នៅប្រទេសអូស្ត្រាលី ។
នៅក្នុងអង្គពីធីនោះ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានកោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត ប្រកបដោយការដឹងគុណជាអនេកប្បការជានិច្ច ចំពោះលោកពូ អ្នកមីង បងប្អូន ជាជនរួមជាតិទាំងអស់ ដែលកំពុងរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី ដែលជាប្រទេសដ៏រីកចម្រើនជឿនលឿន តែបងប្អូនមិនបានបំភ្លេចនូវទឹកដីកំណើត ជាតិសាសន៍ សាច់សាលោហិត ញាតិសន្តាន មិត្តភក្តិ និងអនុស្សាវរីយ៍របស់ខ្លួននោះទេ ផ្ទុយទៅវិញបងប្អូនមានឆន្ទៈ មានមនសិការ ស្នេហាជាតិមាតុភូមិពេញបរិបូរ ដែលកន្លងមករហូតមកដល់បច្ចុប្បន្ន បងប្អូនបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងទ្រព្យធនផ្សេងៗ ដើម្បីចូលរួមគ្រប់សកម្មភាពជួយគាំពារជាតិជាមួយក្រុមការងាររបស់យើងខ្ញុំ ។

ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងប្អូន ពិតជាវត្ថុដ៏មានតម្លៃបំផុតចំពោះជាតិ មាតុភូមិនៃយើង និងជាការរួមចំណែក ដ៏ឧត្តុង្គឧត្តម ក្នុងការបង្រួបបង្រួមពង្រឹងសាមគ្គីជាតិខ្មែរ ក្រោមម្លប់សន្តិភាព សម្តេចតេជោ ដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅក្រោយសម័យអង្គរ ។ លើសពីនេះទៀត ការអញ្ជើញមកជួបជុំរបស់បងប្អូន ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា នាថ្ងៃនេះ គឺបានសបញ្ជាក់ឱ្យឃើញថា បងប្អូនចង់ឱ្យប្រទេស កម្ពុជាយើងមានសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ រក្សាបានសន្តិភាព សេរីភាព បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ដើម្បីចៀសឱ្យផុតពីការបែកបាក់សាមគ្គីជាតិ ដែលជាដើមហេតុនាំឱ្យប្រទេសជាតិហិចហោច និងធ្លាក់ចូលក្នុង គ្រោះមហន្តរាយ និងដើម្បីទប់ស្កាត់ការកកើតឡើងជាថ្មីនូវរបបប្រល័យពូជសាសន៍នៅកម្ពុជា ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានសង្កត់ធ្ងន់ថា ” ថ្ងៃ៧មករា ជាថ្ងៃសង្គ្រោះខ្មែរគ្រប់និន្នាការនយោបាយពីរណ្តៅមរណៈ” ។

អត្ថបទដែលជាប់ទាក់ទង