មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានរៀបចំ
មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានរៀបចំសន្និបាតបូកសរុបលទ្ធផល និងវាយតម្លៃការងារអប់រំឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅអនុវត្តបន្ត
មណ្ឌលគិរី៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានរៀបចំសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅឆ្នាំសិក្សា ២០២២-២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ទីរអង្កភាពពាក់ព័ន្ធ អភិបាលរងក្រុងសែនមនោរម្យ ប្រធានការិយាល័យអប់រំក្រុង/ស្រុកទាំង០៥ លោកគ្រូ អ្នកគ្រូ តំណាងអង្គការដៃគូ និងតាមប្រព័ន្ធZoom ប្រមាណជា ៣០០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានឳ្យដឹងថា ការរៀបចំសន្និបាតបូកសរុបការងារនាពេលនេះ គឺជាការប្រមូលផ្ដុំគ្រប់ជំនាញ គ្រប់ផ្នែក ដើម្បីរួមចំណែក ក្នុងការផ្ដល់យោបល់ និងពិភាក្សាដើម្បីរកឲ្យឃើញក្នុងការអភិវឌ្ឍន៍វិស័យអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី ឲ្យមានការរីកចម្រើន។ លោកស្រី ក៏បានកោតសរសើរដោយស្មោះចំពោះមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ ព្រមទាំង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនអស់រយៈពេល ១ឆ្នាំសិក្សាកន្លងមក ទៅតាមតួនាទី និងមុខងាររៀងៗខ្លួនបានល្អប្រសើរ។ លោកស្រី ក៏បានណែនាំដល់អង្គសន្និបាតទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចូលរួមក្នុងការពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា រកឲ្យឃើញនៅចំណុចខ្វះខាត និងវិធានការដោះស្រាយសមស្របចំពោះឆ្នាំសិក្សាថ្មីនេះ ផ្អែកទៅដោយលើស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្ដល់អនុសាសន៍មួយចំនួន ដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ រួមមាន៖១. បន្តពង្រឹងប្រព័ន្ធអប់រំឲ្យមានភាពធនបុរេសកម្ម ឆ្លើយតបទៅ នឹងបរិការណ៍ជាតិ អន្តរជាតិ ដែលកំពុងមានការប្រែប្រួល។ ២. អភិវឌ្ឍន៍សមត្ថភាពប្រព័ន្ធអប់រំតាមរយៈធានាភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។ ៣. បន្តអភិវឌ្ឍន៍ការអប់រំឌីជីថលសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល ព្រមទាំងផ្សព្វផ្សាយការងារទាំងនេះឲ្យកាន់តែទូលំទូលាយ។ ៤. បន្តអនុវត្តឲ្យកាន់តែសកម្មលើការងារកាយរិទ្ធ និងយុវជន ដោយប្រកាន់ភ្ជាប់នៅទង្វើវិជ្ជមាន ក្នុងសង្គម តាមរយៈការបំផុសចលនាកូនល្អ សិស្សល្អ មិនល្អ និងពលរដ្ឋល្អ។ ៥. បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយបន្តអនុវត្តអភិក្រម ៣កុំ និង៣ការពារ ហើយចូលរួមទប់ស្កាត់ការឆ្លងជំងឺផ្សេងៗ នៅតាមគ្រឹះស្ថានសិក្សា។ និង៦. ជំរុញការលើកទឹកចិត្តដល់បុគ្គលិកអប់រំ ជាពិសេសគ្រូល្អ នាយកល្អ និងសាលារៀនល្អ។
លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឳ្យដឹងថា មន្ទីរបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យអប់រំយុវជន និងកីឡាតាមរយៈការប្រមូលកុមារអាយុ ៦ឆ្នាំ ឲ្យបានចូលរៀន កាត់បន្ថយអត្រាត្រួតថ្នាក់ អត្រាបោះបង់ការសិក្សាឈានទៅពង្រឹងគុណភាពអប់រំជាបណ្ដើរៗ ការកែលម្អការងារគ្រប់គ្រង ការងារអធិការកិច្ច ជាពិសេស ការងារពង្រាយគ្រូចេញថ្មី ទៅបម្រើការងារនៅសាលាដែលឆ្ងាយ ការកែលម្អការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រកដដោយលទ្ធផលវិជ្ជមាន ជាក់ស្ដែង ក្នុងឆ្នាំសិក្សាកន្លងទៅនេះ លទ្ធផលសិស្សប្រឡងជាប់ដល់ទៅ ៩១% និងមាននិទ្ទេស A ចំនួន ០៣នាក់ផងដែរ៕