Banner KNP Detail Top

នៅរាជធានីភ្នំពេញ យប់នេះ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅមធ្យម

នៅរាជធានីភ្នំពេញ យប់នេះ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅមធ្យម

ភ្នំពេញៈ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យ ដឹងថា នៅប៉ែកខាងកើតទន្លេមេគង្គ ភ្លៀងចាប់ផ្តើមមានធ្លាក់ ហើយនៅប៉ែកខាងកើតទន្លេមេគង្គ ភ្លៀងអាចនឹងមកដល់រាជធានី ភ្នំពេញ នៅព្រលប់ថ្ងៃទី៥ ខែមករា នេះ ។ ភ្លៀងធ្លាក់រាយប៉ាយមិនស្មើ កើតមាននៅក្នុង ក្របខណ្ឌ ទូទាំងប្រទេស រហូតដល់ថ្ងៃទី១១ ខែមករា ដោយម្តងភ្លៀង ខាងនេះ ម្តងភ្លៀង ខាងនោះ ក្នុងបរិមាណពីតិច ទៅមធ្យម។
យប់ថ្ងៃទី៥ ខែមករាឆ្នំា២០២២នេះ នៅរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅមធ្យម បន្ទាប់ពីភ្លៀងបានធ្លាក់រាយប៉ាយមិនស្មើ នៅប៉ែកខាងកើត ទន្លេមេគង្គ នាពេលព្រឹក និងនៅប៉ែកខាងលិចទន្លេមេគង្គ នៅពេលរសៀលដល់យប់ ហើយបន្តរុញទៅតំបន់ខ្ពង់រាប។ ភ្លៀងធ្លាក់ដោយសារឥទ្ធិពលសម្ពាធទាបសកម្មនេះ អាចបន្តកើតមាន រហូតដល់ថ្ងៃទី១១ ខែមករា ដោយម្តងភ្លៀង ខាងនេះ ម្តងភ្លៀង ខាងនោះ។ នៅតំបន់មាត់សមុទ្រ មានខ្យល់បក់បោកខ្លាំង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បានបញ្ជាក់ថា ភ្លៀងដែលកើតឡើង ដោយសារ សម្ពាធទាបសកម្មនេះ អាចរុញទៅដល់តំបន់ខ្ពង់រាប។ សម្ពាធនៅក្នុងសមុទ្រចិន ខាងត្បូងនេះ នៅពេលដើរមកកៀកនឹងឆ្នេរប្រទេសវៀតណាម បានបែកមួយផ្នែក ដើរចុះក្រោម (ត្បូង) មួយផ្នែក ដើរឡើងតាមឆ្នេរវៀតណាម ទៅខាងលើ (ជើង) ដោយមិនចូលដល់ជ្រៅ លើដីគោកប្រទេសវៀតណាមទេ គ្រាន់តែមានពពកភ្លៀងច្រើន បានរុញមកដល់។ សម្រាប់តំបន់មាត់សមុទ្រ មានខ្យល់ខ្លាំង ចាប៉ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ៧ ខែមករា។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមករាថាៈ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ទទួលឥទ្ធិពលពីជ្រលងសម្ពាធ ទាបសកម្ម រុញមកពីភាគខាងក្រោម (ត្បូង) នៃសមុទ្រចិនខាងត្បូង ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន និងខ្យល់មូសុងឦសាន ក្នុងកម្រិតពីខ្សោយ ទៅមធ្យម។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពអាកាសធាតុ បែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២១ ទៅ ២៤ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ។ នៅអំឡុងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ។
សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ពី ១៨ ទៅ ២១ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ។ នៅអំឡុងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ។
នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ។ នៅអំឡុងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតខ្សោយ ទៅមធ្យម ដោយអន្លើ និងអាចមានខ្យល់បក់ ពីបង្គួរទៅខ្លាំង។ ឯនៅលើផ្ទៃសមុទ្រ ក៏នឹងកើតមានរលកសមុទ្រ ពីមធ្យមទៅបង្គួរ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង