Banner KNP Detail Top

សម្ដេចក្រឡាហោម ស ខេង ៖ កម្ពុជារួចចេញពីបញ្ជីប្រផេះ ពាក់ព័ន្ធអំពើលាងលុយ

សម្ដេចក្រឡាហោម ស ខេង ៖ កម្ពុជារួចចេញពីបញ្ជីប្រផេះ ពាក់ព័ន្ធអំពើលាងលុយ


(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ បានប្រកាសថា កម្ពុជា ត្រូវបានគេដកចេញពីបញ្ជីប្រផេះ ដែលពាក់ព័ន្ធអំពើលាងលុយកខ្វក់ ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា FATF មានមូលដ្ឋាននៅទីក្រុងប៉ារីស។
ក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) នឹងធ្វើការប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «អង្គការ FATF បានដកកម្ពុជាចេញពីបញ្ជីប្រផេះ ប៉ុន្ដែការប្រកាសជាផ្លូវការ តាមព័ត៌មានគេនឹងធ្វើនៅម៉ោង១៩ម៉ោងនៅកម្ពុជា ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ យើងរង់ចាំមើលទាំងអស់គ្នា»។
បើទោះបីទទួលបានលទ្ធផលល្អប្រសើរយ៉ាងនេះ តែសម្ដេចក្រឡាហោម ស ខេង បានក្រើនរំលឹកមិនឲ្យបណ្ដាស្ថាប័នពាក់ព័ន្ធភ្លេចខ្លួន ហើយបោះបង់ចោលកិច្ចប្រតិបត្តិការរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ ត្រូវតែខិតខំប្រឹងប្រែង ដើម្បីប្រមូលយន្ដការដែលមានការពាក់ព័ន្ធ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបន្ដការពារឲ្យបានដាច់ខាតដែលកម្ពុជាខិតខំប្រឹងប្រែងសម្រេចបាននេះ។
សូមជម្រាបថា នៅសប្តាហ៍ទី២ ខែមករា ឆ្នាំ២០២៣នេះ ប្រតិភូក្រុមការងារហិរញ្ញវត្ថុ FATF ដឹកនាំដោយលោកស្រី មី លីន វ៉ាង (Mei-Lin Wang) មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការដ្ឋានក្រុមការងារហិរញ្ញវត្ថុ FATF បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនោះ លោកស្រីក៏បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង