Banner KNP Detail Top

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការរំលឹកវិញ ឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេស ប្រធានគណៈកម្មការផ្សាររដ្ឋ ទាំង ២៥ នៅរាជធានីភ្នំពេញ ត្រូវពិនិត្យឡើងវិញ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការរំលឹកវិញ ឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេស ប្រធានគណៈកម្មការផ្សាររដ្ឋ ទាំង ២៥ នៅរាជធានីភ្នំពេញ ត្រូវពិនិត្យឡើងវិញ ជុំវិញការមិនយកលុយ ពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារនានា


ភ្នំពេញ៖ ការរំលឹកបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ខណៈលោកដឹកនាំកិច្ចប្រជុំ ស្តីពីការប្រើប្រាស់ទឹក-ភ្លើង ក្នុងផ្សាររដ្ឋ ក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋ ទាំង២៥ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការរំលឹកវិញ ឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេស ប្រធានគណៈកម្មការផ្សាររដ្ឋ ទាំង ២៥ នៅរាជធានីភ្នំពេញ ត្រូវពិនិត្យឡើងវិញ ជុំវិញការមិនយកលុយ ពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារនានា នៅក្នុងរាជរាជធានី ភ្នំពេញ ទៅតាមកំណត់ របស់រាជរដ្ឋាភិបាល។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ ពិសេស ប្រធានគណៈកម្មការផ្សារ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងគុណភាពបន្លែ ត្រីសាច់ ទាំងជីវភាពរស់នៅ របស់បងប្អូនអាជីវករ ទាំងអ្នកលក់ដូរតាមតូប និងអ្នកលក់ដូរ តាមកញ្ជ្រែងជាដើម ពោលគឺ នៅពេលពួកគាត់ មានបញ្ហាលំបាកអ្វីមួយ យើងត្រូវជួយ ពួកគាត់ ដោយមិនត្រូវទុកពួកគាត់ ណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ។
លោក ឃួង ស្រេង បានបន្ថែមថា ការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីផ្សារទាំងអស់ ដាច់ខាត មិនត្រូវប្រើអំពើហិង្សា ជាមួយបងប្អូន អាជីវករនោះទេ ប៉ុន្តែជុំវិញផ្សារ ត្រូវតែស្អាត និងមានសណ្ដាប់ធ្នាប់ល្អ។ កន្លងមក បងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ត្រូវបានយកចិត្ត ទុកដាក់ ដោយរាជរដ្ឋាភិបាល ហើយកន្លងមក យើងក៏ធ្លាប់បានប្រគល់អំណោយ ជូនពួក គាត់ ជារឿយៗថែមទៀតផង ។ គ្មានរឿងអីដែលយើងត្រូវជេរប្រមាថពួកគាត់នោះទេ តែត្រូវប្រើប្រាស់ពាក្យសំដី ឱ្យបានសមរម្យជាមួយពួកគាត់ ព្រោះពួកគាត់ ក៏ជាប្រជាពលរដ្ឋ របស់សម្តេចតេជោ ហ៊ុន សែន ដែរ។
លោកបានបញ្ជាក់ថា ការធ្វើអាជីវកម្មទឹក ភ្លើង នៅក្នុងទីផ្សារ ត្រូវពិនិត្យមើលឡើងវិញ ដាច់ខាតមិនអនុញ្ញាត ឲ្យមានការធ្វើអាជីវកម្ម លក់ទឹក ភ្លើង នៅក្នុងផ្សារ យកតម្លៃលើស ពីតម្លៃកំណត់ របស់រាជរដ្ឋាភិបាលនោះទេ។ ការងារនេះ ទាំងអាជ្ញាធរ ទាំងគណៈកម្មការ ផ្សារ ត្រូវពិនិត្យឱ្យបានម៉ត់ចត់ និងកែតម្រូវឡើងវិញ ដោយសារថា វាមិនទាន់ហួសពេល នោះទេ។
លោកបានបញ្ជាក់ទៀតថា នៅក្នុងផ្សារ ជុំវិញផ្សារ ត្រូវតែមានសណ្ដាប់ធ្នាប់ និងបរិស្ថាន ល្អ ការលក់ដូរ មិនត្រូវបានហាមឃាត់នោះទេ តែត្រូវតែស្អាត និងមានសណ្ដាប់ធ្នាប់ និងគ្មានអ្នកយកលុយគេ តែមិនត្រូវគ្មានអ្នកសម្អាតនោះទេ៕/

អត្ថបទដែលជាប់ទាក់ទង