Banner KNP Detail Top

ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅចំណុចផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ

ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅចំណុចផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅចំណុចផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ។

ករណីអគ្គិភ័យចំនួន២កន្លែងផ្សេងគ្នានោះ រួមមាន ៖ ទី១ កាលពីវេលាម៉ោង២២ និង០០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គិភ័យបានកើតឡើងនៅតាមបណ្តោយផ្លូវលេខ៣៧១ ទល់មុខនឹងស្ថានីយបូមទឹកបឹងទំពុន ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងដែលសង់ឡើងពីថ្មប្រក់សង្ក័សី និងប្រកបអាជីវកម្មជួសជុលម៉ូតូខ្ទេចអស់ទាំងស្រុង ។
បន្ទាប់មកទៀតមិនបានប៉ុន្មាននាទីផងក៏កេីតមានករណីអគ្គិភ័យលេីកទី២ នៅវេលាម៉ោង២២ និង២០នាទីយប់ថ្ងៃខែឆ្នាំដដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតយ៉ាងសន្ធោសន្ធៅ ស្ថិតនៅក្បែរគល់ស្ពានព្រះមុនីវង្សថ្មី ក្នុងក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដោយបានបំផ្លាញលំនៅឋានពលរដ្ឋ០១ខ្នងដែលសង់ឡេីងពីថ្មក្រោមឈេីលេីខ្ទេចទាំងស្រុង ។

ហេតុការណ៍គ្រោះអគ្គិភ័យទាំង០២ករណីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បង្ការ និងសង្គ្រោះអគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប២៣គ្រឿង ដោយក្នុងនោះករណីទី១នៅខាងខណ្ឌដង្កោ ប្រើរថយន្តពន្លត់អគ្គិភ័យ០៥គ្រឿង និងករណីទី២នៅខណ្ឌច្បារអំពៅ ប្រើរថយន្តពន្លត់អគ្គិភ័យ១៨គ្រឿង ។

មូលហេតុនៃការឆាបឆេះផ្ទះប្រជាពលរដ្ឋទាំង០២ករណីនេះ សមត្ថកិច្ចជំនាញបានបញ្ជាក់ប្រាប់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនីដូចគ្នា ទើបបង្កជាអគ្គិភ័យយ៉ាងដូច្នេះ តែក្នុងករណីនេះមិនបង្កឱ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ ៕

អត្ថបទដែលជាប់ទាក់ទង