Banner KNP Detail Top

អភិបាលរងខេត្តមណ្ឌលគិរី ជំរុញដល់មន្រ្តីបុគ្គលិកសុខាភិបាល ត្រូវយកចិត្តទុកដាក់លើ

អភិបាលរងខេត្តមណ្ឌលគិរី ជំរុញដល់មន្រ្តីបុគ្គលិកសុខាភិបាល ត្រូវយកចិត្តទុកដាក់លើសមត្ថភាពជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាសុខាភិបាល ឲ្យបានល្អប្រសើរ

ខេត្តមណ្ឌលគិរី ៖ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងក្នុងពិធីបិទសន្និបាទបូកសរុបលទ្ឋផលការងារសុខាភិបាលឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ កុម្ភៈ ២០២៣ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដោយមានអ្នកពាក់ព័ន្ឋ និងអង្គការគាំពារខាងសុខាភិបាលប្រមាណជា ១០០នាក់។
លោក ចាន់ រតនា អភិបាលរងខេត្ត មានប្រសាសន៍ថា មេឃុំ ចៅសង្កាត់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បុគ្គលិកមន្ត្រីរាជការសុខាភិបាល ដៃគូអភិវឌ្ឍន៍ ព្រមទាំង វិស័យសុខាភិបាលឯកជនទាំងអស់ ដែលបានចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ឋិផលវិស័យសុខាភិបាលឆ្នាំ ២០២២ ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ របស់មន្ទីរសុខាភិបាលនាពេលនេះ សូមមេត្តាបន្តយកចិត្តទុកដាក់ត្រួតពិនិត្យស្ថានភាពជាក់ស្ដែងក្នុងបរិយាកាស យោគយល់ សាមគ្គីភាព និងនាំមកនូវគំនិតថ្មី ទស្សនៈថ្មីដ៏សមស្របសម្រាប់អនាគត ដែលជាការផ្តួចផ្តើម និងសម្របសម្រួល សំដៅលើកកម្ពស់ សមត្ថភាព និងគុណភាពនៃប្រព័ន្ឋសុខាភិបាលទំនើប ធ្វើយ៉ាងណាឲ្យការអនុវត្តយុទ្ឋសាស្ត្រ និងកម្មវិធីសុខាភិបាលនៅគ្រប់មូលដ្ឋានទាំងអស់ ទទួលបានជោគជ័យខ្ពស់បំផុត។ លោក បញ្ជាក់ថា ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋ ពិសេស ប្រជាជនក្រីក្រនៅតំបន់ដាច់ស្រយាល ដោយសហការណ៍យ៉ាងជិតស្និតជាមួយក្រុមទ្រទ្រង់សុខភាពភូមិក្នុងការផ្ដល់ព័ត៌មាន ឲ្យគ្នាទៅវិញទៅមក ស្តីពីស្ថានភាពសុខភាពរបស់ ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់របស់ខ្លួន ។ ការជំរុញឲ្យមានតម្លាភាព និងអភិបាលកិច្ចល្អលើការគ្រប់គ្រង ផ្អែកលើគោលនយោបាយវិមជ្ឈការ ជាពិសេស សាមគ្គីភាពផ្ទៃក្នុង ថ្នាក់ដឹកនាំ បុគ្គលិកក្រោមឱវាទ ជាអាទិ៍ប្រធាន អនុប្រធានអង្គភាព មន្ទីរពេទ្យបង្អែក ក៏ដូចជាមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពទាំងអស់ ដែលចំណុះឲ្យមន្ទីរសុខាភិបាល ខេត្ត គឺជាស្នូលនៃវឌ្ឍនភាពវិស័យសុខាភិបាលក្នុងដែនដីរបស់ខ្លួន
លោកវេជ្ជបណ្ឌិត ប៊ុន សួ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការប្រយុទ្ធជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២២កន្លងទៅ ក្នុងការរីករាតត្បាតនៃជំងឺកូវីដ-១៩ មន្ទីរសុខាភិបាលខេត្ត និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បានចូលរួមយ៉ាងសកម្មដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺដ៏កាចសាហាវថ្មីមួយនេះ ដោយគោរពគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ លោកវេជ្ជបណ្ឌិត ប៊ុន សួ បញ្ជាក់ថា ការងារប្រមូលសំណាកអ្នកសង្ស័យ និងពលករដែលមកពីក្រៅប្រទេស និងក្នុងប្រទេសបានសរុបចំនួន ៣៧,៧៦៧នាក់ ក្នុងនោះស្រី ១៤,៥៨៧នាក់ ។ ការងារធ្វើចត្តាឡីស័កសរុបចំនួន ៧,២២៣នាក់ ក្នុងនោះស្រី ២,៧៩៦នាក់ ។ ករណីអ្នកកើតកូវីដ-១៩ ចំនួនសរុប ៣០០៦នាក់ ស្រី ១,៦៦០នាក់ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ សរុបចំនួន ២,៩៩៤នាក់ ស្រី១,៦៥០នាក់ អ្នកស្លាប់ដោយ សារ ជំងឺកូវីដ-១៩ សរុប ១២នាក់ ស្រី១០នាក់ និងការងារចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសទី១ ដល់ដូសទី៥ ទូទាំងខេត្តសរុបចំនួន ៩០,៧៩៧នាក់ ស្រី ៣៥,៨៩៩នាក់៕

អត្ថបទដែលជាប់ទាក់ទង